Monday, April 29, 2024
Homeព័ត៌មានជាតិក្រសួងបរិស្ថាន បំភ្លឺពីបញ្ហាគ្រប់គ្រងសំណល់រឹងប្រកបដោយគ្រោះថ្នាក់

ក្រសួងបរិស្ថាន បំភ្លឺពីបញ្ហាគ្រប់គ្រងសំណល់រឹងប្រកបដោយគ្រោះថ្នាក់

 ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺជុំវិញការផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួន ដែលមិនច្បាស់លាស់ រិះគន់ចំណាត់ការរបស់ក្រសួងបរិស្ថាន ជុំវិញបញ្ហាការគ្រប់គ្រងសំណល់រឹងប្រកបដោយគ្រោះថ្នាក់ ឬហៅថាសំណល់រឹងឧស្សាហកម្ម។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា « ក្រសួងបរិស្ថាន សូមធ្វើការប្រកាសព័ត៌មានជូនសាធារណជនទាំងអស់ ជ្រាបថា ថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានបង្ហោះផ្សាយព័ត៌មានមិនច្បាស់លាស់ រិះគន់ចំណាត់ការរបស់ក្រសួងបរិស្ថាន ជុំវិញបញ្ហាគ្រប់គ្រងសំណល់រឹងប្រកបដោយគ្រោះថ្នាក់ ឬហៅថា «សំណល់រឹងឧស្សាហកម្ម» របស់ក្រុមហ៊ុន លីន វេនជី សាន់បូ អេនធើប្រាយ (រោងចក្រសាន់បូ) និងអំពីបញ្ហាប៉ះពាល់បរិស្ថាន ដែលកើតចេញពីសកម្មភាពនៃការប្រមូល ដឹកជញ្ជូន និងទុកដាក់សំណល់រឹងឧស្សាហកម្ម របស់ក្រុមហ៊ុនសារុំ ត្រេឌីង ឯ.ក។

ការផ្សាយព័ត៌មានខាងលើនេះ ក្រសួងបរិស្ថាន សូមបញ្ជាក់ជូនថា ពាក់ព័ន្ធនឹងបញ្ហាគ្រប់គ្រង សំណល់រឹងឧស្សាហកម្មរបស់រោងចក្រ សាន់បូ ក្រសួងបរិស្ថាន មានចំណាត់ការជាបន្តបន្ទាប់ ក្នុងនោះ មន្ទីរបរិស្ថានខេត្តកណ្តាល បានចុះធ្វើការត្រួតពិនិត្យនៅទីតាំងជាក់ស្តែង និងបាន ចាត់វិធានការរដ្ឋបាលភ្លាមៗ ដោយបង្គាប់ឱ្យរោងចក្រសាន់បូ បញ្ឈប់សកម្មភាពល្មើសជាបន្ទាន់ រួមនិងពិន័យអន្តរការណ៍ ជាប្រាក់បន្ថែមទៀតផង ហើយរោងចក្រសាន់បូ ក៏បានយល់ព្រមបង់ប្រាក់ពិន័យអន្តរការណ៍នេះ ទៅតាមការកំណត់ផងដែរ។

ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន បាននិងកំពុងបន្តនីតិវិធីត្រួតពិនិត្យ និងតាមដានលើការអនុវត្ត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំណល់រឹងឧស្សាហកម្ម នៅទីលានរបស់ក្រុមហ៊ុនសារុំ ត្រេឌីង ឯ.ក។

ក្នុងករណីពិនិត្យឃើញថា ក្រុមហ៊ុន សារុំ ត្រេឌីង ឯក ធ្វើសកម្មភាពប្រព្រឹត្តផ្ទុយនឹងគោលការណ៍បច្ចេកទេស និងបទប្បញ្ញត្តិដូចមានចែងក្នុងអនុក្រឹត្យលេខ៣៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩៩ ស្តីពីការគ្រប់គ្រងសំណល់រឹង ឬមិនអនុលោមនឹងលិខិតអនុញ្ញាតឱ្យធ្វើ អាជីវកម្ម នោះក្រសួង នឹងចាត់វិធានការច្បាប់ភ្លាមៗ។

ការអនុវត្តវិធានការត្រួតពិនិត្យ និងតាមដាននេះ ក៏ត្រូវបានធ្វើដូចគ្នា ចំពោះរាល់សកម្មភាពទីតាំងដែលបញ្ចេញ ឬបង្កើតសំណល់រឹងឧស្សាហកម្ម និងគ្រប់បុគ្គល ឬម្ចាស់អាជីវកម្ម ឬផ្តល់សេវាកម្មលើការប្រមូល ដឹកញ្ជូន រួមនិងទីតាំងទុកដាក់សំណល់រឹងឧហ្សាហកម្ម ដោយគ្មានការអនុញ្ញាតពីក្រសួងបរិស្ថាន សំដៅទប់ស្កាត់និងកាត់បន្ថយនូវផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ។

តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ សូមសាធារណជន មេត្តាជ្រាប និងចូលរួមសហការផ្តល់ព័ត៌មានជាបន្ទាន់ មកក្រសួងបរិស្ថាន ក្នុងករណីមានការសង្ស័យអំពីសកម្មភាពរបស់បុគ្គល ឬម្ចាស់អាជីវកម្មណាមួយ ដែលអាចបង្កឱ្យមានបញ្ហាការបំពុលបរិស្ថាន ដើម្បីក្រសួងបរិស្ថាន អាចធ្វើការចាត់វិធានការបានទាន់ពេលវេលា ស្របតាមយុទ្ធសាស្ត្រចក្រាបរិស្ថាន និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧»៕

RELATED ARTICLES