Sunday, April 28, 2024
Homeព័ត៌មានជាតិរដ្ឋបាលខេត្តត្បូងឃ្មុំ បំភ្លឺរឿងរូបសំណាកហ្លួងព្រះស្តេចកន

រដ្ឋបាលខេត្តត្បូងឃ្មុំ បំភ្លឺរឿងរូបសំណាកហ្លួងព្រះស្តេចកន

ខេត្តត្បូងឃ្មុំ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសេចក្តីប្រកាសព័ត៌មានថា នាពេលថ្មីៗនេះ មានអ្នកប្រើប្រាស់ព័ត៌មានក្នុងបណ្តាញសង្គមបាន បញ្ចេញមតិផ្សេងៗគ្នា ជុំវិញរូបសំណាក “ហ្លួងព្រះស្តេចកន” គង់លើសេះ បែរទៅទិសខាងលិច ផ្លែងសរបី ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បាននិងកំពុងសាងសង់នៅរង្វង់មូលនៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ 157+210 (PK 157+20) នៅចំណុចប្រសព្វផ្លូវប្រភេទ “ក” បំបែកចូលតំបន់បុរី។

ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមបំភ្លឺថា ដោយផ្អែកតាមតឹកតាងប្រវត្តិសាស្ត្រខ្មែរ តាំងពីចុងសតវត្សទី១៥ និងដើមសតវត្សទី១៦ រហូតដល់ក្នុងរជ្ជកាលព្រះបាទស្រីជេដ្ឋាធិរាជរាមាធិបតី ហៅថា “ហ្លួងព្រះស្តេចកន” (1483-1525) គឺជារាជាមុនដំបូងគេបង្អស់ ដែលបានបោះពុម្ពរូបិយវត្ថុជាតិ (ប្រាក់ស្លឹងរូបនាគ) ដើម្បីជានិមិត្តរូបនៃសុខសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងតំណាងឱ្យអរិយធម៌ វប្បធម៌ថ្កើងថ្កានក្នុងតំ បន់ត្បូងឃ្មុំ នៃរជ្ជកាលក្សត្រអង្គនេះ និងត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រើប្រាស់ជាផ្លូវការ ជានិមិត្តសញ្ញាខេត្ត ត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។

ក្នុងន័យនេះ ដើម្បីរក្សាកេរដំណែលរូបិយវត្ថុជាតិ នាសម័យនោះ ដែលជាសត្យានុម័តនៃសុខសន្តិភាព វឌ្ឍនភាពសេដ្ឋកិច្ច-សង្គម រដ្ឋបាលខេត្តត្បូងឃ្មុំ បានចាត់មន្ទីរពាក់ព័ន្ធដែលមានជំនាញខាងប្រវត្តិសាស្ត្រខ្មែរ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ឈ្វេងយល់យ៉ាងហ្មត់ចត់ អំពីប្រវត្តិរបស់ហ្លួងព្រះស្តេចកន តាមរយៈឯកសារប្រវត្តិសាស្ត្រខ្មែរ ជាច្រើន យ៉ាងប្រត្យក្ស ផ្សារភ្ជាប់ជាមួយទីតាំងជាក់ស្តែង (រូបសំណាកហ្លួងព្រះស្តេចកន នៅវត្តអង្គរក្នុង) រួចមក ទើបសម្រេចសាងសង់រង្វង់មូលនៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ 157+210 (PK 57+210) នៅចំណុចប្រសព្វផ្លូវប្រភេទ “ក” បំបែកចូលតំបន់បុរីរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយកំណត់យករូបសំណាកហ្លួងព្រះស្តេចកន គង់លើសេះ បែរទៅទិសខាងលិច ផ្លែងសរបី មានទម្ងន់ ១០តោន កម្ពស់ ១១,៣៤ម៉ែត្រ តាមរចនាបទដើមទាំងស្រុង នៃរូបសំណាកហ្លួងព្រះស្តេចកន ដែលតម្កល់នៅក្នុងវត្តអង្គរក្នុង ស្ថិតនៅភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

រដ្ឋបាលខេត្តត្បូងឃ្មុំ សូមថ្លែងអំណរគុណចំពោះម្ចាស់គណនីបណ្តាញសង្គមទាំងអស់ ដែលតែងតែយកចិត្តទុកដាក់តាមដាននិងផ្តល់នូវរាល់ព័ត៌មានទាំងឡាយណា ព្រមទាំងបានផ្សព្វផ្សាយព័ត៌មាននានាអំពីសមិទ្ធផលថ្មីៗ ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបានជាបន្តបន្ទាប់ និងសំណើ សំណូមពរផ្សេងៗ ដើម្បីរកដំណោះ ស្រាយនិងឆ្លើយតបប្រកបដោយប្រសិទ្ធភាព សម្រាប់បម្រើឱ្យឧត្តមប្រយោជន៍សាធារណៈ…៕

RELATED ARTICLES