ប្រទេសរុស្ស៉ី ៖ ហេតុការណ៍ខ្មាន់កាំភ្លើងមួយក្រុម បានបាញ់សម្លាប់មនុស្សយ៉ាងព្រៃផ្សៃ នៅក្នុងរោងមហោស្រព Crocus ក្រុងម៉ូស្គូ ប្រទេសរុស្ស៉ី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបណ្តាលឱ្យមនុស្សយ៉ាងតិច ១៤០ នាក់ស្លាប់ និង១៨២នាក់ រងរបួស ដែលជាការបង្ហូរឈាមដ៏អាក្រក់បំផុតនៅក្នុងប្រទេសរុស្ស៊ី ក្នុងរយៈពេលជាច្រើនទសវត្សរ៍មមមកនេះ បានកើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី បានបន្តកាន់តំណែងនេះ រយៈពេល ៦ឆ្នាំទៀត ធ្វើឲ្យមានការព្រមានថា ក្រុមភេរវករ អាយស៊ីស (ISIS) បានត្រឡប់មកវិញហើយ។

ប៉ុន្មានម៉ោង ក្រោយកើតហេតុការណ៍ភេរវកម្មនេះ ក្រុមរដ្ឋអ៊ិស្លាម ឬអាយស៊ីស (ISIS) សកម្មនៅក្នុងតំបន់ខូរ៉ាសាន (Khorasan) ភាគឦសាននៃប្រទេសអ៊ីរ៉ង់ តូមីនីស្ថានខាងត្បូង និងភាគខាងជើងអ៊ីរ៉ាក់ ត្រូវបានគេស្គាល់ផងដែរថាជាក្រុមអាយស៊ីស-ខេ (ISIS-K) បានចេញសេចក្តីថ្លែងការណ៍មួយ តាមរយៈគណនីតេឡេក្រាម (Telegram) របស់ទីភ្នាក់ងារព័ត៌មាន អាម៉ាក (Amak) ដោយអះអាងថា ពួកគេជាអ្នកនៅពីក្រោយការវាយ ប្រហារនេះ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក (CIA) បានបញ្ជាក់ថា អាយស៊ីស(ISIS) តាមពិតគឺជាជនល្មើសនៃការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី ធ្វើឱ្យមជ្ឈដ្ឋានទូទៅ មានការសង្ស័យ ហេតុអ្វីបានជាក្រុម ISIS ដែលជាសត្រូវរបស់សហរដ្ឋអាមេរិក មកផ្តោតលើការវាយប្រហាររុស្ស៊ី ហើយតើរុស្ស៊ី និង ISIS ធ្លាប់មានជម្លោះអ្វីខ្លះ នាពេលកន្លងមក?

ក្នុងការសម្តែងរបស់ “Picnic” ដែលជាក្រុមតន្រ្តីរ៉ុករុស្ស៊ី ដ៏ល្បីល្បាញពីអតីតសហភាពសូវៀត បានចាប់ផ្តើម ស្រាប់តែខ្មាន់កាំភ្លើង ស្លៀកពាក់ឯកសណ្ឋានក្លែងក្លាយ ប្រដាប់ដោយកាំភ្លើងបានបាញ់យ៉ាងខ្លាំង មនុស្សរាប់រយនាក់នៅក្នុងសាលមហោស្រព បានស្រែកដោយភ័យស្លន់ស្លោ មុនពេលមានការផ្ទុះជាច្រើនទៀត។ បន្ទាប់មកសាលមហោស្រពត្រូវបានគ្របដណ្តប់ដោយឈាម ផ្សែងហុយឡើង ហើយរចនាសម្ព័ន្ធដំបូល បានបាក់ដួលរលំ។

រហូតមកដល់ពេលនេះ អាជ្ញាធររុស្ស៊ី បានចាប់ខ្លួនជនសង្ស័យ ចំនួន ១១នាក់ ក្នុងនោះមាន ៤ នាក់ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងការវាយប្រហារប្រដាប់អាវុធនៅក្នុងសាលមហោស្រពនោះ។ ក្នុងនោះរួមមាន ៖ ១-ដាលឺតសាន់ មៀរហ្សូយេវ (Dalerdson Mirzoyev) អាយុ ៣២ឆ្នាំ ២-ហ្សៃដាក្រាមិ រ៉ាចាបាលីសូដ (Zaidagrami Rajabalisod) អាយុ ៣០ឆ្នាំ ៣-មហាម៉ាដសូបៀរ ហ្វៃសូវ (Muhammad Sobir Faisov) អាយុ ១៩ឆ្នាំ និង ៤-សាមស៊ីឌីន ហ្វារីដូនី(Shamsidin Faridou Nee) អាយុ ២៥ឆ្នាំ។

ជនសង្ស័យទាំង៤នាក់ ខាងលើ ត្រូវបានចោទប្រកាន់ជាផ្លូវការ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត បើតុលាការសម្រេចថា ពួកគេពិតជាមានទោស។ តុលាការបានបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យទាំងអស់ ដែលជាពលរដ្ឋនៃប្រទេសតាជីគីស្ថាន នៅថ្ងៃទី២២ ខែមីន ឆ្នាំ២០២៤ ។

ហេតុអ្វី ISIS វាយប្រហាររុស្ស៊ី ?
អ្នកវិភាគការពារជាតិនិងសន្តិសុខ បាននិយាយថា ក្រុមអាយស៊ីស បានបើកការវាយប្រហារប្រឆាំងនឹងប្រធា នាធិបតី វ្ល៉ាឌីមៀរ ពូទីន ឆ្នាំថ្មីៗនេះ ពីការចោទប្រកាន់ថា រុស្ស៊ី គាបសង្កត់អ្នកកាន់សាសនាអ៊ិស្លាម ។ លោកម៉ៃឃ់ល កូហ្គេលម៉ាន (Michael Kugelman) នាយកវិទ្យាស្ថានអាស៊ីខាងត្បូង នៃមជ្ឈមណ្ឌល វីលសុន (Wilson) ក្នុងទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក បាននិយាយថា គោលនយោបាយការបរទេសរបស់រុស្ស៊ី គឺជាមហន្តរាយសម្រាប់ក្រុម ISIS ។

សូម្បីតែពីអតីតកាល ការឈ្លានពានរបស់សូវៀត លើអាហ្វហ្គានីស្ថាន សកម្មភាពរបស់រុស្ស៊ីនៅឆេឆ្នៀ ទំនាក់ ទំនងជិតស្និទ្ធរបស់ទីក្រុងម៉ូស្គូ ជាមួយរដ្ឋាភិបាលស៊ីរី និងអ៊ីរ៉ង់ ជាពិសេស យុទ្ធនាការយោធារបស់រុស្ស៊ី ប្រឆាំងនឹងក្រុម ISIS នៅក្នុងប្រទេសស៊ីរី និងការប្រើប្រាស់ក្រុមទាហានស៊ីឈ្នួល Wagner Group នៅក្នុងផ្នែកខ្លះនៃទ្វីបអាហ្រ្វិក។ ទាំងអស់នេះមានន័យថា ប្រទេសរុស្ស៊ី បានក្លាយជាការផ្តោតអារម្មណ៍របស់ ISIS ។

លោកអាមីរ៉ា ចាឌុន (Amira Jadun) ជំនួយការសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ ក្លេមសាន់ (Clemson) នៅរដ្ឋខារ៉ូលីណាខាងត្បូង សហអ្នកនិពន្ធសៀវភៅ “រដ្ឋអ៊ិស្លាម នៅអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ៖ សម្ព័ន្ធ ភាពនិងការប្រកួតប្រជែងជាយុទ្ធសាស្ត្រ” បានពិភាក្សាអំពីការចូលរួមរបស់រុស្ស៊ី ក្នុងការប្រយុទ្ធប្រឆាំងនឹង ISIS ។ ជាពិសេស តាមរយៈប្រតិបត្តិការយោធានៅស៊ីរី និងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងទំនាក់ទំនងជាមួយក្រុមតាលីបង់ នៅអាហ្វហ្គានីស្ថាន។ ដែលជាគូប្រជែងរបស់ ISIS-K វាគឺជាការចង្អុលបង្ហាញថា រុស្សី គឺជាសត្រូវចម្បងរបស់ ISIS និង ISIS-K ។

អ្នកជំនាញពិចារណាថា ប្រសិនបើរុស្ស៊ី វាយប្រហារ វាពិតជាស្នាដៃរបស់ ISIS ដូចការអះអាង។ វាបង្ហាញថា ក្រុមនេះសង្ឃឹមថានឹងទទួលបានការគាំទ្រ និងអភិវឌ្ឍគោលដៅរបស់ខ្លួនក្នុងការអភិវឌ្ឍទៅជាអង្គការភេរវករដ៏មានឥទ្ធិពលទូទាំងពិភពលោក ដោយបង្ហាញថា វាមានសមត្ថភាពវាយប្រហារក្នុងទឹកដីរុស្ស៊ី កាលពីមុន ISIS-K បានបង្ហាញច្រើនដងហើយ។ វាមានមហិច្ឆតាក្នុងការវិវត្តទៅជាអង្គការភេរវករក្នុងតំបន់ដ៏សម្បើមមួយ មានទំនាក់ទំនងនយោបាយ និងចូលទៅកាន់ប្រតិបត្តិការភេរវករលំដាប់ពិភពលោក។

យោងតាម Observer Research Foundation ដែលមានមូលដ្ឋាននៅទីក្រុងញូវដេលី (New Delhi) ប្រទេសឥណ្ឌា បាននិយាយថា ISIS និងសាខារបស់ពួកគេ ចាត់ទុកប្រទេសរុស្ស៊ី ជា “មហាអំណាចប្រយុទ្ធនឹងមូស្លីម” គឺជាការលើកទឹកចិត្តដ៏គួរឱ្យទាក់ទាញបំផុតសម្រាប់ ISIS-K នាពេលបច្ចុប្បន្ននេះ។ ការវាយប្រហាររុស្ស៊ី គឺជាកត្តាមួយ ដែលអាចដោយសារទំនាក់ទំនងរវាងរុស្ស៊ី និងតាលីបង់ នៅពេលដែលពួកតាលីបង់ គឺជាគូប្រជែងដ៏សំខាន់របស់ ISIS និង ISIS-K ខណៈដែលរុស្ស៊ី គឺជាមិត្តដ៏ល្អរបស់តាលីបង់។ ទន្ទឹមនឹងនោះ ទំនាក់ទំនងជិតស្និទ្ធរវាងរុស្ស៊ី និងអ៊ីស្រាអែល វានៅតែផ្ទុយគ្នា និងជាការគំរាមកំហែងដល់មនោគមន៍វិជ្ជា ISIS ។ ជម្លោះនេះមិនមែនជារឿងថ្មីទេ បើនិយាយពីមនោគមន៍វិជ្ជា ប៉ុន្តែវាជាយុទ្ធសាស្ត្រ។

ប៉ុន្មានឆ្នាំមកនេះ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិឥស្លាម បាននៅឆ្ងាយពីការចាប់អារម្មណ៍របស់ពិភពលោក បន្ទាប់ពីការបរាជ័យរបស់ខ្លួន នៅស៊ីរី និងអ៊ីរ៉ង់ រហូតដល់ពួកគេត្រូវបានដាក់ជាក្រុមឡើងវិញ ជាកម្លាំងដ៏ខ្លាំងក្លាជាងមុន ហើយត្រូវបានចាត់ទុកថា ជាបញ្ហាប្រឈមសម្រាប់ពិភពលោក ចំពេលការប្រកួតប្រជែងនៃមហាអំណាច និងភាពចលាចលភូមិសាស្ត្រនយោបាយសកល ដែលចាប់ផ្តើមប៉ះពាល់ដល់ប្រតិបត្តិការប្រឆាំងភេរវកម្ម៕
