Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះកុដិ ផ្អើលលោកសង្ឃ

ភ្លើងឆេះកុដិ ផ្អើលលោកសង្ឃ

ខេត្តបន្ទាយមានជ័យ ៖ កុដិ ១ខ្នង សង់ពីឈើលើថ្មក្រោម រួមទាំងទ្រព្យសម្បត្តិក្នុងកុដិទាំងស្រុង ត្រូវបានអគ្គិ ភ័យឆេះបំផ្លាញអស់ត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ធ្វើឱ្យផ្អើលព្រះសង្ឃ ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចម្រុះ រាប់សិបនាក់ ចុះជួយអន្តរាគមន៍ និងប្រើប្រាស់ ទឹកបាញ់ពន្លត់អស់ចំនួន ២រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចបិរវេណវត្តបទុមស្រះឈូក ស្ថិតភូមិភ្នំលៀបកើត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។

លោកវរសេនីយ៍ ភ្លឹង វិចិត្រ អធិការរងនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ប្រាប់ថា កុដិដែលរងការឆាបឆេះ មានទំហំបណ្តោយ១៥ម៉ែត្រ និងទទឹង៩ម៉ែត្រ សង់ពីឈើលើថ្មក្រោម។ នៅពេលអគ្គិភ័យឆាបឆេះកុដិ គឺព្រះសង្ឃនៅគង់ក្នុងកុដិផ្នែកខាងក្រោយ ហើយអគ្គិភ័យបានឆាបឆេះនៅជាន់ខាងលើ បណ្តាលឱ្យឆេះយ៉ាងសន្ធោសន្ធៅ ទើបដឹង ស្រែកផ្អើលឆោឡោដល់ព្រះសង្ឃដែលកំពុងគង់ក្នុងវត្ត យកធុងដងទឹកជះពន្លត់ភ្លាមៗដែរ។ ប៉ុន្តែដោយសារភ្លើងឆាបឆេះផ្នែកខាងលើ ជះទឹកមិនដល់ ទើបធ្វើឱ្យអណ្តាតភ្លើងកាន់តែខ្លាំង រហូតដល់រថយន្តពន្លត់អគ្គិភ័យ ១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ និងកម្លាំងនគរបាល និងកងរាជ អាវុធហត្ថស្រុក បានជួយអន្តរាគមន៍ពន្លត់ តែភ្លើងបានឆាបឆេះអស់ទៅហើយ។

លោកអធិការរង បញ្ជាក់ថា អគ្គិភ័យដែលឆាបឆេះនៅជាន់លើផ្ទះ អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទើបបង្កឱ្យឆាបឆេះអស់កុដិ ១ខ្នង និងខូចខាតទ្រព្យសម្បត្តិ រួមមាន រោងដែក ២ខ្នង បុស្បុក ១គ្រឿង ស្រូវ ៨តោន ទូកស្មាច់ ១គ្រឿង ក្តារមឈូស១ គ្រែដេក១ គ្រឿងបរិក្ខារ មានចានឆ្នាំង គ្រឿងកាត់និងផ្សារដែក ទូរទស្សន៍ ១គ្រឿង ក្បឿង ២០០០សន្លឹក សរុបទំហំការខូចខាត ជាទឹកប្រាក់ ប្រមាណ១ម៉ឺនដុល្លារ។

លោកវរសេនីយ៍ ភ្លឹង វិចិត្រ បានបញ្ជាក់ថា អគ្គិភ័យដែលឆាបឆេះ បានប្រើប្រាស់ទឹក អស់២ឡាន និងកម្លាំងចូលរួមអន្តរាគមន៍ មានកម្លាំងនគរបាល កងរាជអាវុធហត្ថ រួមជាមួយប្រជាពលរដ្ឋ ប្រមាណជាង៥០នាក់ បានមកជួយពន្លត់យ៉ាងសស្រាក់សស្រាំ៕

RELATED ARTICLES