Sunday, April 28, 2024
Homeព័ត៌មានជាតិសមាគមឧកញ៉ា ស្នើផ្សាយព័ត៌មានឧកញ៉ាប្រព្រឹត្តខុស កុំរះឧកញ៉ាទូទៅ

សមាគមឧកញ៉ា ស្នើផ្សាយព័ត៌មានឧកញ៉ាប្រព្រឹត្តខុស កុំរះឧកញ៉ាទូទៅ

ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា ដែលមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន បានចេញសេចក្តីប្រកាសព័ត៌​មាន ស្តីពីការផ្សព្វផ្សាយថ្មីៗ តាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងឧកញ៉ា នៅកម្ពុជា ដោយបានស្នើឱ្យដល់បុគ្គល ឬអង្គភាពព័ត៌មាន ធ្វើការផ្សព្វផ្សាយដោយចំពោះបុគ្គលឧកញ៉ា ដែលប្រព្រឹត្តខុស កុំភ្ជាប់សាច់រឿងអាស្រូវទាំងនោះ ជាមួយនឹងគោរមងារឧកញ៉ាទូទៅ។

សេចក្តីប្រកាសព័ត៌មាន របស់សមាគមឧកញ៉ាកម្ពុជា ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា បានសង្កេតនិងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការផ្សព្វផ្សាយព័ត៌មានរបស់បុគ្គល ឬអង្គ​ភាពព័ត៌មានមួយចំនួន នៅតាមបណ្តាញទំនាក់ទំនងសង្គម ដូចជា ហ្វេសប៊ុក និងទិកតុក ជាដើម ពាក់ព័ន្ធនឹងរឿងរ៉ាវរបស់គោរមវន្ត ដែលមានងារជាឧកញ៉ា។ ក្រោយពីបានពិនិត្យទៅលើបរិបទ និងខ្លឹមសារទាំងនោះ សមា​គមឧកញ៉ាកម្ពុជា បានកត់សម្គាល់ឃើញថា ការផ្សព្វផ្សាយទាំងនោះ ហាក់មានភាពទូលំទូលាយពេក ដោយមិនផ្តោតចំពោះគោរមវន្តរូបណាមួយ ដែលនាំឱ្យមានការវាយប្រហារ ឬយល់ច្រឡំខុស និងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូ ព្រមទាំងកិត្តិយសគោរមវន្តផ្សេងទៀត ដែលមិនបានជាប់ពាក់ព័ន្ធនៅក្នុងរឿងរ៉ាវទាំងនោះទាល់តែសោះ។

សមាគមឧកញ៉ាកម្ពុជា សូមស្នើដល់បុគ្គលឬអង្គភាពព័ត៌មាន ធ្វើការផ្សព្វផ្សាយដោយចំពោះបុគ្គលដែលប្រព្រឹត្តខុស និងពុំគួរភ្ជាប់សាច់រឿងអាស្រូវទាំងនោះ ជាមួយនឹងគោរមងារឧកញ៉ាទូទៅឡើយ ពីព្រោះមានឧកញ៉ាច្រើនលើសលប់ គឺជាអ្នកដែលបានខិតខំថែរក្សាការពារសេចក្តីថ្លៃថ្នូរបស់គោរមវន្ត ចូលរួមជួយដល់កិច្ចការមនុស្ស​ធម៌ និងរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា យ៉ាងសស្រាក់សស្រាំ តាំងតែពីដើមរៀងមក។

សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅកម្ពុជា និងការពារផល​ប្រយោជន៍ស្របច្បាប់ និងកិត្តិយសរបស់ឧកញ៉ា ជាសមាជិក និងមានគោលបំណង ទស្សនវិស័យ និងបេសក​កម្មច្បាស់លាស់។

ទន្ទឹមនឹងនេះដែរ សមាគមឧកញ៉ាកម្ពុជា កំពុងសិក្សាពីលទ្ធភាពក្នុងការចាត់វិធានការផ្លូវច្បាប់លើបុគ្គលមួយ​ចំនួនដែលយកងារជាឧកញ៉ា ទៅប្រព្រឹត្តខុសច្បាប់ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គោរមវន្តឧកញ៉ាដទៃ។ ដូច្នេះសមាគមឧកញ៉ាកម្ពុជា សូមស្នើឱ្យម្ចាស់ គណនីទាំងនោះ ធ្វើការលុបចោលជាបន្ទាន់ នូវការចុះផ្សាយព័ត៌មាននោះ និងបញ្ឈប់ការចែករំលែកបន្តនូវព័ត៌មានទាំងនោះ។

សមាគមឧកញ៉ាកម្ពុជា សូមស្វាគមន៍និងលើកទឹកចិត្តរាល់ការចុះផ្សាយព័ត៌មានទាក់ទងនឹងគោរមវន្ត ប៉ុន្តែសូមធ្វើការចុះផ្សាយតែព័ត៌មានណាដែលពិតប្រាកដ ត្រឹមត្រូវ ដោយចំពោះ និងប្រកបដោយសុចរិតភាព ជាពិសេសត្រូវគោរពនិងប្រកាន់ខ្ជាប់នូវច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងសារព័ត៌មាន និងឯកជនភាពបុគ្គល ដោយមិនត្រូវយករឿងបុគ្គលម្នាក់ ទៅវាយតម្លៃធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នទាំងមូលឡើយ…៕

RELATED ARTICLES