ភ្នំពេញ៖តារាចម្រៀងសុខ ពិសី ដែលប្រៀបបានជាសិស្សច្បងរបស់ស្រីស្រស់អ៊ីវ៉ា នោះបានអោបរឹតជាមួយសិស្សប្អូនសារជាថ្មីកាលពីថ្ងៃទី៣១ មីនា ក្នុងថ្ងៃដែលស្រីនាថ ទៅសាទរនាងបើកហាងថ្មីហើយពួកគេថែមទាំងថតវីដេអូ Drama ជាមួយគ្នាទៀតផង។នេះជាសកម្មភាពថ្មីមួយទៀតរបស់ពិសី និងអ៊ីវ៉ា ដើម្បីឆ្លើយតបទៅអ្នកដែលថាសិស្សច្បង និងសិស្សប្អូនរូបនេះមិនសូវត្រូវគ្នា កាច់កុងគ្នា នោះ ឥឡូវអ្វីៗបានលាតត្រដាងច្បាស់ហើយថាបើអត់ចុះសម្រុងគ្នាមែន ម៉េចបានពួកគេកៀកកើយគ្នាបែបនេះ ?ជាមួយគ្នានេះដែរស្រីនាថ បានដាស់តឿនដល់ហ្វេនរបស់នាងក្នុងឃ្លីបវីដេអូជាមួយពិសី បែបសំណើចទាក់ទងរឿងយកប្ដីនោះថា”ល្មមៗយកទៅ ប្រយ័ត្នដូចខ្ញុំនិងអ្នកបងពិសី “។
ចំណែកFan ទាំងសងខាងបានជម្រុញឲ្យសុខ ពិសី និងអ៊ីវ៉ា ចេញបទរួមគ្នាដើម្បីឲ្យអ្នកគាំទ្រកាន់តែជឿរជាក់ថាស្រីស្អាតទាំងពីរដួងពិតជាគ្មានរឿងធំជាមួយគ្នាមែន តែទាំងពិសី និងអ៊ីវ៉ា នៅមិនទាន់បង្ហាញពីគម្រោងចាប់ដៃគ្នាច្រៀងសម្ដែងជាមួយគ្នាជាលើកដំបូងឡើយ បើទោះជាតារាទាំងពីរធ្លាប់ថតភាពយន្ដក្នុងរឿងជាមួយគ្នារបស់សាន់ដេកន្លងមកក្ដី ។អ្នកជំនាញសិល្បៈបានលើកឡើងថាពិសី ទោះជាតួឯករបស់សាន់ដេជាច្រើនឆ្នាំហើយក្ដី ប៉ុន្ដែសម្ថភាពរបស់សិស្សប្អូននាងស្រីស្រស់អ៊ីវ៉ា ក៍មិនចាញ់នាងដែរ ហេតុនេះការចាប់ដៃគ្នាច្រៀងជាដៃគូនឹងប្រាកដជាធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងជាមិនខាន ហើយក៍អាចដឹងពីសន្ទុះគាំទ្ររបស់តារាទាំងពីរថា១ណាខ្លាំងជាងដែរ ។
គួរបញ្ជាក់ថាសុខ ពិសី និងអ៊ីវ៉ា ធ្លាប់លេចឭថាអ្នកទាំងពីរមិនសូវចុះសម្រុងគ្នាជាច្រើនឆ្នាំមកហើយ ដែលតាមប្រភពថាស្រីនាថ អាកអន់ស្រពោនចិត្តពិសី ជាតួឯករហូតចំណែកនាងបានត្រឹមជាតួរងរបស់សាន់ដេ… ។ប្រភពខ្លះថាស្រីនាថ ធ្លាប់ចង់ចេញពីសាន់ដេ កន្លងមកក៍ដោយសារតែរឿងមួយនេះដែរ ប៉ុន្ដែក្រោយមកផលិតកម្មបានផ្ដល់សិទ្ធិពិសេសឲ្យនាងតាមរយៈការច្រៀងដោយគ្មានកុងត្រា ហើយនាងមានសិទ្ធិបដិសេធរាល់បទចម្រៀងទាំងឡាយណាដែលខ្លួនមិនពេញចិត្តទើបស្រីនាថ ព្រមជ្រកនៅទ្រនុំចាស់នេះបន្ដទៀតរហូតមកដល់បច្ចុប្បន្ន។ចំណែកលោកអ៊ូ វ៉ាវ ឪពុករបស់អ៊ីវ៉ា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាស្រីនាថ ទុកសាន់ដេដូចជាឪពុកម្ដាយទី២ ព្រោះនាងមានឈ្មោះល្បាញល្បីរហូតមកដល់សព្វថ្ងៃដោយសារតែផលិតកម្មមួយនេះ ។ប៉ុន្ដែលោកវ៉ាវ ថាកូនស្រីរបស់លោកក៍មិនប្រាកដថាច្រៀងនៅសាន់ដេរហូតដល់ចូលនីវត្តន៍ពីអាជីពនេះដែរ ពោលគឺធ្វើការទៅតាមពេលវេលា ។
សុខ ពិសី និងអ៊ីវ៉ា កម្រថតរូបនិងបង្ហាញសកម្មភាពស្និតស្នាលគ្នាណាស់ តែកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ តារាទាំងពីរធ្លាប់ថតនិងអោបគ្នាម្ដងហើយដែលពេលនោះស្រីនាថ ថារូបភាពបែបនោះ១ពាន់ឆ្នាំទើបមានម្ដង …។ប៉ុន្ដែការដែលពិសី និងអ៊ីវ៉ា ល្អូកល្អិនគ្នាជាថ្មីនេះនឹងកាន់តែកាត់បន្ថយរឿងមានអ្នកនៅតែសង្ស័យថាតារាទាំងពីរមិនសូវត្រូវគ្នានោះជាមិនខានឡើយ ។
គេកត់សម្គាល់ថាសុខ ពិសី ជាតារាមិនចេះប្រកាន់ដៃគូចម្រៀងនោះទេ ដោយនាងថាច្រៀងជាមួយអ្នកណាក៍បានឲ្យតែផលិតកម្មតម្រូវនាងធ្វើបានទាំងអស់ ។តារាវ័យ៣៤ឆ្នាំ រូបនេះបានប៉ះស្នេហាថៅកែសាន់ដេលោកឡាយ សុខចំរើន ជាច្រើនឆ្នាំមកហើយ តែកុំថាឡើយមានដំណឹងរៀបការ ប៉ុន្ដែសូម្បីតែការសារភាពស្នេហ៍ក៍ពិសី និងគូស្នេហ៍មិនដែលហ៊ានលាតត្រដាងម្ដងណាទេ ។ប្រភពបានឲ្យដឹងថាបើពិសី ក្លាយទៅជាភរិយាថៅកែសាន់ដេនាពេលខាងមុខនេះនោះឥទ្ធិពលរបស់នាងនៅសាន់ដេដូចគ្នាទៅនិងឱក សុគន្ធកញ្ញា នៅហង្សមាសដែរ ។ចំណែកអ៊ីវ៉ា អាយុ៣១ឆ្នាំ វិញពេលនេះនាងបង្ហាញចិត្ត១ថ្លើម១ជាមួយម្ចាស់ក្លិបបាល់ទាត់សៀមរាបយូណាយធីត លោកលី សេងហួរ ក្រោយលាក់ស្នេហ៍បាន៧ឆ្នាំ និងទើបបែកធ្លាយរឿងស្នេហ៍នេះកាលពីពាក់កណ្ដាលឆ្នាំ២០២៣ ។ប្រភពបានឲ្យដឹងថាស្រីនាថ នឹងរៀបការនៅចុងឆ្នាំ២០២៤ នេះតាមបំណងឪពុករបស់នាងលោកវ៉ាវ និងគូដណ្ដឹងនាងលោកសេងហួរ ដែលមិនចង់ពន្យាពេលតទៅទៀត ។ប្រសិនបើស្រីនាថ ការប្ដីនាពេលដ៍ខ្លីខាងមុខនេះមែន នោះពិសី អាចនឹងប្ដូរចិត្ដពីការខ្លាចរឿងចូលរោងការ ទៅជាក្លាហានព្រមធ្វើជាកូនក្រមុំមែនទែនរបស់លោកចំរើន នឹងចង់បំពេញបំណងឪពុកដូចអ៊ីវ៉ា ដែរជាមិនខាន ៕