Monday, April 29, 2024
Homeព័ត៌មានជាតិករណីលោកកឹម សុខា សហការីថា ដើម្បីសេរីភាព កុំញញើតនឹងតតាំង

ករណីលោកកឹម សុខា សហការីថា ដើម្បីសេរីភាព កុំញញើតនឹងតតាំង

ភ្នំពេញ ៖  អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលជាសហការីលោកកឹម សុខា អតីតមេបក្សប្រឆាំង បានលើកឡើងលើកទឹកចិត្តដល់លោកកឹម សុខា ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ឃុំពន្ធនាគារ ២៧ឆ្នាំ (ឃុំខ្លួនក្នុងផ្ទះ) ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” ហើយកំពុងប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ ដោយសាលាឧទ្ធរណ៍ បានបើកសវនាការ ចំនួន៤លើកមកហើយនោះថា កុំញញើតនឹងតតាំង ដើម្បីទាមទារយកសេរីភាពរបស់ខ្លួនមកវិញ ព្រោះអង្គហេតុ និងការចោទ គឺជាការច្នៃប្រឌិតអ្នកចោទ ។

លោកលិម គិមយ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងអតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៧ ខែមីនា​ ឆ្នាំ២០២៤ ថា “ដើម្បីការឲ្យមានប្រសិទ្ធភាពពីករណីយកការចោទប្រកាន់ មិនមែនចាំតែឆ្លើយនឹងសំណួរពីក្រុមអ្នកចោទ និងក្រុមអ្នកគប់គិតនឹងអ្នកចោទទេ ។ យើងត្រូវការតែរកវិធីតវ៉ា បង្ហាញថាការចោទប្រកាន់ខ្លះ វាមិនពិត ដោយប្រឌិតគ្រប់បែបយ៉ាង ។ បើមិនយ៉ាងដូច្នេះទេ គេអាចសន្មតថា ការចោទប្រកាន់នេះ ជាការពិតត្រឹមត្រូវ ហើយគេនឹងយកការចោទប្រកាន់នេះ ជាមូលដ្ឋានដើម្បីផ្ដន្ទាទោស ។ ពិតមែនហើយ ករណីលោកកឹម សុខា ជារឿងនយោបាយ ដែលពួកដឹកនាំគណបក្សប្រជាជន ប្រើកម្លាំង និងអំណាច ចោទនិងចាប់ដាក់គុក ដោយយកលេសផ្សេងទៅវិញ ដោយអៀនខ្មាសអ្វីទេ ។ ហេតុនេះ ដើម្បីសេរីភាពរបស់លោកកឹម សុខា ដែលជារឿងត្រឹមត្រូវ ត្រូវតែកុំញញើតនឹងតតាំង ដោយសំអាងលើអង្គហេតុពិត និងពីការប្រឌិតកែច្នៃរបស់ពួកអ្នកចោទនេះ» ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកលិម គិមយ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ថា ក្នុងការតតាំងនៅតុលាការ លោកកឹម សុខា និងសហមេធាវី កុំញញើតនឹងនិយាយ កុំញញើតនឹងរកភ័ស្តុតាងពិត កុំញញើតនឹងឆ្លើយតបទៅនឹងចៅក្រម ព្រះរាជអាជ្ញា និងមេធាវីអ្នកចោទ ពីរឿងការពិត ដែលគេប្រឌិត គឺត្រូវតែនិយាយឲ្យច្បាស់ និយាយតែពីរឿងការពិត ហើយកុំសុំទោសគេឲ្យសោះ និងកុំសន្និដ្ឋានថា រឿងនេះជារឿងនយោបាយ ត្រូវដោះស្រាយទៅតាមនយោបាយ  ព្រោះថ្វីត្បិតជារឿងនយោបាយពិតប្រាកដមែន ប៉ុន្តែនៅតុលាការ គេអត់ចង់ស្ដាប់រឿងនេះទេ ។

លោកលិម គិមយ៉ា បានមានប្រសាសន៍ថា “យើងឃើញថា សព្វថ្ងៃនេះ រឿងលោកកឹម សុខា បានឡើងទៅដល់សាលាឧទ្ធរណ៍ ហើយខ្ញុំអត់បានចូលរួមស្ដាប់ក្នុងសវនាការនោះទេ ក៏ប៉ុន្តែខ្ញុំចាប់អារម្មណ៍ឃើញចៅក្រម សួរដដែលៗ ដូចតែរឿងនៅសាលាដំបូង ហើយលោកកឹម សុខា ក៏បានរំលឹកដែររឿងអស់នេះ បានសួរនៅសាលាដំបូង ហើយលោកបានឆ្លើយអស់ពីការសួរនេះ នៅសាលាដំបូងទៅហើយ ប៉ុន្តែខ្ញុំដូចជាមិនឃើញលោកកឹម សុខា ឬមួយមេធាវី លើកពីបញ្ហាករណីដែលរដ្ឋាភិបាល ដឹកនាំដោយលោកហ៊ុន សែន ហ្នឹង ចោទលោកកឹម សុខា ដោយប្រើភ័ស្តុតាងក្លែងក្លាយ ។ យើងត្រូវបញ្ជាក់ឲ្យច្បាស់ត្រង់កន្លែងនេះ ថានេះជាចំណុចខ្លាំងមួយរបស់ជនជាប់ចោទ លោកកឹម សុខា ដែលរដ្ឋាភិបាល ចោទលោកកឹម សុខា ប្រើបណ្ដាញសង្គមហ្វេសប៊ុក ក្លែងក្លាយ អនាមិក ហើយប្រើភ័ស្តុតាងហ្នឹងក្លែងក្លាយ យកមកចោទលោកកឹម សុខា ហើយហ្វេសប៊ុកអនាមិកនេះ ក្រោយពីរដ្ឋាភិបាល ចោទលោកកឹម សុខា ក៏បិទរលាយទៅបាត់ ហើយចៅក្រមសាលាដំបូង ព្រះរាជអាជ្ញាសាលាដំបូង អត់បានចោទសួរហេតុអ្វីបានជាគណនីហ្វេសប៊ុកនេះ បិទទៅវិញ? បានសេចក្ដីថា កន្លែងនេះ គឺមានគំនិតទុច្ចរិតពីអ្នកដែលចោទនេះ ដោយសារប្រើភ័ស្តុតាងក្លែងក្លាយ ។ ហេតុដូច្នេះជាចំណុចមួយដ៏សំខាន់បំផុត ដែលជនជាប់ចោទ ត្រូវតែប្រើយុទ្ធសាស្រ្តនេះ ត្រូវតែប្រើភាពពិតនេះ យកមកចោទសួរនៅសាលាឧទ្ធរណ៍ ហេតុអ្វីក៏រដ្ឋាភិបាលខ្មែរ ដែលចោទហ្នឹង ដឹកនាំដោយលោកហ៊ុន សែន ហ្នឹង យកភ័ស្តុតាងក្លែងក្លាយនេះមកប្រើ ហើយចៅក្រមសាលាដំបូង យកមកភ័ស្តុតាងក្លែងក្លាយនេះ ជាការពិតទៅវិញ? ត្រង់កន្លែងនេះ បើយើងផ្អែកទៅលើទស្សនៈច្បាប់ គឺខុសពេញទី គឺមិនស្របច្បាប់នោះទេ ។ ហេតុដូច្នេះយើងត្រូវតែរំលឹកការដែលគេប្រើភ័ស្តុតាងក្លែងក្លាយនេះ យកមកសាលាឧទ្ធរណ៍ បញ្ជាក់សាលាឧទ្ធរណ៍ ឲ្យសើរើរឿងនេះឡើងវិញ” ។

លោកលិម គិមយ៉ា បានមានប្រសាសន៍បន្តថា “ចំពោះអ្វីដែលខ្ញុំថា ដើម្បីការឲ្យមានប្រសិទ្ធភាពពីករណីយកការចោទប្រកាន់ មិនមែនចាំតែឆ្លើយនឹងសំណួរពីក្រុមអ្នកចោទនិងក្រុមអ្នកគប់គិតនឹងអ្នកចោទទេនោះ គឺខ្ញុំចង់បញ្ជាក់ថា ជាការធម្មតាទេ អ្នកដែលចោទ គេប្រុងតែរកកំហុសយើង គេប្រុងតែរកចំណុចខ្សោយយើង ។ ហេតុដូច្នេះបើយើងនៅតែឆ្លើយទៅតាមគេយកចំណុចខ្សោយយើង គឺយើងអត់មានអ្វីបង្ហាញភ័ស្តុតាងរបស់យើងពិតប្រាកដនោះទេ ។ ហេតុដូច្នេះយើងចៀសវាងបំផុតចូលក្នុងអន្ទាក់គេ ដែលគេរាយឲ្យយើងចូលក្នុងអន្ទាក់គេ ចំណុចខ្សោយរបស់យើង ហើយគេរាយអន្ទាក់ហ្នឹងទៅលើតែចំណោទសួរហ្នឹង ។ ហេតុដូច្នេះអ្នកដែលជាប់ចោទ ត្រូវតែរកវិធី មធ្យោបាយយ៉ាងម៉េច ដោះចំណងរបស់គេ ដែលគេចងមកលើយើង ។ ហេតុដូច្នេះយើងកុំញញើតនឹងឆ្លើយតតាំងនឹងគេ ព្រោះនៅតុលាការ យើងមានសេរីភាពក្នុងការតតាំងនឹងគេ គង់តែគេសម្លុតយើង ឬក៏នៅសាលាដំបូង មានដូចជាព្រះរាជអាជ្ញា សម្លុតទៅលើមេធាវី កំញើញមេធាវីលោកកឹម សុខា ជាដើម ។ ហេតុដូច្នេះយើងកុំញញើតក្នុងការតតាំងរកសិទ្ធិសេរីភាពនេះ ជាសិទ្ធិរបស់យើងទាំងអស់គ្នា ។ ពោលគឺតតាំងក្នុងក្រសួងតុលាការហ្នឹង កុំញញើតនឹងនិយាយ កុំញញើតនឹងរកភ័ស្តុតាងពិត កុំញញើតនឹងឆ្លើយតបទៅនឹងចៅក្រមក្ដី ឆ្លើយទៅនឹងព្រះរាជអាជ្ញាក្ដី ឆ្លើយតបទៅនឹងមេធាវីអ្នកចោទក្ដី ពីរឿងការពិតដែលគេប្រឌិតរឿងអស់នេះ ។ យើងត្រូវតែនិយាយឲ្យច្បាស់ និយាយតែពីរឿងការពិត យើងកុំសុំទោសគេឲ្យសោះ យើងកុំសន្និដ្ឋានថា រឿងនេះជារឿងនយោបាយ យើងដោះស្រាយទៅតាមនយោបាយ ។ រឿងហ្នឹងពិតប្រាកដមែនជារឿងនយោបាយ ប៉ុន្តែទៅតុលាការ គេអត់ចង់ស្ដាប់រឿងនេះទេ ។ យើងនៅតុលាការ គឺនិយាយតែពីរឿងពិត ដែលយើងត្រូវរករឿងពិត មកបញ្ជាក់មតិមហាជន ប្រាប់ទៅសវនាការ ដើម្បីនឹងដោះស្រាយបញ្ហាលោកកឹម សុខា ។ បើយើងអង្វរគេថា ឥឡូវនេះជារឿងនយោបាយ រឿងត្រូវដោះស្រាយរឿងនយោបាយ នេះជារឿងពិតមែន ប៉ុន្តែតុលាការ គេអត់សម្អាងទៅលើហ្នឹងទេ ។ តុលាការ គេសម្អាងទៅលើការពិត ម្ល៉ោះហើយយើងត្រូវលើកការពិតមកនិយាយ ការដែលរដ្ឋាភិបាលដែលដឹកនាំដោយលោកហ៊ុន សែន ប្រើឯកសារក្លែងក្លាយយកមកចោទនេះ ជាការខុសបំផុត គឺការប្រឌិត គឺជាការខុសច្បាប់បំផុត ។ បើតាមធម្មតា អ្នកដែលប្រើឯកសារក្លែងក្លាយ ត្រូវមានទោសទៅវិញនោះទេ“ ។

លោកលិម គិមយ៉ា បានមានប្រសាសន៍បន្តទៀតថា “យុទ្ធសាស្រ្តយើងមិនឆ្លើយ មិនអីហ្នឹង គឺមិនត្រឹមត្រូវទេ យើងត្រូវឆ្លើយ ប៉ុន្តែឆ្លើយទៅតាមដែលយើងចង់បង្ហាញការពិតរបស់យើង យើងមិនមែនឆ្លើយទៅតាមដែលគេសួរដដែលៗ ហើយគេសួរដើម្បីឲ្យយើងចូលអន្ទាក់គេ ជាប់ចោទរបស់គេ ។ ម្ល៉ោះហើយការដែលយើងឆ្លើយ គឺយើងត្រូវវិធីយ៉ាងម៉េចឆ្លើយតបទៅគេវិញ ក្នុងការដែលយើងការពារសិទ្ធិរបស់យើង សម្អាងទៅលើការពិតប្រាកដ ។ ក្នុងន័យនេះ លោកកឹម សុខា គាត់មានភាពក្លាហានក្នុងការតតាំង ប៉ុន្តែយើងត្រូវចំណុចការដែលក្លាហាននេះមួយ ការដែលរកចំណុចមួយដើម្បីការពារខ្លួនហ្នឹង យកយុទ្ធសាស្រ្តដើម្បីការពារខ្លួនជារឿងមួយទៀត ។ ហេតុដូច្នេះសូមឲ្យសហមេធាវីលោកកឹម សុខា គិតពិចារណាពីរឿងយុទ្ធសាស្រ្តនេះ ដើម្បីតតាំងជាមួយគេ ក្លាហានជារឿងមួយ ប៉ុន្តែយើងរកយុទ្ធសាស្រ្តឲ្យត្រូវ ជារឿងមួយទៀត ។ យុទ្ធសាស្រ្តត្រូវហ្នឹង តាមខ្ញុំយល់ គឺបង្ហាញការពិតដែលយើងមាន ដែលយើងសំអាងទៅលើការពិត យើងកុំញញើតនឹងការបង្ហាញការពិត ដោយខ្លាចគេថា បើយើងបង្ហាញការពិត គេនឹងដាក់ទោសកាន់តែធ្ងន់ បើយើងបង្ហាញការពិត គេនឹងធ្វើបាបយើង ។ គង់តែយើងសម្រួលជាមួយគេ ក៏គេធ្វើបាបយើងដែរ ។ ហេតុដូច្នេះ យើងកុំញញើតនឹងបង្ហាញការពិត គង់តែគេធ្វើបាបយើងដដែលជាដដែល ។ ត្រង់កន្លែងនេះ ជារឿងសំខាន់ដែលយើងពិចារណា បើយើងនិយាយការពិត យើងខ្លាចគេដាក់ទោសកាន់តែធ្ងន់ជាងសព្វថ្ងៃនេះ យើងកុំសង្ឃឹមឲ្យសោះ ពួកផ្ដាច់ការ គេមានបំណងគេ គេធ្វើបាបយើង ។ ហេតុដូច្នេះយើងនិយាយការពិត ដើម្បីឲ្យមតិទាំងអស់យល់ថា ពួកដែលផ្ដាច់ការនេះ គឺរំលោភយើងច្បាស់ណាស់ គឺគេប្រឌិតយកមកចោទយើង ចាប់យើងចងចំណងរបស់គេ ។ បើយើងមិនហ៊ាននិយាយ ដូចជាយើងអនុញ្ញាតឲ្យគេរំលោភលើយើង ។ បើយើងនិយាយការពិត យើងមិនអនុញ្ញាតឲ្យគេរំលោភទេ គង់តែគេរំលោភលើយើងក៏ដោយ“ ។

លោកលិម គិមយ៉ា បានមានប្រសាសន៍បន្ថែមថា “សម្រាប់សវនាការសាលាឧទ្ធរណ៍លើកទី៤ ខ្ញុំមិនចូលរួម ខ្ញុំមិនបានតាមដានអីច្បាស់លាស់ ក៏ប៉ុន្តែយើងត្រូវតែធ្វើម៉េចយើងឆ្លៀតឱកាសណាមួយ យើងបង្ហាញការពិត ការប្រឌិតរបស់អ្នកចោទរបស់យើងឲ្យបាន នៅពេលសវនាការរៀងរាល់ដង ។ ហេតុដូច្នេះខ្ញុំសង្ឃឹមថា សហមេធាវីលោកកឹម សុខា មានគំនិតឈ្លាសវៃ ដើម្បីនឹងឆ្លៀតឱកាសបញ្ជាក់ថា អ្នកចោទហ្នឹង គឺជាជនទុច្ចរិត ប្រើភ័ស្តុតាងក្លែងក្លាយ ។ ជារួម ដើម្បីសេរីភាពដល់លោកកឹម សុខា ដើម្បីសេរីភាពប្រជាពលរដ្ឋទាំងអស់ កុំញញើតក្នុងការតតាំងនឹងពួកផ្ដាច់ការ ។ បើយើងញញើត យើងមិនហ៊ានតតាំងជាមួយពួកផ្ដាច់ការទេ គេយល់ថា យើងចុះចាញ់គេ គេអាចធ្វើអ្វីបានស្រេចនឹងចិត្ត ។ ហេតុដូច្នេះខ្ញុំសុំអំពាវនាវទាំងអស់ មិនមែនត្រឹមតែលោកកឹម សុខា សហមេធាវីលោកកឹម សុខា ទេ ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅសព្វថ្ងៃនេះ ដើម្បីបានសិទ្ធិសេរីភាពទៅអនាគត កុំញញើតនឹងនិយាយ កុំញញើតនឹងតតាំងនឹងគេ យើងធ្វើយ៉ាងម៉េចយើងត្រូវរកការពិត យើងនិយាយការពិតតែប៉ុណ្ណោះ“ ។

គួរបញ្ជាក់ថា សាលាឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០២៤ បានបន្តបើកសវនាការលើបណ្តឹងសាទុក្ខរបស់អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ លោកកឹម សុខា ដែលត្រូវបានសាលាដំបូងផ្តន្ទាទោសដាក់ពន្ធនាគារ ២៧ឆ្នាំ ពីបទក្បត់ជាតិ «សន្ទិដ្ឋភាពជាមួយបរទេស» ហើយត្រូវដាក់ឃុំខ្លួនក្នុងផ្ទះ រយៈពេល ២៧ឆ្នាំ ព្រមទាំងដកសិទ្ធិគ្រប់យ៉ាង កាលពីឆ្នាំ២០២៣ ។

បើតាមមន្ត្រីសិទ្ធិមនុស្ស និងសហមេធាវីការពារក្តីលោក កឹម សុខា បានឲ្យដឹងថា នៅក្នុងសវនាការលើកទី៤ នៅសាលាឧទ្ធរណ៍ភ្នំពេញ លោកកឹម សុខា ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះចោទសួរសាជាថ្មីទៀត អំពីការធ្វើបាតុកម្មនៅលើទីលានប្រជាធិបតេយ្យចាស់ តំបន់ផ្លូវវេងស្រេង និងនៅខេត្តកំពង់ចាម ដែលបានកើតឡើងក្រោយការបោះឆ្នោតជាតិ ឆ្នាំ ២០១៣ ។

សហមេធាវីការពារក្តីលោក កឹម សុខា បញ្ជាក់ថា មានការសួរលាយឡំមកលើកូនក្តីខ្លួន ជុំវិញការធ្វើបាតុកម្ម នៅក្រោយការបោះឆ្នោតជាតិ ឆ្នាំ២០១៣ ក៏ដូចជាការសួរដេញដោលខុសនីតិវិធី ។ ប៉ុន្តែកូនក្តីបានសុំមិនឆ្លើយចំពោះសំណួរភាគច្រើន ដែលលោកធ្លាប់ផ្តល់ចម្លើយរួចហើយ នៅចំពោះមុខក្រុមចៅក្រម នៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបាតុកម្មនោះ៕ កុលបុត្រ

RELATED ARTICLES