Saturday, April 27, 2024
Homeសន្ដិសុខសង្គម ចាប់ខ្លួនប៉ូលិសផ្កាយ២ ស៊ីដាច់៥ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌ

 ចាប់ខ្លួនប៉ូលិសផ្កាយ២ ស៊ីដាច់៥ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ អេង សាវឿន អនុប្រធាននាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោកលុយ ជាង៥ម៉ឺនដុល្លារ។

ការឃាត់ខ្លួនលោកឧត្តមសេនីយ៍ទោ អេង សាវឿន អនុប្រធាននាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ៤៦៦ ប្រសព្វផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអេង សាវឿន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរមន្ត្រីនគរបាលជាតិ មានលំនៅបច្ចុប្បន្ន ផ្ទះលេខ០២អឺ០ ផ្លូវលំ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ពិតជាមានការចាប់ឃាត់ខ្លួនលោកឧត្តមសេនីយ៍ទោ អេង សាវឿន តួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលបង្ការនិងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាកដមែន។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្តថា ការចាប់ខ្លួននេះ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ និងទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ដែលអនុវត្តប្រតិបត្តិការដោយកម្លាំងការិ យាល័យព្រហ្មទណ្ឌកម្រិតស្រាល។

យោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកមម្រិតស្រាល រាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ហើ យមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យបានស្រាវជ្រាវនាំខ្លួនជនសង្ស័យចំនួន១នាក់ នៅចំណុចផ្លូវលេខ៤៦៦ ប្រសព្វផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ពីបទ «ឆបោក» ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧, ២២, ២៧ ខែកញ្ញា ឆ្នាំ២០២១ អនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួន លេខ ៣១៩“ឆ១” ដ.ច.ន ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចេញដោយលោក ហម ម៉េងសែ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យ ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយចាប់ខ្លួន លោកឧត្តមសេនីយ៍ទោ អេង សាវឿន ត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES