Monday, April 29, 2024
Homeព័ត៌មានអន្តរជាតិ យន្តហោះដឹកអ្នកដំណើរចិន COMAC C919 បង្ហាញវត្តមាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

 យន្តហោះដឹកអ្នកដំណើរចិន COMAC C919 បង្ហាញវត្តមាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ភ្នំពេញ ៖ យន្តហោះដឹកអ្នកដំណើរខ្នាតធំ COMAC C919 ដែលផលិតនៅប្រទេសចិន ដែលបានបង្ហាញក្នុងពិព័រណ៍យន្តហោះ នៅប្រទេសសិង្ហបុរី «Singapore Air Show 2024» កាលពីថ្ងៃទី២០-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយត្រូវបានក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines បញ្ជាទិញ ចំនួន ៤០គ្រឿងនោះ បានបង្ហាញវត្តមាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូង នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ។

ក្រុមហ៊ុន COMAC  ដែលជាក្រុមហ៊ុនយន្តហោះពាណិជ្ជកម្មរបស់ចិន បានផលិតយន្តហោះដឹកអ្នកដំណើរខ្នាតធំ ម៉ូដែល C919 ត្រូវបានដាក់បង្ហាញដល់ពិភពលោក និងក្រុមហ៊ុនបរទេស ជាលើកដំបូង នៅក្នុងកម្មវិធី «Singapore Airshow 2024» ដែលត្រូវបានចាត់ទុកជាពិព័រណ៍យន្តហោះដ៏ធំបំផុត នៅអាស៊ី។

កាលពីខែមុន យន្តហោះដឹកអ្នកដំណើរខ្នាតធំ COMAC C919 របស់ប្រទេសចិន បានចាកចេញពីប្រទេសចិនជាលើកដំបូង ហើយបានហោះហើរត្រង់ ទៅចុះចតនៅអាកាសយានដ្ឋាន ឆាងយី (Changi) ក្នុងប្រទេសសិង្ហបុរី ដោយចំណាយពេល ៦ម៉ោង ដើម្បីហោះហើរក្នុងកម្មវិធី «Singapore Air Show 2024» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈដែលយន្តហោះដឹកអ្នកដំណើរ C919 ត្រូវបានគេចាត់ទុកថា នឹងមកប្រកួតប្រជែងទីផ្សារយន្តហោះដឹកអ្នកដំណើរខ្នាតធំ ជាមួយយន្តហោះ A320 របស់ក្រុមហ៊ុន Airbus និង 737 Max របស់ក្រុមហ៊ុន Boeing នៅសហរដ្ឋអាមេរិក។

តាមប្រភពព័ត៌មានបរទេស ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines របស់ប្រទេសចិន បានបញ្ជាក់ថា ខ្លួនបានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ C919 ចំនួន ៤០គ្រឿង បន្ទាប់ពីបានបង្ហាញនៅកម្មវិធីពិព័រណ៍យន្ត ហោះ នៅប្រទេសសិង្ហបុរី  ។

គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរ C919 វាមានសមត្ថភាពផ្ទុកអ្នកដំណើរ ១៩២នាក់ និងអាចហោះហើរបានចម្ងាយ ៣៥០០ម៉ៃល៍ ឬ៥៦៦៤គីឡូម៉ែត្រ។ យន្តហោះដឹកអ្នកដំណើរ C919 បានដំណើរការជើងហោះហើរពាណិជ្ជកម្មនៅក្នុងប្រទេសចិន ចាប់តាំងពីខែឧសភា ឆ្នាំ២០២៣ ៕

RELATED ARTICLES