Monday, April 29, 2024
Homeព័ត៌មានជាតិបង្កើន៥ អភិវឌ្ឍ៣ ជាយុទ្ធសាស្រ្ថថ្មី ពង្រឹងសក្ដានុពលទេសចរណ៍កម្ពុជា

បង្កើន៥ អភិវឌ្ឍ៣ ជាយុទ្ធសាស្រ្ថថ្មី ពង្រឹងសក្ដានុពលទេសចរណ៍កម្ពុជា

ខេត្តសៀមរាប ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានបង្ហាញការប្ដេជាខ្ពស់ ដើម្បីពង្រឹងវិស័យទេសចរណ៍ ឲ្យកាន់តែមានសក្ដានុពលឆ្ពោះទៅមុខ ដោយលោកបានដាក់ចេញនូវយុទ្ធសាស្រ្តថ្មីមួយ គឺ «បង្កើន៥ អភិវឌ្ឍ៣» ដើម្បីឲ្យកម្ពុជា ជាគោលដៅទេសចរណ៍ ដែលពោរពេញទៅដោយការប្រកួតប្រជែងខ្ពស់ មានបរិយាប័ន្ន និរន្តរភាពក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ។

សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ ចំថ្ងៃចុងក្រោយ នៃការប្រារព្ធពិធីបុណ្យទន្លេ លើកទី៨ នៅខេត្តសៀមរាប លោកសុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ផ្ដល់កិច្ចសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន មកពី២៨ស្ថាប័ន ដឹកនាំដោយលោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា នៅមុខប្រាសាទអង្គវត្ត ពាក់ព័ន្ធនឹងគោលនយោបាយ ឬគំនិតផ្ដួចផ្ដើមដើម្បីវិស័យទេសចរណ៍នៅកម្ពុជា, សមិទ្ធផលសំខាន់ៗនៅក្នុងអាណត្តិទី៧  ការរៀបចំព្រឹត្តិការណ៍ទេសទេសចរណ៍ ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា រៀបចំព្រឹត្តិការណ៍សម្រាប់ទស្សនាសៀមរាប ឆ្នាំ២០២៤ និងការរៀបចំពិធីបុណ្យទន្លេ នៅក្នុងខេត្តសៀមរាប ជាដើម  ។

លោករដ្ឋមន្រ្តី បានលើកឡើងពីការរៀបចំធ្វើបុណ្យទន្លេ លើកទី៨ នៅខេត្តសៀមរាប និងអត្ថប្រយោជន៍សំខាន់ៗ ពាក់ព័ន្ធនឹងបុណ្យទន្លេ បុណ្យសមុទ្រ នៅកម្ពុជា ។ លោកបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៨ នៅខេត្តសៀមរាប មានលក្ខណៈពិសេស គឺជាកម្មវិធីមួយដែលមានភាពជោគជ័យខ្ពស់ ក្រោមប្រធានបទ “ទន្លេសន្តិភាព និងការអភិវឌ្ឍ” ដែលប្រធានបទនេះ ផ្ដោតសំខាន់ទៅលើសារសំខាន់របស់ទន្លេ ខេត្តជុំវិញទន្លេ ហើយជាមួយគ្នានោះផងដែរ ក្រសួងបានលើកនូវអ្វីដែលជាកិច្ចសហប្រតិ្តការពហុភាគី ដែលរដ្ឋរដ្ឋាភិបាល តែងអនុវត្តកន្លងទៅនេះ ពាក់ព័ន្ធទៅនឹងប្រទេសដែលនៅតាមដងទន្លេមេគង្គ និងទន្លេពាក់ព័ន្ធទាំងអស់ ។ លោកសង្ឃឹមថា អ្វីដែលជាបរិបទថ្មីនៃការរៀបចំបុណ្យទន្លេនេះ លើសពីការលើកអត្ថប្រយោជន៍នៃទន្លេ សម្រាប់សេដ្ឋកិច្ច និងសង្គមរបស់យើង គឺបានបានរំលេចនូវតួនាទីដ៏មានសារសំខាន់សម្រាប់ប្រទេសនៅតាមដងទន្លេ ក្នុងការពង្រឹងសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចនិងសង្គម ហើយពាក់ព័ន្ធនឹងការងារនេះផងដែរ លោករដ្ឋមន្រ្តី បញ្ជាក់ថា ពាក់ព័ន្ធនឹងប្រតិបត្តិការមេគង្គនេះ គឺយើងបានជំរុញសំខាន់ទៅលើការតភ្ជាប់ទាំងសេដ្ឋកិច្ច សង្គម រួមទាំងការផ្លាស់ប្ដូរទៅប្រជាជន និងវប្បធម៌ផងដែរ ។ លោកសង្ឃឹមថា នឹងមានការចូលរួមបន្ថែមទៀតពីប្រទេសតាមដងទន្លេមេគង្គ និងដៃគូអភិវឌ្ឍន៍សំខាន់ៗរបស់យើងផងដែរ ។

លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកពីខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងរយៈពេល ៦ខែកន្លងទៅនេះ ឃើញថាមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ជាពិសេស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានជំរុញទៅលើការអភិវឌ្ឍវិស័យ កំណែទម្រង់ ការធ្វើទំនើបកម្មស្ថាប័ន ក៏ដូជាទំនើបកម្មនៃវិស័យទាំងអស់ រួមទាំងជំរុញនូវភាពជាដៃគូដ៏ល្អ រវាងរដ្ឋាភិបាល និងវិស័យឯកជន រួមទាំងប្រជាពលរដ្ឋផងដែរ ដោយក្នុងនោះ សម្ដេចនាយករដ្ឋមន្រ្តី បានរំលេចនូវខ្លឹមសារសំខាន់គឺ “ Leave no one and no place behind !” គឺមិនទុកអ្នកណា ឬទីកន្លែងណាចោលទេ គឺយើងនឹងយកចិត្តទុកដាក់គ្រប់រូបភាពទាំងអស់ ។

ចំពោះចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួង ជំរុញធ្វើឲ្យវិស័យទេសចរណ៍ អាចចូលរួមក្នុងការលើកតម្កើងកិត្យានុភាព ក៏ដូចជាភាពធន់របស់កម្ពុជា ឲ្យក្លាយទៅជាគោលដៅទេសចរណ៍សកលឈានមុខមួយ ជា “Global Destination” មួយ ដែលអាចផ្ដល់នូវកាលានុវត្តភាព ភាពចម្រុះ និងភាពកក់ក្ដៅ ជូនទៅដល់អ្នកដំណើរទាំងអស់ ហើយដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ក្រសួង បានកំណត់នូវបេសកកម្ម ធ្វើយ៉ាងណាឲ្យបង្កើត កសាង និងបរិយាកាសអំណោយផលមួយ ដើម្បីកម្ពុជា ជាគោលដៅទេសចរណ៍ ដែលពោរពេញទៅដោយការប្រកួតប្រជែងខ្ពស់ មានបរិយាប័ន្ន ក៏ដូចជានិរន្តរភាពក្នុងការអនុវត្ត ហើយនិងអភិវឌ្ឍវិស័យទេសចរណ៍ ។ ដូច្នេះសម្រេចបាននូវបេសកកម្ម ក៏ដូចជាចក្ខុវិស័យនេះ គឺក្រសួងបានកំណត់នូវការងារយុទ្ធសាស្រ្ត «បង្កើត៥ អភិវឌ្ឍ៣» ។ 

លោករដ្ឋមន្រ្តីសុខ សូកេន បានមានប្រសាសន៍ពន្យល់ពីយុទ្ធសាស្រ្ត «បង្កើត៥ អភិវឌ្ឍ៣» នេះថា បង្កើនទី១ គឺបង្កើនកិត្តិនាមរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ។ ទី២ បង្កើននូវអ្វីដែលជាការបង្កើននូវការផ្សព្វផ្សាយទីផ្សារទាំងអស់នេះ ។ ទី៣ គឺជំរុញទៅលើអ្វីដែលជាការងារបដិសណ្ឋារកិច្ច ។ ទី៤ គឺការធ្វើផលិតផលទេសចរណ៍ ។ ពិពិធកម្មទេសចរណ៍នេះ គឺមានសារសំខាន់ខ្លាំងណាស់  ហើយផលិតផលស្នូលរបស់យើង គឺពាក់ព័ន្ធទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌ ។ ទី៥ ពាក់ព័ន្ធទៅនឹងឧស្សាកម្មទេសចរណ៍ សំខាន់ណាស់ ។ ការងារទី៥នេះ គឺបង្កើននូវភាពប្រកួតប្រជែងរបស់ឧស្សាហកម្មទេសចរណ៍របស់យើង។

ចំណែក “អភិវឌ្ឍ៣” លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា អភិវឌ្ឍទី១ គឺអភិវឌ្ឍធនធានមនុស្ស ស្របទៅតាមអ្វីដែលជាការកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ គឺការអភិវឌ្ឍធនធានមនុស្សនេះ ។ អភិវឌ្ឍទី២ គឺពាក់ព័ន្ធទៅនឹងការអភិវឌ្ឍអ្វីដែលជាការរៀបចំរចនាសម្ព័ន្ធស្ថាប័ន ឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបនូវអ្វីជាការកំណត់នូវការងាអទិភាពដែលយើងបានបង្កើន៥ ។  ចំពោះអភិវឌ្ឍទី៣ គឺពាក់ព័ន្ធទៅនឹងការងារធ្វើឌីជីថលូបនីយកម្ម ទៅលើវិស័យទេសចរណ៍ ដែលស្របទៅនឹងការងារយុទ្ធសាស្រ្តបញ្ចកោណ បានកំណត់់ជុំទី២ ពាក់ព័ន្ធទៅឌីជីថលូបនីយកម្ម ទាំងរដ្ឋាភិបាល ទាំងសង្គម និងសេដ្ឋកិច្ច ។ ចំពោះវិស័យទេសចរណ៍ ក៏ត្រូវពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការចូលរួមធ្វើយ៉ាងណាឲ្យយើងអាចឆ្លើយតបបាននៅក្នុងបដិវត្តន៍កម្មឧស្សាហកម្ម ៤.០ ។ មានន័យថា ការធ្វើឌីជីថលូបនីយកម្ម ទាំងសង្គម សេដ្ឋកិច្ច ហើយនិងជាពិសេសក្នុងវិស័យទាំងមូល ។ ស្ថាប័ន ក៏ត្រូវតែមានលទ្ធភាព សមត្ថភាពក្នុងការវិភាគស៊ីជម្រៅ ជាពិសេសឥឡូវដល់ប្រព័ន្ធសិប្បនិម្មិតទៀត គឺ AI  ជាបរិបទថ្មីមួយសំខាន់សំខាន់ណាស់ ក្នុងពិភពលោក ហើយកម្ពុជា ក៏ចូលរួមដែរ ជាពិសេសទេសចរណ៍ ក៏យើងត្រូវតែមានសមត្ថភាពក្នុងការប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យានេះ ដើម្បីជួយទ្រទ្រង់បន្ថែមទៀត លើការអភិវឌ្ឍវិស័យទេសចរណ៍របស់យើង… ៕ កុលបុត្រ

RELATED ARTICLES