Thursday, December 5, 2024
Homeតារាបរទេសបេលឡា ប្រៀបដូចស្រមោលចន្ទក្នុងគង្គា

បេលឡា ប្រៀបដូចស្រមោលចន្ទក្នុងគង្គា

វត្ថុអ្វីដែលបានមកដោយងាយ រមែងគ្មានតម្លៃ ប្រៀបដូចស្ត្រីនឹងរឹតតែមានតម្លៃ ប្រសិនបើពិបាក ស្រវាឈោងចាប់។ បេលឡា មិនខុសពីស្រមោលចន្ទ ក្នុងគង្គា មើលឃើញនៅជិតបង្កើយ តែបែរជាស្រវាឈោងចាប់មិនបាន។ នាងមានមន្តស្នេហ៍លើសលប់ តាមរយៈដួងនេត្រាស្រទន់ ពណ៌ត្នោត ដែលជាមរតកផ្ទេរបន្តពីឪពុកជនជាតិអង់គ្លេស និងមានឥរិយាបថទន់ភ្លន់ ដែលទទួលបានពីម្តាយជនជាតិថៃ។

នាងចូលប្រឡូកក្នុងវិស័យសិល្បៈ ខណៈដែលនាងមានអាយុ២១ឆ្នាំទៅហើយ។ វាជាជំហានសិល្បៈ ដែលចាប់ផ្តើមថតយឺតយ៉ាវបន្តិច តែបែបលោតផ្លោះ ឈានលឿនជាងតារាមួយចំនួនទៅទៀត។ នាងចាប់ផ្តើមរឿងភាគដំបូង “ដានមារ” ដែលជាខ្សែរឿង ធ្វើឱ្យនាងរះត្រចះត្រចង់ក្នុងលំហសិល្បៈ។ ចាប់ពីនោះមក នាងក៏ផ្លោះឋានៈសម្តែងជាតារាឯករហូតមក។

ពេលនេះ នាងក្លាយជាតារាដែលទទួលបានការយកចិត្តទុកដាក់ជាងគេ នៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ។ សូម្បីតែសុមរ៉ាក់ ណៈរ៉ុង វិឆៃ ដែលជាអ្នកទទួលខុសត្រូវផ្នែកភាពយន្តភាគរបស់ស្ថានីយនេះ ក៏ទទួលស្គាល់ថា បេលឡា ជាតារាសម្តែងដ៏ពូកែ អាចសម្តែងបានច្រើនបុគ្គលិកលក្ខណៈទីទៃពីគ្នា និងបានទទួលពានរង្វាន់ពីវេទិកានានាជាច្រើន សម្រាប់បញ្ជាក់គុណភាព”។ ចាប់ពីឆ្នាំ២០១៣ រហូតមកទល់នឹងឆ្នាំនេះ គ្មានឆ្នាំណាមួយ ដែលនាងពុំទទួលបានពានរង្វាន់ពីការសម្តែងនោះឡើយ។ ពេលនេះ ពានរង្វាន់ស្ទើរតែចង្អៀតទូតាំងទៅហើយ។ មានពាក្យដំណាលថា Lucky in Game, Unlucky in love ឬមានសំណាងក្នុងការងាររកស៊ី រមែងអភ័ព្វក្នុងរឿងស្នេហា។ សម្រាប់បេលឡា នាងពិតជាមានសំណាងក្នុងការងារមែន ហើយក្នុងរឿងស្នេហា

ថ្វីបើពុំដល់ថ្នាក់ថាមានសំណាង តែក៏មិនចាត់ទុកថា អភ័ព្វដែរ។ ទោះជានាងពុំទាន់មានសង្សារពិតប្រាកដ តែទំនាក់ទំនងរវាងនាង និងកំលោះ វៀរ សុកុលវ៉ាត់ ក៏ប្រហាក់ប្រហែលនឹងពាក្យថា “សង្សារ” ជាទីបំផុតដែរ។ ញឹកញាប់ណាស់ ដែលមានដំណឹងថា ពួកនាងឃ្លាតចេញពីគ្នា តែនៅពេលចោទសួរ អ្នកទាំងពីរក៏ពុំមានកាយវិការដែលបង្ហាញពីសម្ព័ន្ធភាពរដាក់រដុបដែរ។ វាគ្រាន់តែជាចង្វាក់ពេលវេលានៃការឃ្លាតចេញ តែមិនដល់ថ្នាក់បែកបាក់។ ពេលខ្លះវាហាក់ដូចជានៅជិត តែពិបាកនឹងឈោងចាប់ គឺអ្នកទាំងពីរចង់ជួបគ្នាពេលណា មិនលំបាកឡើយ តែវាដូចជាមានឧបសគ្គសម្រាប់ការជួប។ សំណាងល្អដែលអ្នកទាំងពីរគ្មានបាតដៃទី៣ ចូលជ្រៀតជ្រែក។ វៀរ ជាបុរសចូលចិត្តភាពសាមញ្ញ ងាយស្រួល ហើយវាបានក្លាយជាមន្តស្នេហ៍ ឱ្យស្រីៗចោមរោម តែមិនបានសម្រេច។ ចំណែក បេលឡា ថ្វីបើមានព័ត៌មានខ្លះជាមួយកំលោះសង្ហា ចេមស៍ ប៉ុន្តែគ្រាន់តែជាការផ្គូរផ្គងសម្រាប់ជាល្បោយនៃពិភពសិល្បៈប៉ុណ្ណោះ។

បែបនេះហើយដែលធ្វើឱ្យ វៀរ និង បេលឡា ក្រោយពីមានដំណឹងសោះអង្គើយមួយរយៈ ក៏ចាប់ផ្តើមមានដំណឹងផ្អែមល្ហែមគ្នាឡើងវិញ ក្នុងលក្ខណៈផ្តើមស្នេហ៍ជាថ្មី។

ថ្មីៗនេះ មានដំណឹងថា បេលឡា ទទួលបានការពញ្ញាក់អារម្មណ៍ ហួសពីការនឹកស្មានដល់ ព្រោះសុខៗស្រាប់តែ វៀរ បង្ហាញខ្លួនឡើងក្នុងពេលនាង ទៅលេងសមុទ្រជាមួយមិត្តភក្តិ នៅផាថាយ៉ា។

បេលឡា រៀបរាប់ហេតុការណ៍ដ៏គួរឱ្យរំភើបនោះថា “ខ្ញុំអត់បានបបួលគាត់ទៅទេ ហើយសុខៗ ស្រាប់តែគាត់បង្ហាញខ្លួនឡើង”។

នៅពេលអ្នកកាសែតសួរថា នេះជាការរឹតចំណងសម្ព័ន្ធភាពឡើងវិញ បន្ទាប់ពីសោះអង្គើយ នឹងគ្នាមួយរយៈឬយ៉ាងណា? បេលឡា ក៏ឆ្លើយយ៉ាងប្រយ័ត្នប្រយែង ហាក់ដូចខ្លាចប៉ះពាល់ដល់ទឹកចិត្តប្រិយមិត្ត ដែលចង់ឱ្យនាងនៅទំនេរថា “អ្វីៗធម្មតាដូចដើម”។

ចំណែក វៀរ វិញ ទទួលស្គាល់ថា មានសេចក្តីសុខ ដែលមានឱកាសជួបគ្នាខ្លះបែបនេះ តែព្រលយពាក្យថា នឹងមិនអន្ទះសារៀបការពេកឡើយ។ ចុងក្រោយនេះ បេលឡា ប្រាប់ថា នាងនឹងមកជួបជុំប្រិយមិត្តអ្នកគាំទ្រនៅកម្ពុជា ហើយអំពាវនាវឱ្យប្រិយមិត្តខ្មែរ ទទួលរូបនាងទុកក្នុង ប្រអប់បេះដូងផង៕

RELATED ARTICLES