តៃវ៉ាន់ ៖ ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ព័ត៌មានទាន់ហេតុការណ៍ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ករណីគ្រោះរញ្ជួយដី កម្រិត ៧.៣រ៉ិចទ័រ បានកើតឡើងនៅឆ្នេរសមុទ្រភាគខាងកើត នៃកោះតៃវ៉ាន់ ដែលបណ្តាលឲ្យអគារខ្ពស់ៗជាច្រើន បានផ្អៀងទ្រេត និងបាក់រលំ ខណៈជប៉ុន និងហ្វីលីពីន ការប្រកាសអាសន្នពីរលកយក្ស ស៊ូណាមិ។

កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ទីភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍ថា នៅវេលាម៉ោង ៧:៥៧នាទីព្រឹក ម៉ោងក្នុងស្រុក នៅតៃវ៉ាន់ ឬប្រហែលម៉ោង ៦:៥៨នាទីព្រឹក ម៉ោងនៅកម្ពុជា ការរញ្ជួយដីដ៏ខ្លាំង កម្រិត ៧.៣រ៉ិចទ័ បានកើតឡើងនៅឆ្នេរសមុទ្រភាគខាងកើតនៃកោះតៃវ៉ាន់ ប្រទេសចិន ។

ប្រភពដដែល បញ្ជាក់ថា ទីក្រុងហួលាន (Hualien) ដែលជាទីក្រុងធំបំផុតរបស់តៃវ៉ាន់ បានរងការខូចខាតយ៉ាងខ្លាំង ហើយមានសេចក្តីរាយការណ៍ពីការដាច់ចរន្តអគ្គិសនីក្នុងតំបន់ជាច្រើន។ ករណីនេះ ត្រូវបានចាត់ទុកថាជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតរបស់តៃវ៉ាន់ ក្នុងរយៈពេល ២៥ ឆ្នាំមកនេះ។

ជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយសង្គម បានចែករំលែករូបភាពនៃអគារជាច្រើន ដែលបានផ្អៀងទ្រេត និងបាក់រលំ ហើយមានសេចក្តីរាយការណ៍ថា ផ្ទះជាច្រើន បានបាក់រលំ ។ ចំណែកសណ្ឋាគារមួយ ដែលមានអាងហែលទឹកនៅដំបូលអគារ បានហៀរទឹក។ រីឯហាងលក់ទំនិញនានា បានធ្លាក់ដបស្រា និងទំនិញនានាពីលើធ្នើរ បណ្តាលឲ្យបាក់បែកខូចខាត។

នាយកដ្ឋានឧតុនិយមតៃវ៉ាន់ បានចេញសេចក្តីព្រមានអំពីរលកយក្សស៊ូណាមិ ដោយព្រមានដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មាត់សមុទ្រ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ ចំណែកនាយកដ្ឋានឧតុនិយមជប៉ុន ក៏បានប្រកាសអាសន្នពីរលកយក្សស៊ូណាមិ នៅកោះមីយ៉ាកូេជីម៉ា (Miyakojima) និងកោះអូគីណាវ៉ា មានទីតាំងនៅភាគខាងត្បូងប្រទេសជប៉ុន ដែលជឿថារលកយក្សស៊ូណាមិ កម្ពស់ប្រហែល ៣ម៉ែត្រ នឹងបោកបក់មកឆ្នេរសមុទ្រ ដោយបានអំពាវនាវដល់ប្រជាជននៅតំបន់មាត់សមុទ្រ ពន្លឿនការជម្លៀសចេញពីតំបន់ឆ្នេរនៃកោះអូគីណាវ៉ា។ ទន្ទឹមនឹងនេះ ការិយាល័យអង្កេតភូគព្ភសាស្ត្រហ្វីលីពីន ក៏បានប្រកាសអាសន្នពីរលកយក្សស៊ូណាមិ រលកខ្ពស់ ដែលអាចនឹងវាយប្រហារឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសនេះផងដែរ៕




