ភ្នំពេញ ៖ សមត្ថកិច្ចជំនាញផ្នែកប្រឆាំងគ្រឿងញៀន ខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាគូស្នេហ៍ ចំនួន២គូ (ប្រុស២ ស្រី២) ដែលកំពុងសម្ងំប្រើប្រាស់ថ្នាំញៀននៅចំណុចបន្ទប់ជួលមួយកន្លែង ដោយដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន ចំនួន៣កញ្ចប់។
ប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់ថ្នាំញៀននេះ បានធ្វើឡើង កាលពីវេលាម៉ោង ២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល អត់លេខ តាមផ្លូវលេខ៣៣៦ ស្ថិតក្នុងក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះចាន់ វិសិដ្ន ហៅអាកាំង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មករអូសបន្លែផ្សារនាគមាស ស្នាក់នៅបន្ទប់ជួលអត់លេខ តាមផ្លូវ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (មានសារធាតុ ញៀន)។ ទី២-ឈ្មោះឆាយ សុខចន្ថា ហៅចន្ថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៤៣ ផ្លូវលេខ២ ភូមិចាម សង្កាត់និរោធ ខណ្ឌច្បាអំពៅ (មានសារធាតុញៀន)។ ទី៣-ឈ្មោះចាន់ ឆេងអ៊យ ហៅអ៊យ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់លៀសហាល ស្នាក់បន្ទប់ជួល អត់មានលេខ ផ្លូវ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង (មានសារធាតុញៀន) និងទី៤-ឈ្មោះគ្នី ចន្ថា ហៅចន្ថា ភេទស្រី អាយុ២៤ឆ្នាំ មុខរបររត់តុ ស្នាក់នៅកន្លែងធ្វើការខេត្តកំពង់ស្ពឺ (មានសារធាតុញៀន)។
ចំណែកវត្ថុតាងចាប់យក រួមមាន ក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ចំនួន៣កញ្ចប់ (តូច២កញ្ចប់ ធំល្មម ១កញ្ចប់)។ បំពង់កែវកែច្នៃសម្រាប់ជក់គ្រឿងញៀន ចំនួន១។ ទុយោកែច្នៃសម្រាប់ប្រើប្រាស់ ចំនួន២ និងម៉ូតូ ១គ្រឿង ម៉ាក ADV ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IY-5531 មានលេខតួ លេខម៉ាស៊ីន M 5103266។
ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕