Tuesday, April 30, 2024
Homeសន្ដិសុខសង្គមស៊ីដាច់លុយក្រុមហ៊ុន ៨ម៉ឺនដុល្លារ ជាប់ខ្នោះ

ស៊ីដាច់លុយក្រុមហ៊ុន ៨ម៉ឺនដុល្លារ ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសម្នាក់ ជាបុគ្គលិកក្រុមហ៊ុនមួយ បានបែកគំនិតកិបកេងប្រាក់ក្រុមហ៊ុន ប្រមាណជិត៨ម៉ឺនដុល្លារ ក្រោមរូបភាពប្រមូលប្រាក់ពីអតិថិជន រួចហើយមិនបានបង់ឱ្យក្រុមហ៊ុន ទុកប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន លុះក្រុមហ៊ុនស្រាវជ្រាវដឹង ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉េង កោសា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកផ្នែកលក់និងចែកចាយក្រុមហ៊ុនថ្នាំលាបមួយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មី ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា សមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បាននាំខ្លួនបុគ្គលិកម្នាក់ ផ្នែកចែកចាយថ្នាំលាប ប្រចាំតំបន់ ទៅតុលាការ ពាក់ព័ន្ធករណីកិបកេងប្រាក់ក្រុមហ៊ុន ប្រមាណជិត ៨ម៉ឺនដុល្លារអាមេរិក ក្រោមរូបភាពប្រមូលប្រាក់ពីអតិថិជន រួចហើយមិនបានបង់ឱ្យក្រុមហ៊ុន ទុកប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ។

ប្រភពដដែល បន្តថា អង្គហេតុនៃនាំខ្លួនជនសង្ស័យទៅតុលាការ សមត្ថកិច្ចបានធ្វើឡើងតាមពាក្យបណ្តឹងរបស់ភាគីក្រុមហ៊ុន ដែលបានចោទប្រកាន់ពីបទកិបកេងប្រាក់ក្រុមហ៊ុន ចំនួន ៧៩ ៦៨០ដុល្លារ។ ដោយជនសង្ស័យបានចូលបម្រើការងារជាបុគ្គលិកក្រុមហ៊ុន តាំងពីខែមេសា ឆ្នាំ២០១៧ ផ្នែកលក់ប្រចាំតំបន់៣ មានខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តកំពងឆ្នាំ ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ ជនសង្ស័យ មានភារកិច្ចយកថ្នាំលាបគ្រប់ប្រភេទ របស់ក្រុមហ៊ុន ទៅលក់ឱ្យអតិថិជន និងប្រមូលប្រាក់ពីអតិថិជន យកមកប្រគល់ឱ្យក្រុមហ៊ុនវិញ ដែលទទួលបានប្រាក់ខែ ចំនួន៤២០ដុល្លារ ក្នុង១ខែ។ ចាប់តាំងពីឆ្នាំ២០១៩ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ បំ ណុលរបស់អតិថិជនបានទិញថ្នាំលាបគ្រប់ប្រភេទ ក្រោមការគ្រប់គ្រងរបស់ឈ្មោះម៉េង កោសា មានការកើន ឡើង ដូច្នោះក្រុមហ៊ុនមានការសង្ស័យ ក៏បានធ្វើការត្រួតពិនិត្យបញ្ជីរបស់ឈ្មោះម៉េង កោសា លទ្ធផលអតិថិជនបានបង់រួចរាល់ហើយ សរុបទឹកប្រាក់ ៧៩ ៦៨០ដុល្លារ តែជាក់ស្តែងឈ្មោះម៉េង កោសា មិនបានយកប្រាក់ទាំងអស់ មកបង់ឱ្យក្រុមហ៊ុនទេ គឺជនសង្ស័យរូបនេះ មានគំនិតទុច្ចរិត បានកិបកេងប្រាក់ក្រុមហ៊ុន ទុកយកទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួន។

ប្រភពខាងលើ បញ្ជាក់ថា កន្លងមកភាគីខាងក្រុមហ៊ុន បានឱ្យឈ្មោះម៉េង កោសា ធ្វើកិច្ចសន្យាសងប្រាក់ជា បន្តបន្ទាប់ផងដែរ តែមួយរយៈចុងក្រោយនេះ សេដ្ឋកិច្ចពិភពលោកបានធ្វើឱ្យប៉ះពាល់ដល់មុខរបរអ្នករកស៊ី ជនសង្ស័យពុំមានលទ្ធភាពរកប្រាក់សងក្រុមហ៊ុន តាមកិច្ចសន្យានោះឡើយ ទើបក្រុមហ៊ុនប្តឹងទៅសមត្ថកិច្ច ឱ្យអនុវត្តតាមផ្លូវច្បាប់តែម្តង៕

RELATED ARTICLES