Tuesday, April 30, 2024
Homeព័ត៌មានអន្តរជាតិ ករណីកប៉ាល់បុកបាក់ស្ពាននៅអាមេរិក ក្រុមមុជទឹក រកឃើញសព២នាក់ បាត់៤ទៀត

 ករណីកប៉ាល់បុកបាក់ស្ពាននៅអាមេរិក ក្រុមមុជទឹក រកឃើញសព២នាក់ បាត់៤ទៀត

បាល់ទីម័រ (សហរដ្ឋអាមេរិក) ៖ ក្រុមអ្នកមុជទឹកអាមេរិក បានរកឃើញសាកសពកម្មករសំណង់ពីរ នាក់ជាប់គាំងនៅក្នុងឡានដឹកទំនិញ នៅបាតទន្លេ ដែលកប៉ាល់ដឹកទំនិញ បានបុកបាក់ស្ពានហ្វែនស៊ីស ស្កុតឃីយ៍ (Francis Scott Key) ក្នុងទីក្រុងបាល់ទីម័រ (Baltimore) រដ្ឋ ម៉ារីឡែនដ៍ (Maryland) សហរដ្ឋអាមេរិក ចំណែកមនុស្ស ៤នាក់ទៀត នៅតែបាត់ខ្លួននៅឡើយ។

ឧបទ្ទវហេតុកប៉ាល់ដឹកទំនិញដ៏ធំរបស់សិង្ហបុរី ឈ្មោះដាលី (Dali) បានបុកបាក់ស្ពានហ្វែនស៊ីស ស្កុតឃីយ៍ (Francis Scott Key) ក្នុងទីក្រុងបាល់ទីម័រ សហរដ្ឋអាមេរិក កើតឡើងនៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បណ្តាលឱ្យរថយន្ត ១គ្រឿង និងកម្មករសំណង់ ៨នាក់ ដែលកំពុងជួសជុលផ្លូវលើស្ពាន បានធ្លាក់ចូលទៅក្នុងទន្លេ ប៉ាតាបស្កូ (Patapsco) ក្រោយមកក្រុមជួយសង្គ្រោះ បានអាចជួយសង្គ្រោះកម្មករពីរនាក់ ចេញពីទន្លេ ខណៈមនុស្ស ៦នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ហើយអ្នកទាំងអស់ត្រូវបានគេជឿថាបានស្លាប់។

ប៉ូលិសរដ្ឋម៉ារីឡែន (Maryland) បានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ (ម៉ោងក្នុងស្រុក) ថាក្រុមអ្នកមុជទឹក បានរកឃើញសាកសពកម្មករសំណង់ ពីរនាក់ ដែលបានស្លាប់នៅក្នុងរថយន្តដឹកទំនិញ។ រួមជាមួយនឹងឈ្មោះរបស់អ្នកស្លាប់ គឺលោក ហឺណានដេស ហ៊្វូអេតេស (Hernandez Fuentes) អាយុ ៣៥ឆ្នាំ មកពីប្រទេសម៉ិកស៊ិកូ និង លោក ឌ័រលៀន រ៉ូនុយអែល កូស្ទីលឡូ កាប្រេរ៉ា (Dorlian Ronuel Costillo Cabrera) អាយុ ២៦ ឆ្នាំ មកពីប្រទេសហ្គ័រតេម៉ាឡា (Guatemala) ។

យ៉ាងណាក៏ដោយ នៅពេលនេះ ក្រុមអ្នកមុជទឹក មិនអាចចុះមុជទឹក ដើម្បីស្វែងរកអ្នកបាត់ខ្លួន ដែលនៅសេសសល់ ៤នាក់ នៅកន្លែងកើតហេតុ នៅខាងក្រោមទន្លេប៉ាតាបស្កូ (Patapsco) នោះបានទេ  សម្រាប់ហេតុផលសុវត្ថិភាព ដោយសារបេតុងនិងកម្ទេចកម្ទីដែកស្ពាន ត្រូវបានរកឃើញនៅក្នុងទន្លេ។ ។

 បច្ចុប្បន្នក្រុមជួយសង្គ្រោះ កំពុងប្រើប្រាស់ម៉ាស៊ីនស្កេន ដើម្បីស្វែងរកមនុស្សបាត់ខ្លួន និងរថយន្តដែលបានធ្លាក់ចូលទៅក្នុងទន្លេ។ បន្ទាប់ពីស្ពាន បានបាក់រលំ ព្រោះចរន្តទឹកទន្លេត្រជាក់ខ្លាំង ហើយជាច្រើនម៉ោងបានកន្លងផុតទៅ ចាប់តាំងពីគ្រោះថ្នាក់ នេះមានន័យថា កម្មករសំណង់ ៦នាក់ផ្សេងទៀត ដែលបាត់ខ្លួន ប្រហែលជាស្លាប់ទាំងអស់។

យ៉ាងណា មន្ត្រីអាមេរិក បានសន្យាជាមួយសាច់ញាតិកម្មករសំណង់ ៦នាក់ ដែលបាត់ខ្លួននោះថា នឹងបន្តស្វែងរកសាកសព ប៉ុន្តែអ្នកមុជទឹក ប្រឈមមុខនឹងគ្រោះថ្នាក់ ព្រោះត្រូវចុះមុជនិងស្វែងរកក្នុងទន្លេដែលទឹកត្រជាក់ខ្លាំង និងមានសំណល់ដែកច្រើនសន្ធឹកសន្ធាប់ពីស្ពាន ដែលបាក់ធ្លាក់ចូលទន្លេ។

ឧត្តមនាវីឯក ភីធើរ ហ្គូធៀរ (Peter Gauthier) នៃឆ្មាំឆ្នេរសមុទ្រអាមេរិក បានបង្ហាញថា កប៉ាល់ដឹកទំនិញ Dali បានចុះបញ្ជីនៅប្រទេសសិង្ហបុរី ដែលត្រូវបានជួលសម្រាប់ប្រើប្រាស់ដោយ ក្រុមហ៊ុន MEARSK ដែលជាក្រុម ហ៊ុនដឹកជញ្ជូនដ៏ធំ មានប្រេងឥន្ធនៈ និងប្រេងរំអិល ចំនួន 1.5 លានហ្គាឡុង ។ កប៉ាល់នេះ ក៏បានដឹកទូកុងតឺន័រ ចំនួន ៤៧០០ទូ រួមទាំងធុងផ្ទុកសារធាតុគ្រោះថ្នាក់ ចំនួន ៥៦ផងដែរ ខណៈកំពុងធ្វើដំណើរទៅកាន់ទីក្រុងកូឡុំបូ រាជធានីនៃប្រទេសស្រីលង្កា ប៉ុន្តែកប៉ាល់នោះមានបញ្ហាការបាត់បង់ថាមពល រហូតដល់ធ្លាក់បុក សសរ ស្ពាន ដែលមានប្រវែង ២៦០០ម៉ែត្រ បណ្តាលឲ្យបាក់រលំ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ៕

RELATED ARTICLES