Saturday, April 27, 2024
Homeសន្ដិសុខសង្គមក្មេងស្រីធ្លាក់ជាប់ប្រឡោះជញ្ជាំង ជិត៤ម៉ោង ទើបសង្គ្រោះបាន

ក្មេងស្រីធ្លាក់ជាប់ប្រឡោះជញ្ជាំង ជិត៤ម៉ោង ទើបសង្គ្រោះបាន

ភ្នំពេញ ៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ បានធ្លាក់ពីលើផ្ទះ ចូលទៅក្នុងប្រឡោះជញ្ជាំងរបងផ្ទះ បណ្តាលឱ្យកៀបជាប់ អស់រយៈពេលជាច្រើនម៉ោង ត្រូវបានកម្លាំងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ៧១១ កងពលតូចលេខ៧០ ប្រើពេលវេលាជួយអន្តរាគមន៍សង្គ្រោះ អស់រយៈពេលជិត ៤ម៉ោង ទើបជួយក្មេងស្រីនោះចេញមកវិញបានដោយសុវត្ថិភាព។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង តាំងពីវេលាម៉ោងប្រមាណ ៦និង៣០នាទីព្រលប់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ២៦ ក្រុមទី៧ ភូមិ២ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ រហូតមកដល់វេលាម៉ោង ៩និង២៤នាទីយប់ ថ្ងៃដដែល ទើបក្មេងស្រីរងគ្រោះ ត្រូវបានជួយសង្គ្រោះយកចេញមកវិញ ដោយជោគជ័យ។

ក្មេងស្រីរងគ្រោះ មានឈ្មោះ សុខ នីតា អាយុ១៣ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ២៦ ក្រុមទី៧ ភូមិ២ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

តាមប្រភពស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនកើតហេតុ កូនស្រីរបស់គាត់បានរត់លេងនៅមុខសំយាបផ្ទះ ដោយរត់ទៅមកៗដូចសព្វដង ចំណែកគាត់ក៏មិនបានចាប់អារម្មណ៍អ្វីដែរ រួចក៏បានដើរទៅផ្ទះបាយ ដើម្បីរៀបចំដាំបាយធ្វើម្ហូប។ លុះមួយសន្ទុះក្រោយមក គាត់ឮសំឡេងកូនស្រីរបស់គាត់ស្រែកឱ្យជួយ ក៏រត់មកមើល តែមិនឃើញកូននៅលើផ្ទះ ស្រាប់តែពេលរកមើលចុះឡើង ប្រទះឃើញកូនស្រីរបស់គាត់ ធ្លាក់ចូលកៀបជាប់នឹងចន្លោះរបងផ្ទះ ។

ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បន្តថា ភ្លាមៗ គាត់បានស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយ តែប្រើពេលអស់ជាង១ម៉ោង នៅតែមិនអាចយកកូនស្រីរបស់គាត់ចេញមកវិញបាន ទើបប្រជាពលរដ្ឋ បានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីទាក់ទងទៅក្រុមសង្គ្រោះ អង្គភាព៧១១ ឱ្យចុះមកជួយជួយអន្តរាគមន៍តែម្តង។

ក្រោយធ្វើដំណើរមកដល់ ក្រុម៧១១ រួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់ នៅខណ្ឌទួលគោក បានបើកប្រតិបត្តិការខួងជញ្ជាំង និងប្រើវិធីសាស្ត្រសង្គ្រោះមួយចំនួន រហូតជួយទាញយកក្មេងស្រីមកវិញបានដោយជោគជ័យ នៅវេលាម៉ោង ៩និង២៤នាទីយប់ ថ្ងៃដដែល។ ប៉ុន្តែក្មេងស្រីរងគ្រោះមានសភាពអស់កម្លាំងយ៉ាងខ្លាំង និងបាក់ជើងខាងស្តាំ រងការឈឺចុកចាប់លើរាងកាយដែលខ្លួននាងនៅជាប់ក្នុងប្រឡោះជញ្ជាំងផ្ទះ ដោយមិនអាចកម្រើកខ្លួនបានទាល់តែសោះ ទើបក្រុមសង្គ្រោះប្រញាប់ដឹកបញ្ជូនក្មេងស្រីរងគ្រោះ ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសង្គ្រោះភ្លាមៗ។

ជុំវិញមូលហេតុដែលនាំឱ្យក្មេងស្រីធ្លាក់ចូលប្រឡោះជញ្ជាំងផ្ទះបែបនេះ នៅមិនទាន់ទទួលបានព័ត៌មានលម្អិតនៅឡើយ៕

RELATED ARTICLES