Saturday, April 27, 2024
Homeព័ត៌មានជាតិក្រសួងព័ត៌មាន ព្រមានលុបអាជ្ញាប័ណ្ណគេហទំព័រ៣

ក្រសួងព័ត៌មាន ព្រមានលុបអាជ្ញាប័ណ្ណគេហទំព័រ៣

ភ្នំពេញ ៖ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានព្រមានលុបអាជ្ញាប័ណ្ណគេហទំព័រចំនួន៣ ប្រសិនបើបន្តផ្សព្វផ្សាយព័ត៌មាន ដោយមិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព ខុសក្រមសីលធម៌វិជ្ជាជីវៈ ដែលនាំឱ្យសាធារណមតិមានការយល់ច្រឡំ។

ម្ចាស់គេហទំព័រទាំង៣ ដែលរងការព្រមានលុបអាជ្ញាប័ណ្ណ រួមមាន ៖ ទី១-លោក ឆុំ ដានី ម្ចាស់គេហទំព័រឈ្មោះ www.kangmeasnews.com ។ ទី២- លោក ពឿន ប៊ុនធឿន ម្ចាស់គេហទំព័រឈ្មោះ www.intriplus.news និងទី៣ៈ លោក លុយ សារ៉ែន ម្ចាស់គេហទំព័រឈ្មោះ www.fbrtvhotnews.com ។

លិខិតរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤  បានបញ្ជាក់ថា យោងតាមរបាយការណ៍ស្តីពីការសាកសួរលើវិវាទចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ហើយកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ បានដំណើរការសាកសួរលើករណីការចុះផ្សាយអត្ថបទព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នសាធារណៈ។

ក្រោយពីបានស្តាប់ការបំភ្លឺរបស់លោកចាងហ្វាង ព្រមទាំងបានពិនិត្យ ស្រាវជ្រាវ និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់ ឃើញថាការផ្សាយរបស់អង្គភាពទាំងបីខាងលើ គ្មានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព អនុវត្តតួនាទីលើសពីអ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យសាធារណមតិមានការយល់ច្រឡំ។

ក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ៗថា ក្រសួងសូមព្រមានជាលើកចុងក្រោយ ឱ្យអង្គភាពសារព័ត៌មានទាំង៣ ខាងលើនេះ គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ និងបញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព នាំឱ្យ សាធារណមតិមានការយល់ច្រឡំ។ ក្នុងករណីមិនអនុវត្តតាមការព្រមាននេះ ក្រសួងនឹងលុបប្រកាសអនុញ្ញាតធ្វើអាជីកម្ម និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

RELATED ARTICLES