បាងកក (ថៃ) ៖ នាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានបារាំង បញ្ជាក់ថា រដ្ឋាភិបាលថៃ ប្រ ញាប់ដាក់ចេញនូវគោលនយោបាយជំរុញផ្នែកសេដ្ឋកិច្ច បន្ទាប់ពីរដ្ឋាភិបាលមុន បានធ្វេសប្រហែស ហើយលោកយល់ថា គោលនយោបាយកញ្ឆា បង្កគ្រោះថ្នាក់ច្រើនជាងផ្តល់ផលសេដ្ឋកិច្ច ដូច្នេះលោកកំពុងពិចារណា យកកញ្ឆា ដាក់ក្នុងបញ្ជីគ្រឿងញៀនវិញ។
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃប្រទេសថៃ បានផ្តល់បទសម្ភាសន៍ពិសេសដល់ទីភ្នាក់ងារព័ត៌មាន FRANCE 24 ប្រទេសបារាំង ដោយសង្កត់ ធ្ងន់លើគោលនយោបាយបន្ទាន់ និងគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដោយសង្កត់ធ្ងន់ថា ក្នុងអំ ឡុងពេលនៃការបង្កើតរដ្ឋាភិបាលរបស់ខ្លួន។ ក្នុងដំណាក់កាលទីមួយ អ្វីដែលសំខាន់បំផុត គឺជំរុញសេដ្ឋកិច្ច ព្រោះកាលពី ៩ឆ្នាំមុន តាមទស្សនៈរបស់ខ្លួន មើលឃើញថា រដ្ឋាភិបាលមុន នៅតែធ្វេសប្រហែសចំពោះបញ្ហាសេដ្ឋកិច្ចមួយចំនួន ដែលជាកំហុសរបស់រដ្ឋាភិបាលមុន។ ដូច្នេះរដ្ឋាភិបាលរបស់គាត់ ផ្តោតលើការជំរុញសេដ្ឋកិច្ច ជាមុនសិន នេះរួមបញ្ចូលទាំងការបង្កើតផែនការរយៈពេលវែង សម្រាប់បញ្ហាសំខាន់ៗ ដូចជាការជំរុញការវិនិយោគ ទាំងពីសហរដ្ឋអាមេរិក និងចិន ។ល។
លោកនាយករដ្ឋមន្ត្រី ក៏បាននិយាយផងដែរអំពីការជួបជាមួយលោកអេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) ប្រធានាធិបតីបារាំង ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង កាលពីដើមខែមីនា ឆ្នាំ២០២៣ ដោយមើលឃើញថា លោកម៉ាក្រុង មានចក្ខុវិស័យដ៏អស្ចារ្យ និងយកចិត្តទុកដាក់ចំពោះពិភពលោក ។ លោកសេដ្ឋា និយាយថា គាត់និងលោកម៉ាក្រុង មានឱកាសនិយាយអំពីទំនាក់ទំនងរយៈពេល ៣០០ឆ្នាំរបស់ថៃ និងបារាំង។ រវាងប្រទេសថៃ និងបារាំង និងជាដៃគូពាណិជ្ជកម្មដ៏យូរអង្វែងមួយ ប្រទេសថៃ ត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រការផ្លាស់ប្តូរទិដ្ឋាការឥតគិតថ្លៃរវាងគ្នា ដែលនៅពាក់កណ្តាលខែឧសភា ខាងមុខ ខ្លួនលោកផ្ទាល់ នឹងទៅលេងប្រទេសបារាំង ម្តងទៀត ដើម្បីពិភាក្សាអំពីជំនួបរវាងពាណិជ្ជករថៃ និងបារាំង ហើយលោកនឹងដឹកនាំគណៈប្រតិភូនៃក្រុមហ៊ុនធំៗ ទៅពិភាក្សាជាមួយក្រុមហ៊ុនធំៗរបស់បារាំង អំពីការវិនិយោគរវាងគ្នាទៅវិញទៅមក។
លោកនាយករដ្ឋមន្ត្រីថៃ ក៏បានផ្តល់បទសម្ភាសន៍អំពីគោលនយោបាយនាំយកកញ្ឆា មកក្នុងបញ្ជីគ្រឿងញៀនវិញ ដោយឃើញថា កន្លងមក សេចក្តីប្រកាសស្តីពីការធ្វើឱ្យស្របច្បាប់ នៃកញ្ឆា បង្កការខូចខាតយ៉ាងខ្លាំងដល់ប្រជាជនថៃ លើសពីឥទ្ធិពលសេដ្ឋកិច្ច។
ចំពោះការព្រួយបារម្ភរបស់លោក អំពីស្ថានការណ៍នយោបាយ ដែលកន្លងទៅ នាយករដ្ឋមន្ត្រី មកពីគណបក្សភឿថៃ ត្រូវរងការធ្វើរដ្ឋប្រហារ ជាញឹកញាប់នោះ លោកសេដ្ឋា ថាវីស៊ីន បញ្ជាក់ថា លោកមិនបារម្ភអំពីរឿងដែលលោកមិនអាចគ្រប់គ្រងបាននោះទេ។ ប៉ុន្តែលោកនឹងផ្តោតលើអ្វីដែលលោកអាចគ្រប់គ្រងបាន ហើយលោកផ្ទាល់ បានរៀនពីកំហុសរបស់រដ្ឋាភិបាលមុន រួមទាំងគោលដៅច្បាស់លាស់ ចង់ធ្វើឲ្យជីវភាពប្រជាជនថៃ កាន់តែប្រសើរ និងជឿជាក់ថា អនាគតថៃ នឹងកាន់តែមានលទ្ធិប្រជាធិបតេយ្យ ព្រោះបើមិនដូច្នេះទេ លោកប្រហែលជាមិនបានអង្គុយនៅចំណុចនេះទេ។
លោកនាយករដ្ឋមន្ត្រី ក៏បាននិយាយក្នុងបទសម្ភាសន៍មួយអំពីការផ្តល់ជំនួយមនុស្សធម៌ ដល់មីយ៉ាន់ម៉ា ប្រសិន បើនរណាម្នាក់ ចង់សុំជំនួយ រដ្ឋាភិបាលត្រៀមខ្លួនជួយ។ ប៉ុន្តែឥឡូវនេះ មានជនអន្តោប្រវេសន៍ខ្លះបានភៀស ខ្លួនមករស់នៅក្នុងប្រទេសថៃ ហើយ ដែលលោក ជេក ស៊ូលលីវ៉ាន (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក និងលោកវ៉ាង យី (Wang Yi) រដ្ឋមន្ត្រីក្រសួងការបរទេសចិន មកប្រជុំក្រៅផ្លូវការ នៅបាងកក ព្រមជាមួយនិងការស្នើឱ្យថៃ ធ្វើជាអ្នកនៅកណ្តាល សម្រុះសម្រួលកុំឲ្យបញ្ហាកាន់តែធំឡើង រហូតដល់ក្លាយជាសង្គ្រាមនយោបាយ។ ដូច្នេះបញ្ហាជនភៀសខ្លួន មិនមែនជាបញ្ហាចម្បងនោះទេ ប៉ុន្តែគួរផ្តោតលើតួនាទីរបស់ថៃ តើនឹងដើរតួនាទីបែបណាខ្លះ ដើម្បីទប់ស្កាត់កុំឱ្យបញ្ហាកាន់តែរាលដាលទៅជាសង្គ្រាមនយោបាយ៕