ណាសវីល (អាមេរិក) ៖ គ្រួសារជនជាតិកាណាដាមួយ ដែលមានគ្នា ៥នាក់ បានស្លាប់ក្នុងការធ្លាក់យន្តហោះ ដ៏រន្ធត់ នៅទីក្រុងណាសវីល (Nashville) រដ្ឋថេននេស៊ី (Tennessee) សហរដ្ឋអាមេរិក ។
តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍ថា មិត្តភក្តិរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះទាំង ៥នាក់ គឺជាគ្រួសារតែមួយ ក្នុងនោះរួមមាន ១- លោក វិចទ័រ ដូតសេនកូ (Victor Dotsenko) និងប្រពន្ធរបស់គាត់ ឈ្មោះ រីមម៉ា (Rimma) រួមជាមួយកូនបីនាក់ របស់ពួកគេ (ស្រី១) គឺ អេមម៉ា (Emma), អាដាម (Adam) និង ដេវីដ (David) បានស្លាប់កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅក្នុងការធ្លាក់យន្តហោះ។ចំពោះមូលហេតុនៃការធ្លាក់យន្តហោះនេះ មិនទាន់ដឹងនៅឡើយទេ ដោយសមត្ថកិច្ចជំនាញកំពុងធ្វើការស៊ើបអង្កេត។តាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក វិចទ័រ ដូតសេនកូ (Victor Dotsenko) បានបើកយន្តហោះឯកជន ម៉ាស៊ីនតែមួយ របស់គាត់ ហោះហើរពីលើអាកាសយានដ្ឋាន ចន ស៊ីធូន (John C. Thune) រួចបានបត់ត្រឡប់ក្រោយ ស្រាប់តែបានធ្លាក់ និងផ្ទុះឆេះតែម្តង បណ្តាលឲ្យគាត់និងភរិយា រួមទាំងកូន ៣នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ។

មន្ត្រីក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ លោកអារ៉ុន ម៉ែកខារធឺរ (Aaron McCarter) បាននិយាយថា លោក វិចទ័រ ដូតសេនកូ បានហោះហើរយ៉ាងអាថ៌កំបាំង លើអាកាសយានដ្ឋាន John C. Thune មុនពេលដែលគាត់បានបត់ត្រឡប់ក្រោយ ហើយធ្លាក់នៅម៉ោងប្រហែល ៨យប់ ហើយអ្នកស៊ើបអង្កេត មិនដឹងពីមូលហេតុនោះទេ។

អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិ ណាសវីល (Nashville) លោក ស្តេសេយ៍ និកខេនស៍ (Stacey Nickens) បាននិយាយថា យន្តហោះ C-FBWH (យន្តហោះរងគ្រោះ) បានចាកចេញពី ព្រលាន ម៉ោនថ៍ ស្ទើរលីង (Mount Sterling) រដ្ឋខេនតាក់គី (Kentucky) នៅម៉ោងប្រហែល 7:19 យប់ ហើយត្រូវបានកំណត់ឱ្យទៅដល់ព្រលានយន្តហោះ John C. Tune នៅទីក្រុងណាសវីល ( Nashville) ប្រហែលម៉ោង 7:43យប់។បន្ទាប់ពីឧបទ្ទវហេតុដ៏សោកនាដកម្មនេះ អភិបាលក្រុងណាសវីល លោក ហ្វ្រេដឌី អូខូណែល (Freddie O’Connell) បានគោរពដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ទាំង៥នាក់ ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់នេះ។

លោក ស្ទីវ ផេលឡេគ្រីនី (Steve Pellegrini) អភិបាលក្រុងឃីងថោនស៊ីប (King Township) របស់ប្រទេសកាណាដា ក៏បានធ្វើការប្រកាសចូលរួមរំលែកទុក្ខចំពោះការបាត់បង់មនុស្ស ១គ្រួសារនេះផងដែរ។

លោកលោក ស្ទីវ ផេលឡេគ្រីនី បាននិយាយថា “តាងនាមឱ្យឃីងថោនស៊ីប ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់យើង ចំពោះក្រុមគ្រួសារនិងមិត្តភក្តិនៃគ្រួសារលោកដូតសេនកូ ពីសហគមន៍របស់យើង ដែលបានបាត់បង់ជីវិតយ៉ាងសោកសៅ ក្នុងការធ្លាក់យន្តហោះខ្នាតតូច នៅណាសវីល រដ្ឋថេននេស៊ី ។ នេះជាការបាត់បង់ដ៏គួរឱ្យសោកស្ដាយបំផុត” ៕