ភ្នំពេញ៖ បុរសជាសន្តិសុខឯកជនម្នាក់ លែងលះប្រពន្ធបាន៣ខែ គាំងបេះដូងដេកស្លាប់ក្នុងបន្ទប់ជួលធ្វើឲ្យប្រពន្ធយំអោបសពប្រពន្ធរហូតសន្លប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា៨និង១០នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា នៅក្នុងបន្ទប់ផ្ទះជួលលេខ១០១ ក្រុមទី ១ ភូមិដំណាក់ធំផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជ័យ ។
សពជនរងគ្រោះមានឈ្មោះ សុខ សុភក្រ័ ភេទប្រុស អាយុ25ឆ្នាំ មុខរបរជាសន្តិសុខឯកជនឈ្មោះ ឆេងជេម(CJ S) ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិជីរោលើ ឃុំជីរោទី1 ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានប្រពន្ធឈ្មោះ កែវ ស្រីស្រស់ អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្បែរគ្នា មានស្រុកកំណើតនៅភូមិជាមួយគ្នា ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះបានរៀបការជាមួយប្រពន្ធរស់នៅជាមួយគ្នាបាន៥ខែ ការរស់នៅជាមួយគ្នាមិនចុះសម្រុងនឹងគ្នាក៏បានបែកគ្នារយៈពេល៣ខែមកហើយ ដោយចេញទៅនៅបន្ទប់ជួលផ្សេងគ្នា តែស្នាក់នៅជិតគ្នា ដោយជនរងគ្រោះទៅស្នាក់នៅបន្ទប់ជួលជាមួយមិត្តភក្កិ ។
បើតាមការរៀបរាប់ពីឈ្មោះ ហ៊ុន សុភាព ភេទប្រុស អាយុ២២ឆ្នាំ ជាសន្តិសុខឯកជន ត្រូវជាមិត្តភក្កិរបស់ជនរងគ្រោះ បានឲ្យដឹងថាជារៀងរាល់ថ្ងៃគាត់ធ្វើការវេនយប់ ចំណែក សុខ សុភក្រ្ត ធ្វើការពេលថ្ងៃ ។ នៅព្រឹកកើតហេតុពេលដែលគាត់ចេញពីធ្វើការវិញ មកដល់បន្ទប់ជួលឃើញទ្វារបន្ទប់ចាក់គន្លឹះពីខាងក្នុងហើយស្រែកហៅនិងទួរសព្ទ័ទៅជនរងគ្រោះមិនទទួល ក៏បានហៅអ្នកជិតខាងឲ្យមកជួយមើល និងនាំគ្នាគាស់ទ្វារចូលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យ ។
បន្ទាប់ពីសមត្ថកិច្ចជំនាញចុះមកដល់ធ្វើកោសល្យវិច្ឆ័យរួចបានសន្និដ្ឋានថាបុរសខាងលើពិតជាស្លាប់ដោយសារគាំងបេះដូងស្លាប់ពិតប្រាដកមែន ។ ដោយស្រ្តីជាប្រពន្ធដែលទើបនឹងលែងលះគ្នាពេលដែលដឹងថាប្តីស្លាប់បានចេញពីធ្វើការមកដល់យំអោបសពប្តីរហូត សន្លប់ ។ សពត្រូវបានសមត្ថកិច្ចបានប្រគល់ទៅអោយក្រុមគ្រួសារដើម្បីយកសពប្ដីទៅធ្វើបុណ្យតាមប្រពៃនៅឯស្រុកកំណើត ៕
ណន អ៊ាត