Wednesday, October 16, 2024
Homeកីឡាអន្ដរជាតិអតីតប្រធានសមាគមបាល់ទាត់ចិន តុលាការកាត់ទោសគុក១ជីវិត ពីបទស៊ីសំណូក

អតីតប្រធានសមាគមបាល់ទាត់ចិន តុលាការកាត់ទោសគុក១ជីវិត ពីបទស៊ីសំណូក

ប្រទេសចិន ៖ អតីតប្រធានសមាគមបាល់ទាត់ចិន លោកចិន ស៊ូយួន ត្រូវបានតុលាការចិន កាត់ទោសឱ្យជាប់គុក អស់មួយជីវិត ក្រោយពីត្រូវបានរកឃើញថា មានទោសពីបទទទួលសំណូក ក្នុងតម្លៃជាង ៨១លានយន់។

តាមប្រភព បណ្តាញព័ត៌មានចិន ស៊ីនហួរ បានរាយការណ៍ថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ តុលាការប្រជាជនកម្រិតមធ្យម នៅខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលនៃប្រទេសចិន បានកាត់ទោសលោកចិន ស៊ូយួន (Chen Xu Yuan) អតីតប្រធានសមាគមបាល់ទាត់ចិន (CFA) ដាក់ពន្ធនាគារ អស់មួយជីវិត ពីបទទទួលសំណូក។

ចៅក្រមស៊ើបសួរ បានបញ្ជាក់ថា លោកចិន ស៊ូយួន ត្រូវបានរកឃើញថា បានទាញយកផលប្រយោជន៍ពីការកាន់មុខតំណែងផ្សេងៗរបស់គាត់ នៅចន្លោះឆ្នាំ២០១០២០២៣ រួមទាំងអ្នកដែលទាក់ទងនឹងសមាគមផងដែរ ដើម្បីជួយអ្នកផ្សេងទៀត ជាមួយនឹងការចុះកិច្ចសន្យាគម្រោងប្រតិបត្តិការវិនិយោគ និងការរៀបចំការប្រកួតកីឡា។ គាត់បានទទួលប្រាក់ និងវត្ថុមានតម្លៃ ជាង ៨១លានយន់ ជាថ្នូរ។

សាលក្រមតុលាការ បានបញ្ជាក់ថា លោកចិន ស៊ូយួន បានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់នៃការប្រកួតប្រជែងដោយយុត្តិធម៌នៅក្នុងវិស័យបាល់ទាត់ និងបានបង្កការខូចខាតយ៉ាងខ្លាំងដល់ឧស្សាហកម្មបាល់ទាត់ របស់ប្រទេសចិន៕

RELATED ARTICLES