ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងញ៉ាំងឱ្យពិធីនេះ ប្រព្រឹត្តទៅយ៉ាងអធិកអធម ផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងរក្សាបាននូវទំនៀមទម្លាប់ ប្រពៃ ណី និងសិល្បៈ ដ៏ល្អផូរផង់របស់ជាតិ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណី យដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ ដែលមានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី ការរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ បានបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ និងញ៉ាំងឱ្យពិធីនេះ ប្រព្រឹត្តទៅយ៉ាងអធិកអធម ផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងរក្សាបាននូវទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈដ៏ល្អផូរផង់របស់ជាតិ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨ៈ០០ព្រឹក ដល់ម៉ោង ២០ៈ០០យប់។ នៅក្នុងសង្ក្រាន្តនេះ មានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរ បុរាណ និង វត្ថុសិល្បៈវប្បធម៌ ។
រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អញ្ជើញមកចូលរួម កម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំ ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ៕