សហរដ្ឋអាមេរិក ៖ កប៉ាល់ដឹកទំនិញ (ទូកុងតឺន័រ) មួយគ្រឿង បានបុកស្ពានឆ្លងទន្លេអារខាន់សាស (Arkansas) ក្នុងរដ្ឋអូក្លាហូម៉ា សហរដ្ឋអាមេរិក តែសំណាងល្អដែលស្ពាន មិនបាក់រលំ ដូចករណីកប៉ាល់ដឹកទំនិញដ៏ធម បុកស្ពានឆ្លងទន្លេប៉ាតាបស្កូ នៅទីក្រុងបាល់ទីម័រ (Baltimore) រដ្ឋម៉ារីឡែន (Maryland) កាលពីថ្ងៃទី២៦ ខែមីណា ឆ្នាំ២០២៤ នោះទេ ប៉ុន្តែមន្ត្រីអាជ្ញាធរ បញ្ជាឲ្យបិទផ្លូវលើស្ពាន ជាច្រើនម៉ោង។

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា កប៉ាល់ដឹកទំនិញបានបុកស្ពានឆ្លង កាត់ទន្លេអារខាន់សាស (Arkansas) នៅរដ្ឋអូក្លាហូម៉ា សហរដ្ឋអាមេរិក តែសំណាងល្អ រចនាសម្ព័ន្ធស្ពាន មិន បានបាក់រលំទេ ប៉ុន្តែវាបណ្តាលឱ្យអាជ្ញាធររដ្ឋអូក្លាហូម៉ា ត្រូវបិទផ្លូវហាយវេ 59 នៅភាគខាងត្បូងទីក្រុងសាល លីសាវ (Sallisaw) និងផ្លាស់ប្តូរផ្លូវចរាចរណ៍ វាងផ្លូវនេះ ដើម្បីសុវត្ថិភាព។
អាជ្ញាធរ បានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេអារខាន់សាស នេះ នឹងនៅតែបិទរហូតដល់ការត្រួតពិនិត្យសុវត្ថិភាពនៃរចនាសម្ព័ន្ធស្ពាន ត្រូវបានបញ្ចប់។ ទោះយ៉ាងណា រហូតមកដល់ពេលនេះ នៅមិនទាន់ដឹងថា ហេតុអ្វីបានជាកប៉ាល់ដឹកទំនិញ បុកស្ពានខាងលើនេះទេ។

គួរបញ្ជាក់ថា ករណីនេះ កើតឡើងក្រោយតែប៉ុន្មានថ្ងៃ បន្ទាប់ពីកប៉ាល់ដឹកទំនិញដ៏ធំមួយ របស់សិង្ហបុរី បានបុកស្ពាន ហ្វ្រែនស៊ីស ស្កុតឃីយ៍ (Francis Scott Key) ជាស្អានដ៏វែង ឆ្លងកាត់ទន្លេប៉ាតាបស្កូ បណ្តាលឲ្យបាក់រលំ សម្លាប់មនុស្ស ៦នាក់ ៕