Tuesday, April 30, 2024
Homeព័ត៌មានអន្តរជាតិរថយន្តក្រុងដឹកមនុស្សទៅបុណ្យ ធ្លាក់ភ្នំផ្ទុះឆេះ ស្លាប់៤៥ រស់១

រថយន្តក្រុងដឹកមនុស្សទៅបុណ្យ ធ្លាក់ភ្នំផ្ទុះឆេះ ស្លាប់៤៥ រស់១

អាហ្វ្រិកខាងត្បូង ៖ រថយន្តក្រុង ដឹកមនុស្សទៅពិធីបុណ្យ អ៊ីស្ទើរ (Easter) បានធ្លាក់ពីលើស្ពាន លើជ្រលងភ្នំមួយ នៅភាគខាងជើងអាហ្វ្រិកខាងត្បូង បណ្តាលឲ្យផ្ទុះរថយន្តទាំងមូល សម្លាប់មនុស្សយ៉ាងតិច ៤៥នាក់ ដោយក្រុមសង្គ្រោះ បានរកឃើញដោយអព្ភូតហេតុមិនគួរឲ្យជឿ គឺក្មេងស្រីម្នាក់ អាយុ ៨ឆ្នាំ ជាអ្នកនៅរស់រានមានជីវិតតែម្នាក់គត់។

តាមប្រភពទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍ថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងដឹកអ្នកទៅចូលរួមពិធីបុណ្យ Easter ។ ធ្លាក់ពីលើស្ពាន កម្ពស់ប្រហែល ៥០ម៉ែត្រ ឆ្លង កាត់ជ្រលងភ្នំអ៊ូម៉ាម៉ាតតាឡាកាឡា (Umamattalakala) ក្នុងខេត្តលីមប៉ូប៉ូ (Limpopo) ភាគខាងជើងប្រទេសអាហ្វ្រិកខាងត្បូង ហើយរថយន្តបានឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ប្រភពដដែល បន្តថា ក្រោយកើតហេតុ ក្រុមសង្គ្រោះ បានរកឃើញសាកសពចំនួន ៤៥នាក់  នៅរស់តែក្មេងស្រីម្នាក់ អាយុ ៨ឆ្នាំ។

អាជញាធរខេត្តលីមប៉ូប៉ូ (Limpopo) បាននិយាយថា រថយន្តនេះ ត្រូវបានគេជឿថា បានធ្វើដំណើរពីទីក្រុងព្រំដែន ក្នុងប្រទេសបូតស្វានា (Botswana) ដែលនៅជិតខាង ដើម្បីចូលរួមពិធីបុណ្យ Easter  នៅ Morea ចំណែកក្មេងតូចដែលនៅរស់រានមានជីវិតតែម្នាក់គត់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បានរួចរស់ជីវិត។រហូតមកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះ នៅតែស្វែងរកមនុស្សនៅកន្លែងកើតហេតុ ខណៈដែលសាកសពភាគច្រើន ត្រូវភ្លើងឆេះ ហើយសពមួយចំនួន នៅជាប់គាំងក្នុងបំណែករថយន្ត។

លោកស្រីស៊ីនឌីស៊ីវ ឈីគុងហ្គា (Sindisiwe Chikunga) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃប្រទេសអាហ្វ្រិកខាង ត្បូង បានធ្វើដំណើរទៅកន្លែងកើតហេតុ ដោយសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារដែលរងគ្រោះដោយសោកនាដកម្មគ្រោះថ្នាក់រថយន្តក្រុង។ លោកស្រីបាននិយាយថា រដ្ឋាភិបាលអាហ្វ្រិកខាង ត្បូង នឹងជួយធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុជនរងគ្រោះ ហើយនឹងបើកការស៊ើបអង្កេតពេញលេញ ទៅលើមូល ហេតុនៃគ្រោះថ្នាក់នេះ៕

RELATED ARTICLES