ភ្នំពេញ៖ស្រីស្អាតប៉ាច គីមមួយ មានគម្រោងដឹកដៃកំពូលស្នេហាលោកសយ រតនៈ រៀបការនៅឆ្នាំ២០២៤ នេះត្រូវបានឆាចោលទៅវិញដែលធ្វើឲ្យគូស្នេហ៍តារាហង្សមាស១គូនេះសម្រេចចិត្តជាថ្មីថាអាចនឹងធ្វើពិធីនោះនៅឆ្នាំ២០២៥ ។លោកសយ រតនៈ គូដណ្ដឹងរបស់គីមមួយ បានបញ្ជាក់ប្រាប់”នគរធំ “តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១ មេសា ថាលោកនិងគីមមួយ មិនមានផែនការណ៍រៀបការនៅឆ្នាំ២០២៤ នេះឡើយ ប៉ុន្ដែលោកទទួលស្គាល់ថាទំនាក់ទំនងស្នេហារវាងលោកនិងគូដណ្ដឹងគឺពិតជាចិត្ត១ថ្លើម១មែននាពេលបច្ចុប្បន្ន។
តារាចម្រៀងហង្សមាសលោកសយ រតនៈ ថ្លែងថា”បើនិយាយពីរឿងខ្ញុំនឹងអូនគីមមួយ រៀបការឆ្នាំនេះធ្វើអត់ទាន់ទេ ព្រោះថាយើងទាំងពីរអត់បានត្រៀមខ្លួនថានឹងការនៅឆ្នាំនេះផង។ខ្ញុំនិងគូដណ្ដឹងអាចនឹងរៀបការនៅឆ្នាំក្រោយ(២០២៥)វិញ”។
លោកសយ រតនៈ ថាការពន្យាពេលរៀបការនោះមិនមែនរូបលោកនិងគីមមួយ បារម្ភខ្លាចថាពេលការរួច ឬពេលមានកូនទៅលែងសូវមានទីផ្សារសិល្បៈនោះទេ ព្រោះលោកយល់ថាសម័យនេះហើយគេមិនគិតលើរឿងបែបនេះទៀតទេ ព្រោះមានតារាខ្លះគេមិនទាន់រៀបការមានផ្ទៃពោះ មានកូនផងក៍មិនប៉ះពាល់ទៅដល់ការងារសិល្បៈរបស់គេដែរ ។ប៉ុន្ដែលោកថាការមិនរៀបការឆ្នាំនេះមកពីមិនទាន់ដល់ពេលវេលា ហើយក្រុមគ្រួសារទាំងសងខាងក៍សម្របខ្លួនទៅតាមកូនៗដែរ ហេតុនេះហើយមិនជាបញ្ហាចោទនោះទេ ។
ទាក់ទងការសិល្បៈវិញលោកសយ រតនៈ បានឲ្យដឹងថានៅឆ្នាំ២០២៤ នេះទាំងរូបលោកនិងគីមមួយ មានភាពមមាញឹកគួរសមដែលភាគច្រើនជាMini Concerts (មិនLive) ដែលនាំឲ្យលោកនិងគូដណ្ដឹងចេញច្រៀងទាំងក្រុងនិងខេត្តជាញឹកញាប់ជាប្រចាំតែម្ដង ។តែលោកមិនប្រាប់ថាតើមួយក្នុងរដូវក្ដៅៗលោកនិងគូដណ្ដឹងទទួលបានប្រាក់ចំណូលប៉ុន្មានពីការងារសិល្បៈរួមគ្នានេះឡើយ ។
ស្រីស្អាតប៉ាច គីមមួយ បានភ្ជាប់ពាក្យជាមួយលោកសយ រតនៈ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីពួកគេស្គាល់គ្នាជាង៥ឆ្នាំ និងស្វែងយល់ចិត្តគ្នាជាង១ឆ្នាំ ។គីមមួយ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងចង់រៀបការនៅឆ្នាំ២០២៣ ព្រោះឆ្នាំនេះនាងមានអាយុ៣០ឆ្នាំ ខណៈលោករតនៈ ថាចង់រៀបការមិនឲ្យលើសពីឆ្នាំ២០២៤ ។ប៉ុន្ដែពេលនេះអ្នកទាំងពីរបានលុបមង្គលការមួយនេះទៅវិញក្រោមហេតុផលថាមិនទាន់ដល់ពេលវេលា ។ចំណែកFan តារាទាំងពីរបានសរសើរថាគីមមួយ-រតនៈ គឺពិតជាគូស្នេហ៍ដ៍សាកសមព្រោះស្រីស្រស់ប៉ះប្រុសសង្ហារ ហើយអ្នកទាំងពីរមិនដែលមានបញ្ហារង្គើរស្នេហ៍ជាមួយគ្នាម្ដងណាឡើយ ក្រោយក្លាយទៅជាគូណ្ដឹងគ្នាជាង១ឆ្នាំមកនេះ ។
ក្រៅពីប៉ាច គីមមួយ តារាដែលយកគូស្នេហ៍ជាអ្នកសិល្បៈដូចគ្នាមានដូចជាអ្នកនាងយក់ ថិតរដ្ឋា ,សែម ឆវី ,ទេព បូព្រឹក្ស ,ខាត់ សុឃីម ,គង់ សុជាតិ ,ម៉ានីកា ,ពេជ្រ សោភា ,គង់ ច័ន្ទស្រីមុំ និងស៊ឹម សូលីកា ជាដើម ។ចំពោះនាងគីមមួយ វិញទោះជាពេលនេះនាងមានគូដណ្ដឹងមែន តែនៅមានប្រុសតាមឆ្វែលស្នេហ៍ដដែល ប៉ុន្ដែស្រីស្រស់មិនចាប់អារម្មណ៍លុយ ឡាននិងវីឡារជាថ្នូរស្នេហាទេ តាំងពីមុននាងភ្ជាប់ពាក្យជាមួយលោករតនៈ ម្លេះ ដោយនាងនិយាយត្រង់ៗថាស្រលាញ់តែបុរសវ័យក្មេង ប្រុសអាយុ៤០ឆ្នាំឡើងនាងគ្មានអារម្មណ៍ជាមួយទេ កុំបាច់តាមញ៉ែនាងអីនាំតែខាតពេលទេ ។គេជឿរថាចំណងស្នេហានាងគីមមួយ និងលោករតនៈ អាចរក្សារសុវត្ថិភាពល្អ ទោះជាលើកពេលរៀបការនៅឆ្នាំនេះ ដោយសារតែអ្នកទាំងពីរប្រឹងរកលុយរួមគ្នាឲ្យបានច្រើនសិន ទើបដឹកដៃគ្នាចូលរោងការក្ដី តែពួកគេបានរួមរស់ក្រោមដំបូលផ្ទះតែមួយទៅហើយ ដោយតាមប្រភពថាផ្ទះទ្រនុំស្នេហ៍១ល្វែងនៅម្ដុំស្ពានដែកចំការដូងនោះពួកគេទិញបង់រំលោះរួមគ្នាមុនរៀបការ ។
ប្រភពខ្លះថាប៉ាច គីមមួយ ទោះជាពេលនេះនាងកំពុងមានក្ដីសុខក្នុងបេះដូងព្រោះរកបានម្ចាស់ស្នេហាជាបុរសយល់ចិត្តនាងមែន ប៉ុន្ដែអាជីពចម្រៀងរបស់នាងហាក់ចុះខ្សោយជាងមុនបន្ដិចពោលគឺតាំងពីលែងមានឱកាសច្រៀងសម្ដែងជាមួយលោកឧកញ៉ាព្រាប សុវត្ថិ ឆ្នាំ២០២០ ម្លេះ បើទោះជាពេលនេះហង្សមាសតម្រូវឲ្យនាងនិងអនាគតស្វាមីចាប់ដៃគ្នាទាំងក្នុងនិងក្រៅឆាកក្ដី ៕