Monday, April 29, 2024
Homeព័ត៌មានអន្តរជាតិ ពីឡុត ២នាក់ ដេកលក់៣០នាទី ពេលបើកបរយន្តហោះដឹកអ្នកដំណើរ១៥៣នាក់

 ពីឡុត ២នាក់ ដេកលក់៣០នាទី ពេលបើកបរយន្តហោះដឹកអ្នកដំណើរ១៥៣នាក់

ទេសឥណ្ឌូនេស៊ី ៖ ពីឡុត ២នាក់ បានដេកលក់អស់រយៈពេលជិត ៣០នាទីនៅពេលកំពុងបើកបរយន្តហោះ Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍  បាទិក អ៊ែរ (Batik Air) ដែលមានអ្នកដំណើរចំនួន ១៥៣នាក់។តាមប្រភព The Guardian បានរាយការណ៍ថា អាជ្ញាធរឥណ្ឌូនេស៊ី បានចេញផ្សាយលទ្ធផលនៃការស៊ើប អង្កេតលើអ្នកបើកបរពីរនាក់ ដែលបានដេកលក់អស់រយៈពេលជិត ៣០នាទី នៅពេលកំពុងបើកបរយន្តហោះនោះ។

របាយការណ៍បឋមដោយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (KNKT) បាននិយាយថា ពីឡុត និងសហពីឡុត បានដេកលក់ប្រហែល ២៨នាទី នៅលើជើងហោះហើររបស់ក្រុមហ៊ុន Batik Air ខណៈកំពុងប្រតិបត្តិការជើង ហោះហើរ ពីខេត្តស៊ូឡាវេស៊ី (Sulawesi) ពីអាកាសយានដ្ឋាន ណាហ្គារ៉ា (Nagara) ទៅកាន់ហ្សាការតា (Jakarta) រដ្ឋធានីឥណ្ឌូណេស៊ី នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ។

ឧបទ្ទវហេតុនេះ បានបណ្តាលឱ្យមានកំហុសជាច្រើន ប៉ុន្តែអ្នកដំណើរចំនួន ១៥៣នាក់ និងអ្នកបម្រើលើយន្ត ហោះ (បាហុនិកា) នួន ៤នាក់នៃយន្តហោះ Airbus A320 នោះ មិនមានគ្រោះនោះទេ ក្នុងអំឡុងពេលហោះ ហើរដែលមានរយៈពេលប្រហែល ២ម៉ោង ៣៥នាទី។

អគ្គនាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលឥណ្ឌូនេស៊ី បាននិយាយថា ក្រសួងដឹកជញ្ជូន បានបន្ទោសក្រុមហ៊ុន Batik Air យ៉ាងធ្ងន់ចំពោះឧបទ្ទវហេតុនេះ ហើយបានអំពាវនាវដល់ក្រុមហ៊ុនអាកាសចរណ៍ យកចិត្តទុកដាក់បន្ថែមលើពេលវេលាសម្រាករបស់ពីឡុត (អ្នកបើកបរ) ដោយថានឹងធ្វើការស៊ើបអង្កេត និងពិនិត្យមើលប្រតិបត្តិការហោះហើរពេលយប់ នៅប្រទេសឥណ្ឌូនេស៊ី ទាក់ទងនឹងការគ្រប់គ្រងហានិភ័យ សម្រាប់ Batik Air និងក្រុមហ៊ុនអាកាសចរណ៍ទាំងអស់។

ក្រុមហ៊ុនអាកាសចរណ៍ Batik Air បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ ថា “ដំណើរការអាជីវកម្មជាមួយនឹងគោលការណ៍នៃការសម្រាកឱ្យបានគ្រប់គ្រាន់ និងប្តេជ្ញាអនុវត្តតាមអនុសាសន៍សុវត្ថិភាពទាំងអស់” ខណៈពេលដែលអ្នកបើកយន្តហោះដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នោះ ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន។

របាយការណ៍របស់ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ ឥណ្ឌូនេស៊ី ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ទីភ្នាក់ងារនេះ កាលពីចុងខែកុម្ភៈ បាននិយាយថា អ្នកបើកយន្តហោះម្នាក់មិនបានសម្រាកគ្រប់គ្រាន់ នៅយប់មុនពេលហោះហើររបស់គាត់។ ប្រហែល ៩០នាទី បន្ទាប់ពីការហោះឡើង កាពីទែន បានសុំការអនុញ្ញាតពីអ្នកបើកយន្តហោះម្នាក់ទៀត សម្រាកជាបណ្តោះអាសន្ន ដោយគាត់ងងុយដេកពេក ដូច្នេះសហអ្នកបើកបរយន្ត ហោះ ជាអ្នកគ្រប់គ្រងយន្តហោះ ប៉ុន្តែបន្ទាប់មក គាត់បានដេកលក់ដែរ ដោយអចេតនា។

របាយការណ៍ដដែល បញ្ជាក់ថា សហអ្នកបើកបរយន្តហោះ មានកូនភ្លោះអាយុ មួយខែ។ ប្រពន្ធគាត់ និងគាត់ បានជួយមើលថែកូន ពេលពួកគាត់នៅផ្ទះ ទើបមិនបានដេកគ្រប់គ្រាន់។

ប៉ុន្មាននាទីបន្ទាប់ពីសហអ្នកបើកបរបានកត់ត្រាសញ្ញាចុងក្រោយ ប៉មគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសក្នុងទីក្រុងហ្សាការតា បានព្យាយាមទាក់ទងយន្តហោះដែរ ប៉ុន្តែគ្មានការឆ្លើយតបណាមួយត្រូវបានទទួលទេ ហើយ ២៨នាទី បន្ទាប់ពីការបញ្ជូនចុងក្រោយ អ្នកបើកយន្តហោះបានភ្ញាក់ឡើង ដឹងថាសហអ្នកបើកបររបស់គាត់ កំពុងដេកលក់ ហើយយន្តហោះមិននៅលើផ្លូវហោះហើរត្រឹមត្រូវ។

របាយការណ៍ បន្ថែមថា គាត់បានដាស់សហអ្នកបើកយន្តហោះភ្លាមៗ ទទួលការហៅទូរស័ព្ទពីប៉មបញ្ជា និងផ្លូវហោះហើរត្រឹមត្រូវ។ ទោះបីជាយ៉ាងណាក៏ដោយ យន្តហោះនេះ អាចចុះចតដោយសុវត្ថិភាព ក្រោយកើតហេតុ។

អ្នកស៊ើបអង្កេត មិនបានបង្ហាញអត្តសញ្ញាណអ្នកបើកយន្តហោះនោះទេ ប៉ុន្តែបាននិយាយថា ពួកគេជាជនជាតិឥណ្ឌូនេស៊ី ហើយមានអាយុ ៣២ឆ្នាំនិង ២៨ឆ្នាំ។

ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ ឥណ្ឌូនេស៊ី បានអំពាវនាវឱ្យក្រុមហ៊ុនអាកាសចរណ៍ Batik Air ធ្វើការត្រួត ពិនិត្យកាប៊ីនយន្ដហោះ ជាប្រចាំ ហើយត្រូវប្រាកដថា អ្នកបើកយន្តហោះ ពីឡុតនិងសហការី បានសម្រាកគ្រប់គ្រាន់ មុនពេលចេញដំណើរហោះហើរ ឬបើកបរយន្ត ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

RELATED ARTICLES