Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទៅផ្សារទិញម្ហូប ភ្លើងឆេះផ្ទះហ្មត់

ទៅផ្សារទិញម្ហូប ភ្លើងឆេះផ្ទះហ្មត់

ខេត្តព្រះសីហនុ ៖ លំនៅឋានប្រជាពលរដ្ឋ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញ ខណៈដែលម្ចាស់ផ្ទះរវល់ចេញទៅផ្សារ ដើម្បីទិញម្ហូប បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍បាញ់ទឹកពន្លត់ អស់ចំនួន២ឡាន ទើបភ្លើងបានរលត់។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

ផ្ទះដែលរងការឆាបឆេះខាងលើ ជាកម្មសិទ្ធិរបស់ឈ្មោះយ៉េន សុខុម ភេទស្រី អាយុ៣៧ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៩និង០៥នាទីព្រឹក ថ្ងៃទី០២ ខែមសា ឆ្នាំ២០២៤ ស្ត្រីជាម្ចាស់ផ្ទះ ឈ្មោះយ៉េន សុខុម បានចេញទៅផ្សារពាណិជ្ជកម្ម ដើម្បីទិញម្ហូប ស្រាប់តែមកដល់វេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃដដែល មានអ្នកជិតខាងទូរស័ព្ទប្រាប់ថា ផ្ទះរបស់គាត់ត្រូវភ្លើងឆេះ ទើបស្ត្រីជាម្ចាស់ផ្ទះប្រញាប់ត្រឡប់មកវិញ ក៏ឃើញអគ្គិភ័យកំពុងលេបត្របាក់ផ្ទះរបស់ខ្លួនយ៉ាងសន្ធោសន្ធៅទៅហើយ។

បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីអគ្គិភ័យកើតឡើងនៅចំណុចខាងលើភ្លាម កម្លាំងជំនាញនៃការិយា ល័យជំនួយមនុស្សធម៌និងសង្គ្រោះគ្រោះមហន្តរាយ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ និងកងរាជ អាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងផ្នែកពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត បានចេញប្រតិបត្តិការជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង នៅទីតាំងកើតហេតុ។

ក្នុងប្រតិបត្តិការសង្គ្រោះនេះ សមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ដោយបាញ់ទឹកពន្លត់ភ្លើងរលត់ទាំងស្រុង នៅវេលាម៉ោង ១០និង២០នាទី ថ្ងៃដដែល។

ករណីអគ្គិភ័យខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជាក់ថា បណ្តាលឱ្យឆេះខូចខាតផ្ទះចំនួន១ខ្នង រួមទាំងសម្ភារៈប្រើប្រាស់ស្ទើរទាំងស្រុង។ ចំពោះមូលហេតុនៃការឆាបឆេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕

RELATED ARTICLES