ខេត្តកំពង់ស្ពឺ ៖ ក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ បានជិះម៉ូតូឌុបចេញពីផ្ទះ សំដៅទៅផ្សារកំពង់ស្ពឺ រួចស្រាប់តែបាត់ខ្លួនរហូត មិនឃើញត្រឡប់មកផ្ទះវិញ ធ្វើឱ្យក្រុមគ្រួសារភិតភ័យ តាមស្វែងរកអស់រយៈពេល ៣ថ្ងៃមកហើយ នៅតែមិនទទួលបានដំណឹងអ្វីនៅឡើយ ទើបបុរសជាឪពុក បានប្រកាសសុំឱ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយ ដើម្បីស្វែងរកកូនប្រុសគាត់ ឱ្យត្រឡប់មកវិញផ្ទះ។

ក្មេងប្រុសដែលបាត់ខ្លួន មានឈ្មោះញឹប គឹមហៀង អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិត្រាចជ្រុំ សង្កាត់សុព័រទេព ក្រុងច្បារមន។ ក្មេងប្រុសរូបនេះ បានបាត់ខ្លួនតាំងពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។
តាមសម្តីបុរសឈ្មោះ ខួន ចាន់ថន អាយុ៤២ឆ្នាំ ត្រូវជាឪពុករបស់ក្មេងប្រុសដែលបាត់ខ្លួន បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ ឈ្មោះញឹប គឹមហៀង បានចេញពីផ្ទះ សំដៅទៅផ្សារកំពង់ស្ពឺ តាំងពីអំឡុងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ហើយមិនបានឃើញមកផ្ទះវិញទេ ទើបគាត់សម្រេចចិត្តទៅប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ភ្លាមៗ ដើម្បីតាមរកកូនប្រុសត្រឡប់មកវិញ។

បុរសជាឪពុក បន្តថា កូនប្រុសរបស់គាត់ បានឡើងជិះម៉ូតូឌុប ពីចំណុចបេនរថយន្ត ខាងលិចផ្សារ តែមិនដឹងថា ម៉ូតូឌុបនោះ ដឹកកូនគាត់ទៅណាទេ ហើយមកទល់នឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅតែរកកូនគាត់មិនទាន់ឃើញ ហេតុនេះគាត់សំណូមពរដល់បងប្អូនអ្នកសារព័ត៌មាន មេត្តាជួយផ្សប់ផ្សាយជួយស្វែងរកកូនប្រុសរបស់គាត់ផង។
បុរសជាឪពុកខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញក្មេងប្រុសដែលមានភិនភាគដូចរូបថតខាងលើ សូមជួយឃាត់ទុកឱ្យគាត់ផង និងសូមទំនាក់ទំនងមកគាត់ជាឪពុក តាមរយៈលេខទូរស័ព្ទលេខ ០៩៦ ២១៧ ៨៧ ៥០ ដោយក្តីអនុគ្រោះ៕