ប្រទេសចិន ៖ ហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅលើយន្តហោះដឹកអ្នកដំណើរ របស់ចិន ពេលដែលអ្នកដំណើរម្នាក់ ជាក្មេងប្រុស អាយុ៧ឆ្នាំ បានដួលសន្លប់ភ្លាមៗនៅកណ្តាលអាកាស។ នាវិក និងអ្នកដំណើរម្នាក់ ដែលជាអតីតវេជ្ជបណ្ឌិត បានព្យាយាមផ្តល់ជំនួយដំបូង មុនពេលអ្នកបើកយន្តហោះ សម្រេចធ្វើការចុះចតជាបន្ទាន់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

គេហទំព័រព័ត៌មានចិន New China បានរាយការណ៍ថា គ្រោះថ្នាក់នេះបានកើតឡើង នៅពេលដែលយន្តហោះដឹកអ្នកដំណើរក្នុងស្រុក “Guangxi Beibu Gulf Airlines” ជើងហោះហើរ “GX8937” ត្រូវចុះចតជាបន្ទាន់ ក្រោយពីដឹងថា អ្នករួមដំណើរម្នាក់ ជាក្មេងប្រុស អាយុ ៧ឆ្នាំ មានជំងឺដួលសន្លប់។ បាហុនិកា បានជួយនិងផ្តល់ឧបករណ៍អុកស៊ីហ្សែនដល់ក្មេងប្រុសដែលសន្លប់មួយសន្ទុះ បបូរមាត់របស់កុមារមានពណ៌ស្វាយ។ នៅចំពោះមុខ អ្នកដំណើរម្នាក់ ជាអតីតវេជ្ជបណ្ឌិត បានជួយសង្គ្រោះបឋម។

របាយការណ៍ព័ត៌មាន បញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅលើយន្តហោះដឹកអ្នកដំណើរ មួយគ្រឿង ដែលធ្វើដំណើរចេញពីទីក្រុងហៃគូ ខេត្តហៃណាន ទៅកាន់ទីក្រុងហាន់តាន ខេត្តហឺប៉ី ប៉ុន្តែបន្ទាប់ពីទទួលបានជំនួយដំបូងនៅលើយន្តហោះបានមួយសន្ទុះ រោគសញ្ញាបានប្រសើរឡើង តែអ្នកបើកយន្តហោះ បានសម្រេចចិត្តសម្របសម្រួលជាមួយប៉មបញ្ជារបស់អាកាសយានដ្ឋានដែលនៅជិតបំផុត ដើម្បីធ្វើការចុះចតជាបន្ទាន់។ ពេលយន្តហោះចុះចតភ្លាម ក្រុមពេទ្យបានមករង់ចាំយកក្មេងនោះទៅព្យាបាលបឋម រហូតបានដឹងខ្លួនក្រោក ឡើង ហើយក្នុងស្ថានភាពមានសុវត្ថិភាព ទើបក្មេងប្រុស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ទន្ទឹមនឹងនេះ អ្នកដំ ណើរផ្សេងទៀត បានផ្លាស់ប្តូរយន្តហោះ រួចបន្តដំណើរទៅកាន់គោលដៅរបស់ពួកគេរៀងខ្លួន៕