សហរដ្ឋអាមេរិក ៖ ស្ពានឆ្លងទន្លេ ដ៏ធំមួយ នៅក្នុងទីក្រុងបាល់ទីម័រ (Baltimore) នៃរដ្ឋ ម៉ារីឡែនដ៍ (Maryland) សហរដ្ឋអាមេរិក បានបាក់មួយផ្នែក នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីត្រូវកប៉ាល់ដឹកទំនិញមួយបុក បណ្តាលឲ្យមនុស្សនិងរថយន្តជាច្រើន បានធ្លាក់ចូលទៅក្នុងទឹកទន្លេ ខាងក្រោម។អ្នកនាំពាក្យនាយកដ្ឋានប៉ូលិសក្រុងបាល់ទីម័រ បានជូនដំណឹងអំពីឧបទ្ទវហេតុបាក់ស្ពាន Francis Scott Key ដែលជារចនាសម្ព័ន្ធដែកដ៏ធំ លាតសន្ធឹងឆ្លងកាត់ទន្លេប៉ាតាបស្កូ (Patapsco) ភាគអាគ្នេយ៍នៃទីក្រុងបាល់ទីម័រ (Baltimore) ។

មន្ត្រីបាននិយាយ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ មានមនុស្សយ៉ាងតិច ៧នាក់ បានធ្លាក់ចូលទឹកទន្លេ រួមទាំងរថយន្តជាច្រើនគ្រឿង ប៉ុន្តែមិនទាន់មានរបាយការណ៍ថា មានអ្នកស្លាប់នៅឡើយទេ។
យោងតាមវីដេអូពីកាមេរ៉ា CCTV បានបង្ហាញថា មានកប៉ាល់ដឹកទំនិញ ១គ្រឿង កំពុងធ្វើដំណើរឆ្ពោះមកកាន់ស្ពាន រួចបានបុកស្ពាន បណ្តាលឲ្យបាក់ធ្លាក់ចូលទៅក្នុងទន្លេ ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។

គ្រោះថ្នាក់នេះបណ្តាលឱ្យមានផ្សែង និងភ្លើងឡើងលើអាកាស ហើយផ្នែកខ្លះនៃស្ពាន ទំនងជាបានបាក់នៅលើផ្នែកខាងមុខនៃកប៉ាល់។
បើតាមព័ត៌មានពីគេហទំព័រតាមដានកប៉ាល់ បានឲ្យដឹងថា កប៉ាល់នោះ ជាកប៉ាល់ដឹកកុងតឺន័រឈ្មោះ «DALI» សញ្ជាតិសិង្ហបុរី ធ្វើដំណើរពីកូឡុំបូ ស្រីលង្កា ហើយគ្រោងនឹងមកដល់កំពង់ផែ ក្រុងបាល់ទីម័រ (Baltimore) នៅម៉ោង ១១:៣០នាទីព្រឹក ថ្ងៃទី២៦ ខែមីនាឆ្នាំ២០២៤ ម៉ោងក្នុងស្រុក។

អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យក្រុងបាល់ទីម័រ បាននិយាយថា វាហាក់ដូចជាមានកុងតឺន័រដឹកជញ្ជូន ឬវត្ថុនៅពីលើកប៉ាល់ បុកស្ពាន។ ក្រោយកើតហេតុ ការិយាល័យដឹកជញ្ជូនរដ្ឋម៉ារីឡែនដ៍ (Maryland) បានបញ្ជាក់ថា ផ្លូវលេខ៦៩៥ ត្រូវបិទចរាចរណ៍ទាំងស្រុង ដោយសារមូលហេតុខាងលើនេះ។

គួរបញ្ជាក់ថា ស្ពាន «ហ្វ្រែនស៊ីស ស្កុតឃីយ៍» (Francis Scott Key) ត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៧៧ ។ ស្ពាននេះមានប្រវែងសរុបជាង ២៥៥០ម៉ែត្រ និងផ្នែកសំខាន់មានប្រវែង ៣៦០ម៉ែត្រ ហើយជាស្ពានវែងបំផុតមួយក្នុងពិភពលោក៕


