Sunday, April 28, 2024
Homeព័ត៌មានជាតិព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ សង្ឃឹមទាក់ទាញភ្ញៀវទេសចរអឺរ៉ុបច្រើន

ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ សង្ឃឹមទាក់ទាញភ្ញៀវទេសចរអឺរ៉ុបច្រើន

សៀមរាប ៖ ក្រោយបើកដំណើរហោះហើរ អស់រយៈពេលជាង ៥ខែមកនេះ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ទទួលបានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយមាន ៦ប្រទេសក្នុងអាស៊ាន ព្រមទាំងមាន ចិន និងកូរ៉េ ហោះហើរមក ប៉ុន្តែក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាបអង្គរ មានគម្រោងបង្កើនជើងហោះហើរទៅកាន់អឺរ៉ុប និងអាមេរិក បន្ថែមទៀត ដែលជាការហោះហើរផ្លូវឆ្ងាយ ។

គួរបញ្ជាក់ថា ក្នុងការទទួលដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ចំនួន ៣២ស្ថាប័ន និងមានអ្នកសារព័ត៌មានចូលរួម ៤២នាក់ ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានទៅទស្សនាព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ដើម្បីវិស័យទេសចរណ៍នៅក្នុងព្រលានយន្តហោះថ្មីមួយនេះ ។

ជាកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ និងរួសរាយរាក់ទាក់បំផុត លោក យឹម សានីរៀន អតីតអ្នកបកប្រែភាសាអង់គ្លេសនិងភាសាថៃ ឲ្យទស្សនាវដ្ដី “អង្គរធំ ទស្សនាវដ្តី ”តារា” និងសារព័ត៌មាន “នគរធំ” បច្ចុប្បន្នជាមន្ត្រីសម្របសម្រួលនៅស្ថានីយអ្នកដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបង្ហាញពីភាពប្រណីត នៅក្នុងអាកាសយានដ្ឋានថ្មីមួយនេះ ដូចជា មានបន្ទប់ VIP ចំនួន០៥ មានច្រកចំនួន២៦ (ច្រក VIP ចំនួន០១) មានសង់ព្រះបដិមាព្រហ្មមុខបួន នៅចំកណ្តាល កម្ពស់ ៧,៤ម៉ែត្រ ទម្ងន់៨តោន ដែលត្រូវបានចាត់ទុកជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះហើរឡើង និងចុះចតបានយ៉ាងងាយស្រួល លើកលែងតែយន្តហោះប្រភេទ Boeing 747-800 និងយន្តហោះដែលមានទំហំស្លាបលើសពី ៦៥ម៉ែត្រ ជាដើម ។

លោកយឹម សានីរៀន បានមានប្រសាសន៍ថា “បាទ! សូមស្វាគមន៍មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ថ្ងៃនេះជាកិត្តិយសដ៏ឧត្ដុង្គឧត្ដម ដែលក្លឹបអ្នកកាសែតកម្ពុជា បានដឹកនាំសារព័ត៌មាន មកទស្សនាជាផ្លូវការនៅព្រលានយន្តហោះយើងនេះ ហើយកន្លែងយើងកំពុងឈរនេះ ហៅថា អគារចម្បង ។ ក្នុងព្រលានយើងនេះ ចែកជា៦ផ្នែកធំៗ ។ ទី១ អាកន្លែងយើងចូលមកផ្នែកខាងមុខនោះ គឺជាកន្លែង Parking (Access Door) ហើយកន្លែងយើងកំពុងឈរនេះ គឺជាអគារចម្បង ដែលយើងមានទ្វារចូល៣ ហើយនៅអគារចម្បងយើងនេះ មានកន្លែង Check In) យើងចែកចេញជា៤ផ្នែក មាន A B C D ដែលក្នុងផ្នែកទាំងអស់ហ្នឹងមាន Counter ដល់ទៅ៥២ ដែលភ្ញៀវចូលមក Check In កន្លែងនេះហើយ បន្តដំណើរចូលទៅតាមផ្លូវអន្តោប្រវេសន៍ ហើយយើងចូលទៅកន្លែងសន្តិសុខផ្នែកសនិ្តសុខ ហើយទៅកន្លែងព្រហ្មមុខ៤ ឬយើងហៅថា ព្រះបដិមាមុខ៤ ។

ដោយឡែក លោក ពេជ្រ សុប៉ុនតារា អ្នកទទួលបន្ទុកផ្នែករកក្រុមហ៊ុនយន្តហោះ នៃព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ជារៀងរាល់ថ្ងៃ មានជើងហោះហើរជាមធ្យម ចំនួន ៥០ជើង ទាំងទៅនិងមក និងមានភ្ញៀវទេសចរប្រហែល ៥០០០នាក់ ក្នុងមួយថ្ងៃ ដែលមានការកើនឡើងប្រហែល ៥ភាគរយ បើប្រៀបធៀបនឹងព្រលានយន្តហោះអន្តរជាតិ សៀមរាបចាស់។ លោកបន្តថា ព្រលាននេះ គឺធ្វើឡើងដើម្បីទទួលភ្ញៀវទេសចរ ចំនួន ៧លាននាក់ ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី២ គឺ១០លាននាក់ ក្នុងមួយឆ្នាំ ដោយបន្ថែមនូវជើងហោះហើរ ។

លោកបានបន្តថា បច្ចុប្បន្ននេះ យន្តហោះនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺហោះទៅកាន់ ៦ប្រទស នៅក្នុងតំបន់អាស៊ាន លើកលែងតែប្រទេសប៊្រុយណេ ភូមា ឥណ្ឌូនេស៊ី និងហ្វីលីពីន តែប៉ុណ្ណោះ ហើយក៏មានការហោះទៅកាន់ប្រទេសចិន និងកូរ៉េខាងត្បូង ផងដែរ ខណៈជើងហោះហើរពីប្រទេសឥណ្ឌា នឹងមានក្នុងពេលឆាប់ៗនេះ។ ជាពិសេស នាពេលខាងមុខ នឹងមានជើងហោះហើរថ្មីៗបន្ថែមទៀត ស្របពេលនឹងមានការលើកទឹកចិត្តជើងហោះហើរ ដែលកំពុងដំណើរការឱ្យបង្កើននូវការហោះហើរ ដោយទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗទៀត ។

លោក ពេជ្រ សុប៉ុនតារា បានមានប្រសាសន៍ពីចំណុចនេះថា «បាទ! ជារៀងរាល់ថ្ងៃ ជាមធ្យម យើងមានជើងហោះហើរចំនួន៥០ ជើងហោះហើរទាំងទៅទាំងមក ហើយចំនួនភ្ញៀវប្រហាក់ប្រហែល៥ពាន់ ក្នុង១ថ្ងៃ ។ សម្រាប់យើងៗនៅតែមានសង្ឃឹមថា នឹងកើតឡើង ដោយសារកិច្ចការហ្នឹងត្រូវការរកយន្តហោះថ្មីៗ ដែលត្រូវតែហោះបន្ថែមទៀត ហើយលើកទឹកចិត្តអ្នកដែលកំពុងហោះឲ្យបង្កើនការហោះហើរ ។ ដូច្នេះយើងនៅតែសង្ឃឹមថាមានកំណើន ប៉ុន្តែបើសួរថា មានកំណើនពីខាងណាខ្លះ? ជាសំណួរមួយដែលពិបាកនឹងឆ្លើយជាក់លាក់ ។ ទោះបីយ៉ាងណាក៏ដោយ យើងព្យាយាម ដូចលោក លោកស្រីខាងសារព័ត៌មាន បានដឹងហើយ មានខាងពីឥណ្ឌា នឹងចាប់ផ្ដើមហោះហើរ បើសិនមិនមានការផ្លាស់ប្ដូរទេ ពីខែ៦ទៅ ពីឥណ្ឌា ហ្នឹងមក ហើយយើងនឹងព្យាយាមពីខាងកូរ៉េ មកទៀត ហើយក៏ខាងមិត្តចិន ក៏យើងព្យាយាមទាក់ទងដើម្បីក្រុមហ៊ុនចិន បង្កើនការហោះហើរដែរ។ ខ្ញុំគិតថា ខែ៥ នឹងមានបង្កើនចំនួនហោះហើយពីចិន មកទៀត ។ ចំពោះប្រទេសយើង ហោះទៅ ៦ប្រទេស ក្នុងអាស៊ាន ហើយនិងពីរប្រទេសទៀត ចិន និងកូរ៉េ ហើយចំពោះទីក្រុង ចន្លោះពី១២ ទៅ១៨ទីក្រុង នៅក្នុងតំបន់ហ្នឹង ។ ហេតុអីបានជាចំនួនអត់ថេរ? ដោយសារយន្តហោះ មិនមែនហោះរាល់ថ្ងៃ អ្នកខ្លះហោះមួយសប្ដាហ៍ តែ៣ជើងទេ អ៊ីចឹងចំនួនទីក្រុង ផ្លាស់ប្ដូរប្រចាំថ្ងៃ“ ។

ភ្ជាប់ជាមួយចំណុចនេះ លោកពេជ្រ សុប៉ុនតារា បញ្ជាក់ថា ក្នុងការបើកដំណើរការហោះហើរបានរយៈពេល៥ និងមាន៦ប្រទេស ក្នុងអាស៊ាន ព្រមទាំងមាន ចិន និងកូរ៉េ នោះ ក្រុមហ៊ុននៃអាកាសយានដ្ឋានសៀមរាបអង្គរ មានគម្រោងបង្កើនជើងហោះហើរទៅកាន់អឺរ៉ុប និងអាមេរិក បន្ថែមទៀត ដែលជាការហោះហើរផ្លូវឆ្ងាយ (long hold) ។

លោកពេជ្រ សុប៉ុនតារា បានមានប្រសាសន៍ថា “នេះជាគម្រោងដែលធំជាងគេរបស់ព្រលាន ។ ដឹងស្រាប់ហើយ យើងជាព្រលាន 4E សម្រាប់យន្តហោះ ហោះមកពីរយៈពេលឆ្ងាយ ហើយយន្តហោះធំ ។ អ៊ីចឹងជាគម្រោងរយៈពេលវែង គឺយើងនឹងទាក់ទងទៅផ្លូវឆ្ងាយ ដោយ long hold ជាគម្រោងរបស់ក្រុមហ៊ុន ។ long hold ហ្នឹង គឺទៅដល់អឺរ៉ុប អាមេរិក ទៅតាមតម្រូវការ ព្រោះការហោះហើរហ្នឹង អាចកើតមានឡើង នៅពេលតម្រូវការ ។ អ៊ីចឹងមានតែអ្នកកាសែតទេ ដែលជួយឲ្យទេសចរណ៍ មកស្រុកយើងច្រើន យន្តហោះនឹងមកច្រើន ។ ចំំពោះបច្ចុប្បន្ននេះ ជើងហោះហើរដែលមកច្រើនជាងគេ ទី១ គឺមកពីថៃ ទី២ មកពីវៀតណាម ច្រើន ឯចិន យើងមាន៣ជើង ក្នុង១សប្ដាហ៍ ។ ពេលនេះ ក្រុមហ៊ុនកំពុងតែធ្វើ កំពុងតែពិភាក្សា ហើយយើងក៏បានដាក់នូវគោលការណ៍លើកទឹកចិត្ត អ្នកដែលហោះមកថ្មី អ្នកដែលកំពុងហោះ គាត់នឹងទទួលការលើកទឹកចិត្តដែរ ហើយអ្នកដែលនឹងហោះមកថ្មី ក៏កាន់តែលើកទឹកចិត្តថែមទៀត ដូចជាមានការចុះថ្លៃ ឲ្យតម្លៃពិសេសណាមួយ ឬក៏ចូលរួមធ្វើការផ្សព្វផ្សាយទាំងអស់គ្នាជាមួយក្រុមហ៊ុនទាំងអស់នេះ ដែលយើងបានគ្រោងទុក ។ ប៉ុន្តែជាក់ស្ដែង ការបញ្ចុះតម្លៃ ជារបស់ក្រុមហ៊ុនយន្តហោះ ក្រុមហ៊ុនអាកាសយានដ្ឋាន ជាក្រុមហ៊ានដែលទទួលផ្ដល់សេវា ពេលយន្តហោះចុះដល់ដី ។ ដូច្នេះការកំណត់តម្លៃហ្នឹង គឺដោយសារថា អាថ្លៃរបស់គាត់ខ្ពស់ ក៏គាត់មិនអាចចុះបានដែរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងនៅតែធ្វើការជាមួយពួកគាត់ ដើម្បីរកវិធីយ៉ាងម៉េចឲ្យបានតម្លៃជាងហ្នឹង ។ អ៊ីចឹងវិធីដែលល្អជាងគេ គឺឲ្យមានការហោះហើរច្រើនក្រុមហ៊ុន ។ បើមានការហោះហើរលើសពីមួយក្រុមហ៊ុន ខ្ញុំជឿថា តម្លៃនឹងអាចទទួលយកបានទាំងអស់គ្នា“ ។

ចំពោះជើងហោះហើរនៅក្នុងស្រុក លោកពេជ្រ សុប៉ុនតារា បញ្ជាក់ថា រាល់ថ្ងៃ មានការហោះហើរ ៣ជើង ក្នុង១ថ្ងៃ តែតាមថ្ងៃ ដោយថ្លៃខ្លះ មាន២ជើង ឯថ្ងៃខ្លះ មាន១ជើង ។ 

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមសាងសង់ កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ ១១០០លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរ) ក្នុងរយៈពេល៥៥ឆ្នាំ។ ជាមួយគ្នានេះដែរ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ត្រូវបានកសាងឱ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើងនិងចុះចតបាន លើកលែងតែយន្តហោះ Boeing 747-800  និងយន្តហោះដែលមានទំហំស្លាបលើសពី៦៥ម៉ែត្រប៉ុណ្ណោះ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចាប់ផ្តើមបើកដំណើរការ ទទួលជើងហោះហើរជាផ្លូវការលើកដំបូង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដែលគិតមកទល់ពេលនេះ មានរយៈពេលជាង៥ខែហើយ ៕ កុលបុត្រ

RELATED ARTICLES