Tuesday, April 30, 2024
Homeព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ថាគ្មានចេតនាវាយប្រ ហាររថយន្តសប្បុរសធម៌ នៅហ្គាហ្សា

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ថាគ្មានចេតនាវាយប្រ ហាររថយន្តសប្បុរសធម៌ នៅហ្គាហ្សា

អ៊ីស្រាអែល ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានអះអាងថា មិនមានចេតនាវាយប្រហារក្បួនរថយន្តសប្បុរសធម៌ នៅហ្គាហ្សា ដែលបណ្តាលឱ្យមនុស្សស្លាប់ ៧នាក់ រួមទាំងមន្ត្រីបរទេសផងដែរនោះទេ ដោយលោកថា នឹងស៊ើបអង្កេតឲ្យបានហ្មត់ចត់។

ទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានចេញមកទទួលស្គាល់ថា កងទ័ពអ៊ីស្រាអែល បានវាយប្រហារដោយចៃដន្យទៅលើប្រជាជនស្លូតត្រង់ នៅតំបន់ហ្គាហ្សាស្ទ្រីព បន្ទាប់ពីមានករណីរថយន្តមួយគ្រឿង របស់អង្គការ ‘World Central Kitchen’ (WCK)  ត្រូវបានរងការគេវាយប្រហារនៅតំបន់ហ្គាហ្សាស្ទីព (Gaza Strip) រហូតដល់មានអ្នកស្លាប់៧នាក់។

លោកលោកបេនចាមីន នេតាន់យ៉ាហ៊ូ បានមានប្រសាសន៍ថា “ជាអកុសលក្នុងអំឡុងពេលថ្ងៃកន្លងមក ឧប្បត្តិ ហេតុសោកនាដកម្មមួយ បានកើតឡើងនៅពេលដែលកងទ័ពរបស់យើង បានវាយប្រហារដោយចៃដន្យ ទៅលើ ប្រជាជនស្លូតត្រង់នៅតំបន់ហ្គាហ្សាស្ទ្រីព។ វាអាចកើតឡើងក្នុងសង្គ្រាម ហើយយើងកំពុងស៊ើបអង្កេតរឿងនេះឱ្យបានហ្មត់ចត់។ យើងកំពុងដោះស្រាយជាមួយរដ្ឋាភិបាលនានា ហើយយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីការពារកុំឱ្យមានរឿងនេះកើតឡើងទៀត នាពេលអនាគត»។

ការលើកឡើងរបស់មេដឹកនាំអ៊ីស្រាអែល ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានឧប្បត្តិហេតុការវាយប្រហារតាមអាកាស លើក្បួនរថយន្តរបស់អង្គការ WCK នៅតំបន់ Deir al-Balah កណ្តាលហ្គាហ្សា ខណៈពេលដែលរថយន្តកំពុងនាំយកអាហារ ទៅជួយជនជាតិប៉ាឡេស្ទីន មានការខ្វះខាតអាហារធ្ងន់ធ្ងរ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤ បណ្តាលឲ្យមនុស្ស ៧នាក់បានស្លាប់ ក្នុងនោះមានអ្នកកាន់សញ្ជាតិពីរ សហរដ្ឋអាមេរិក-កាណាដា អូស្ត្រាលី ចក្រភពអង់គ្លេស និងប៉ូឡូញ បូករួមទាំងជនជាតិប៉ាឡេស្ទីន ម្នាក់។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតពីឧប្បត្តិហេតុនេះនៅកម្រិតខ្ពស់បំផុត។

ស្ថាបនិកអង្គការ WCK លោក ចូស អែនដ្រេស (Jose Andres) បានថ្កោលទោសរដ្ឋាភិបាលអ៊ីស្រាអែល និងបានអំពាវនាវឱ្យបញ្ចប់ការសម្លាប់ដោយគ្មានរើសអើងបែបនេះ។

លោក ចូស អែនដ្រេស បានថ្លែងថា “រដ្ឋាភិបាលអ៊ីស្រាអែល ត្រូវបញ្ឈប់ការសម្លាប់ដោយមិនរើសមុខនេះ។ ពួកគេត្រូវបញ្ឈប់ការកំណត់ជំនួយមនុស្សធម៌ បញ្ឈប់ការសម្លាប់ជនស៊ីវិល និងបុគ្គលិកជំនួយ ហើយឈប់ប្រើអាហារជាអាវុធ»៕

RELATED ARTICLES