Saturday, May 4, 2024
Homeព័ត៌មានជាតិដោះស្រាយបញ្ហាកង្ខះទីផ្សារ អ្នកវិភាគថា បង្កើនការវិនិយោគលើការច្នៃផលិតផលកសិកម្ម

ដោះស្រាយបញ្ហាកង្ខះទីផ្សារ អ្នកវិភាគថា បង្កើនការវិនិយោគលើការច្នៃផលិតផលកសិកម្ម

ភ្នំពេញៈ អ្នកវិភាគបានលើកឡើងថា ខណៈកសិករខ្មែរ មួយចំនួន យំមិនចេញ ដោយសារតែផ្លែស្វាយ របស់ខ្លួន តម្លៃថោក អត់មានអ្នកទិញ លក់មិនចេញ រហូតអ្នកខ្លះបានដឹកយកទៅចាក់ចោល រាប់តោននោះ នៅស្រុកថៃ គេកែច្នៃស្វាយស្រស់ ទៅជាដំណាប់ស្វាយ ឬស្វាយក្រៀម ដែលមានតម្លៃរហូតដល់ជាង ៣០ដុល្លារ ក្នុងមួយគីឡូ។ អ្នកវិភាគថា បានឲ្យយោបល់ថា ការបង្កើនការវិនិយោគ លើការកែច្នៃផលិតផលកសិកម្ម គឺជាវិធីមួយ ដើម្បីដោះស្រាយបញ្ហាកង្វះទីផ្សារ និងបង្កើនតម្លៃបន្ថែម សម្រាប់ផលិតផលកសិកម្មនៅកម្ពុជា ។

លោកបណ្ឌិតប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ថា ការផ្ដោតការយកចិត្តទុកដាក់ទៅលើការកែច្នៃផលិតផលកសិកម្ម រួមមានទាំងស្វាយ ដំឡូង ជាដើម គឹជារឿងចាំបាច់ ដើម្បីលើកកម្ពស់តម្លៃផលិតផលកសិកម្មនៅក្នុងប្រទេសកម្ពុជាយើង ហើយក៏ជាចំណែកមួយ ដើម្បីចូលរួមដោះស្រាយបញ្ហាខ្វះទីផ្សារនៃផលិតផលកសិកម្មនៅក្នុងស្រុកផងដែរ ដោយឈប់ខ្ចីច្រមុះយួន ច្រមុះសៀមសម្រាប់ដកដង្ហើមសម្រាប់ផលិតផលកសិកម្មរបស់ខ្លួនទៀត គឺត្រូវកែច្នៃផលិតផលកសិកម្ម ហើយដាក់លើទីផ្សារឲ្យបានថ្លៃ ដូចដែលថា ច្នៃកែច្នៃស្វាយក្រៀមលក់១គីឡូដល់ទៅ៣០ដុល្លារនោះដែរ ។ ជាពិសេសប្រសិនបើរដ្ឋាភិបាល ស្ថានទូតខ្មែរយើង ក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស ប្រឹងប្រែងទាក់ទងរកទីផ្សារផ្ទាល់ ដើម្បីនាំផលិតផលកសិកម្ម ចេញទៅលក់នៅបរទេសផ្ទាល់ ដោយមិនពឹងឆ្លងកាត់ស្រុកយួន និងស្រុកសៀម លោកគិតថា ផលិតផលយើងលក់បានថ្លៃជាងមុន ហើយបញ្ហាកង្វះទីផ្សារសម្រាប់ផលិតផលកសិកម្មហ្នឹងត្រូវបានដោះស្រាយ ។

លោកបណ្ឌិតប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “ បាទ! កន្លងមក យើងឃើញប្រជាពលរដ្ឋយើង ជាពិសេសគឺកសិករ អ្នកដាំស្វាយ ធ្វើស្រូវ ដាំចន្ទី ដាំកៅស៊ូ ពោត​ សណ្ដែកអីជាដើមហ្នឹង គឺគាត់តែងតែប្រឈមមុខទៅនឹងការលក់ផលិតផលរបស់ខ្លួនមិនចេញ ដោយសារតែទីផ្សារសម្រាប់កសិផលនៅស្រុកយើងហ្នឹង គឺយើងពឹងផ្អែកទៅលើទីផ្សារស្រុកយួន ឈ្មួញពីស្រុកយួន ទៅស្រុកថៃហ្នឹង ។ ដូច្នេះហើយពេលដែលស្រុកទាំងពីរហ្នឹង គេមិនសូវទិញផលិតផលនៅក្នុងស្រុកគេវាជន់ជោរ វាធ្វើឲ្យស្រុកយើងហ្នឹងចលាចលរកទីផ្សារលក់ផលិតផលរបស់ខ្លួនមិនចេញ នាំឲ្យពួកគាត់ហ្នឹងខាតបាត់បង់ទាំងចំណូល ខាតទាំងដើមទុនទៀត ។ ប៉ុន្តែបើយើងក្រឡេកមើលទៅស្រុកយួន និងស្រុកសៀម នៅក្បែរយើងនេះ គឺវាមិនត្រឹមតែមានវិធីដើម្បីកែច្នៃផលិតផល កសិផលរបស់គេ ដើម្បីនាំចេញទៅបរទេស ឬក៏លក់ក្នុងស្រុកដែលអាចទុកបានយូរទេ គេក៏មានទាំងលទ្ធភាពមកទិញនូវកសិផលពីស្រុកយើងហ្នឹងទៅកែច្នៃទាំងសម្រាប់ការលក់នៅក្នុងស្រុក ក៏ដូចជាការនាំចេញដែរ ។ ឧទាហរណ៍ជាក់ស្ដែង យើងឃើញនៅស្រុកខ្មែរយើង ស្វាយខែនេះគឺកសិករខ្លះហ្នឹងយំមិនចេញ ដោយសារតែអត់មានទីផ្សារលក់ស្វាយ ហើយអ្នកខ្លះហ្នឹងចាក់ចោលពាសវាសពាសកាល ។ ដោយឡែកយើងទៅមើលនៅស្រុកយួន នៅស្រុកសៀម នៅក្បែរយើងនេះ គេច្នៃស្វាយទៅជាស្វាយដំណាប់ ទៅជាស្វាយក្រៀម ដាក់លក់នៅលើទីផ្សារ ១គីឡូជាង៣០ដុល្លារ នាំចេញទៅហ្នឹង ក៏រឹតតែថ្លៃជាងហ្នឹងតទៅទៀត ។ ដូច្នេះខ្ញុំមើលឃើញបញ្ហារឿងផលិតកសិកម្មនៅក្នុងស្រុកយើងដែលខ្វះទីផ្សារនេះ គឺដោយសារតែទី១ កម្ពុជាយើងមិនបានស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្មហ្នឹងខ្លួនឯង យើងនៅតែពឹង យើងនៅតែខ្ចីច្រមុះយួន ខ្ចីច្រមុះសៀមហ្នឹងដកដង្ហើមសម្រាប់ផលិតផលកសិកម្មរបស់ខ្លួន ។ ប្រសិនបើយើងប្រឹងប្រែង ជាពិសេសរដ្ឋាភិបាល និងស្ថានទូតខ្មែរយើង ក្រសួងពាណិជ្ជកម្មយើងហ្នឹង ក្រសួងការបរទេសផងដែរ ប្រឹងប្រែងទាក់ទងរកទីផ្សារផ្ទាល់ដើម្បីនាំផលិតផលកសិកម្មហ្នឹងចេញទៅលក់នៅបរទេសផ្ទាល់ ដោយមិនពឹងឆ្លងកាត់ស្រុកយួន និងស្រុកសៀម ខ្ញុំគិតថា ទី១ ផលិតផលយើងលក់បានថ្លៃជាងមុន ទី២ ការដាក់បញ្ហាកង្វះទីផ្សារសម្រាប់ផលិតផលកសិកម្មហ្នឹងត្រូវបានដោះស្រាយ “ ។

លោកបណ្ឌិតប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “ ចំណុចមួយទៀត យើងអាចបង្កើនប្រាក់ចំណូលតម្លៃបន្ថែមពីផលិតផលកសិកម្មរបស់យើងហ្នឹង ប្រសិនបើមានការយកចិត្តទុកដាក់បន្ថែមនៅក្នុងការបង្កើតការកែច្នៃផលិតផលកសិកម្មនៅក្នុងស្រុកយើង ឧទាហរណ៍ថា ពីស្វាយធម្មតា ទៅជាដំណាប់ស្វាយ ទៅជាស្វាយក្រៀម ដែលមានការវេចខ្ចប់ត្រឹមត្រូវ មានអនាម័យ មានស្ដង់ដារខ្ពស់ ត្រូវនឹងតម្រូវការ ក៏ដូចជាស្ដង់ដាររបស់ប្រទេសធំៗនៅក្នុងពិភពលោក កែច្នៃគ្រាប់ស្វាយចន្ទី ពីការលក់គ្រាប់ស្រស់ បានកែច្នៃវេចខ្ចប់ ហើយស្រូវយើងមិនលក់ស្រូវស្រស់ លក់ស្រូវផ្ទាល់ទេ តែកែច្នៃវាទៅជាអង្ករ ឬក៏ផលិតផលអីផ្សេងៗទៀត ដែលអាចធ្វើបានពីស្រូវហ្នឹង ហើយនាំចេញ ខ្ញុំជឿថា ជាមធ្យោបាយចាំបាច់ នៅក្នុងបរិបទសព្វថ្ងៃនេះ ជាពិសេសរាល់ថ្ងៃនេះ ស្រុកយើងមានឧកញ៉ាជាង១ពាន់នាក់ ដែលម្នាក់ៗហ្នឹងមានលុយសុទ្ធតែរាប់រយលានដុល្លារ ហើយដែលខ្វះនោះ គឺខ្វះការប្ដេជ្ញាចិត្ត និងការយកចិត្តទុកដាក់ក្នុងការប្រើប្រាស់លុយកាក់ដែលខ្លួនមាន របស់ពួកគាត់មានហ្នឹងមកវិនិយោគទៅលើវិស័យអស់ហ្នឹង ។ អាហ្នឹងវាជាគ្រឹះនៃសេដ្ឋកិច្ចសម្រាប់សង្គមយើង ។ សម័យកាលឆាដីលក់ហ្នឹង វាដូចជាហួសសម័យហើយ ជាពិសេសហ្នឹងអាការអភិវឌ្ឍបែបឆាដី បែបកាប់ដាវកន្លងមកហ្នឹង វាបន្សល់នូវបញ្ហាជាច្រើន ។ យើងឃើញការផ្ទុះអាស្រូវទាក់ទងនឹងរឿងក្រុមហ៊ុនមួយចំនួន មានតាំងពីឡេង ចាន់ណា ជា សារ៉ន ថ្មីៗនេះ ក្រុមហ៊ុនស៊ីអាយស៊ី អីជាដើមហ្នឹង សុទ្ធតែជាតឹកតាងបង្ហាញអំពីហានិភ័យ និងភាពអវិជ្ជមាននៃអាជីវកម្ម ឬគម្រោងការវិនិយោគបែបកាប់ដាវ ដែលវាមិនត្រឹមតែមិនបានជួយសង្គមហ្នឹងឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានទេ បែរជាបន្សល់នូវបញ្ហា និងការជូរចត់ វាជូរចត់ដល់ប្រជាពលរដ្ឋនិងសង្គមទាំងមូលផងដែរ ។ ដូច្នេះការផ្ដោតការយកចិត្តទុកដាក់ទៅលើការកែច្នៃផលិតផលកសិកម្ម រួមមានទាំងស្វាយអីជាដើម ដំឡូងអីជាដើមហ្នឹង គឹជារឿងចាំបាច់ ដើម្បីលើកកម្ពស់តម្លៃផលិតផលកសិកម្មនៅក្នុងប្រទេសកម្ពុជាយើង ហើយក៏ជាចំណែកមួយ ដើម្បីចូលរួមដោះស្រាយបញ្ហាខ្វះទីផ្សារនៃផលិតផលកសិកម្មនៅក្នុងស្រុកផងដែរ “ ។

លោកបណ្ឌិតប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តទៀតថា “ តាមពិតខ្មែរយើង យើងមានពាក្យថា ខ្មែរធ្វើបាន ហើយបើសិនជាយើងនាំគ្នាគិតនិងប្រព្រឹត្តបែបវិជ្ជមាននៅក្នុងការងារ រួមទាំងការយកចិត្តទុកដាក់កែច្នៃផលិតផលកសិកម្មរបស់យើង ខ្ញុំជឿថា នឹងធ្វើបាន ពីព្រោះបញ្ចេកវិទ្យា វាអត់មានអីពិបាកទេ នាពេលបច្ចុប្បន្ននេះ យើងអាចទៅរៀនសូត្រ ឬក៏ទិញឧបករណ៍ពីគេយកមកប្រើប្រាស់បាន តែសំខាន់គឺការបង្កើតនូវលក្ខខណ្ឌអនុគ្រោះ និងការចូលរួមចំណែកដាក់ទុនវិនិយោគពីសំណាក់អ្នកមានធនធាននៅក្នុងសង្គម ក៏ដូចជាការផ្ដល់នូវលក្ខខណ្ឌអនុគ្រោះផ្នែកពាណិជ្ជកម្មពីរដ្ឋាភិបាល ដើម្បីឲ្យវិស័យកែច្នែផលិតផលកសិកម្មហ្នឹងមានឱកាសនៅក្នុងការចូលរួមចំណែក នៅក្នុងការអភិវឌ្ឍការកែច្នៃដំណាំឧស្សហកម្ម ឬក៏ដំណាំកសិកម្មនៅក្នុងស្រុកយើង ដែលអាចជួយបានច្រើន ជួយទាំងជីវភាពប្រជាពលរដ្ឋយើង ក៏ដូចជាបង្កើតការងារ ប្រសិនជាបង្កើតបានច្រើនទៅ អាចស្រូបកម្លាំងពលកម្មរបស់ខ្មែរយើង ដែលសព្វថ្ងៃនេះកំពុងតែធ្វើការនៅក្រៅប្រទេសហ្នឹង ត្រលប់មកក្នុងស្រុកវិញក៏បានមួយផ្នែកធំដែរ ព្រោះកសិករខ្មែរយើងកន្លងមកហ្នឹង មានបញ្ហា គឺដាំបានហើយ ប៉ុន្តែពិបាករកទីផ្សារ លក់មិនចេញ ។ ដូច្នេះបើមានការកែច្នៃ មានពង្រីកទីផ្សារនៅក្រៅស្រុកបានទូលំទូលាយ នឹងដោះស្រាយបញ្ហាកង្ខះទីផ្សារ ។ កាលណាតែទីផ្សារ គឺកសិករលក់ផលិតផលរបស់គាត់ចេញ ដល់ចេញទៅ គាត់បានចំណូល ដល់បានចំណូល ជីវភាពគាត់ធូរធារ ហើយរឹតតែធូរធារទៅទៀត ប្រសិនបើមិនខ្វះទីផ្សារ ហើយគាត់បង្កើននូវផលិតកម្មវិស័យកសិកម្មរបស់គាត់ហ្នឹងបានពីរដងក្នុងមួយឆ្នាំ ។ ឧទាហរណ៍ជាក់ស្ដែង ប្រជាពលរដ្ឋយើង កាលពីចុងឆ្នាំទៅ និងឆ្នាំនេះហ្នឹង គឺបានទទួលច្រើន ជាពិសេសកសិករ ដោយសារតែតម្លៃស្រូវនៅលើទីផ្សារហ្នឹងមានតម្លៃខ្ពស់គួរសម ពីឆ្នាំទៅ ។ ពីឆ្នាំមុនៗ ៧០០ទី៨០០ ក្នុង១ឆ្នាំ ។ ឆ្នាំនេះយ៉ាងតិចក៏បាន១ពាន់ដែរ ឬកន្លែងខ្លះទៅ ឡើងដល់១២០០ ដែលធ្វើឲ្យតម្លៃស្រូវបែបនេះ ឧទាហរណ៍ទាក់ទងតម្លៃស្រូវជាក់ស្ដែងនោះ ធ្វើឲ្យកសិករយើងហ្នឹងមានទឹកមាត់លេប ដោយសារតែតម្លៃស្រូវខ្ពស់ ហើយពួកគាត់មួយចំនួនហ្នឹងស្រវាស្រទេញខិតខំប្រឹងប្រែងធ្វើស្រែហ្នឹងពីររដូវ កន្លែងខ្លះធ្វើដល់៣រដូវក៏មានដែរ ឲ្យតែមានទឹក ។ ដូច្នេះហើយយើងគ្រាន់តែឃើញថា បើសិនជាកសិករយើងធ្លាប់ធ្វើស្រែមួយឆ្នាំ ១ដង ងាកមកធ្វើមួយឆ្នាំ ២ដងហ្នឹង យើងឃើញថា បើសិនជាគាត់ធ្វើ១ដងជាធម្មតា តាមប្រពៃណីកន្លងមក គាត់គ្រាន់តែមួយរស់ និងសល់លុយតិច ប៉ុន្តែនៅពេលដែលគាត់ឈានទៅដល់ធ្វើពីរដង ឬគាត់សល់លុយទាំងដុលហើយ ។ ដូច្នេះតែមួយឆ្នាំ ពីរឆ្នាំហ្នឹង គឺជីវភាពរបស់គាត់ច្បាស់ជាធូរធារ ប្រសិនជាគាត់អាចនៅបន្តធ្វើស្រែបានពីរដង ក្នុង១ឆ្នាំ ហើយនិងមិនខ្វះទីផ្សារនៅក្នុងការលក់ដូរស្រុករបស់គាត់នោះ ហើយជាការពិត តែកាលណាប្រជាកសិករ ប្រជាពលរដ្ឋយើងលោកធ្វើស្រែ ឬក៏ដាំផលិតផល ធ្វើកសិកម្មហ្នឹងបានផលច្រើន បានច្រើនរដូវទៅ ចំណូលរបស់គាត់កើន ជីវភាពរបស់គាត់ប្រសើរ សេដ្ឋកិច្ចជាតិហ្នឹងវាទៅឯង វារីកចម្រើនឯង ពីព្រោះកាលណាប្រជាពលរដ្ឋមានលុយ មានកាក់ទៅ គាត់ចាយវាយក្នុងរស់នៅជីវភាពប្រចាំថ្ងៃ ធ្វើនេះធ្វើនោះបន្ថែមទៅ ចរន្តលុយនេះវាដើរ សេដ្ឋកិច្ចហ្នឹងគឺវាកើនឡើងដោយស្វ័យប្រវត្តិ “ ។

លោកបណ្ឌិតប៉ា ចន្ទរឿន បានមានប្រសាសន៍បន្ថែមថា “ ជារួម រឿងការកែច្នៃក្នុងវិស័យកសិកម្មនេះ គឺជារឿងចាំបាច់ណាស់ សម្រាប់លើកកម្ពស់វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅ និងដោះស្រាយបញ្ហាកង្ខះទីផ្សារកសិកម្ម ផលិតកសិកម្មនៅក្នុងប្រទេសកម្ពុជាយើង ហើយដើម្បីធ្វើបែបនេះបានហ្នឹង ក៏ត្រូវមានការជួយជ្រោមជ្រែងដោះស្រាយបញ្ហាពីរដ្ឋាភិបាល ។ ឧទាហរណ៍ថា លក្ខខណ្ឌជំរុញឲ្យមានការវិនិយោគទៅលើការកែច្នៃផលិតកសិកម្ម ដោយតាមរយៈការផ្ដល់ឥណទាន មានការប្រាក់ទាប ឬមានការបន្ធូរបន្ថយពន្ធទៅលើអ្នករកស៊ី អ្នកវិនិយោគនៅក្នុងវិស័យនេះជាដើម ហើយទី២ ការកាត់បន្ថយនូវអំពើពុករលួយនៅក្នុងវិស័យពាណិជ្ជកម្ម ពិសេសសម្រាប់អាជីវកម្មក្នុងស្រុក ដូចជាការកែច្នៃផលិតផលកសិកម្មអីជាដើមហ្នឹង គឺជារឿងចាំបាច់ ដើម្បីឲ្យអាជីវកររកស៊ីធ្វើការនៅក្នុងវិស័យហ្នឹង លោកមានឱកាសនៅក្នុងការទទួលបានទាំងប្រាក់ចំណេញ និងមានលទ្ធភាពបន្តអាជីវកម្មរបស់ខ្លួនតទៅទៀត ហើយទី៣ កម្ពុជាក៏ត្រូវតែពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់ខ្លួន ដោយមិនត្រូវរំពឹងតែទៅលើប្រទេសថៃ និងប្រទេសវៀតណាមសព្វថ្ងៃ ដែលជាទីផ្សារទិញសម្ភារៈ ឬក៏ផលិតផលកសិកម្មស្រស់ៗ ដែលមិនបានកែច្នៃពីសុ្រកយើងទៅផ្ទាល់ហ្នឹង ការលក់ដូរដោយមិនបានកែច្នៃឲ្យបានត្រឹមត្រូវ និងតាមស្ដង់ដារហ្នឹង ។ តាមពិតទៅ យើងជាផលិតករ កសិករយើងហ្នឹងមិនបានចំណេញច្រើនទេ អ្នកដែលចំណេញច្រើននោះ គឺជាអ្នកឈ្មួញដែលបានទិញទៅបន្ត ហើយនិងផលិតករដែលយកផលិតផលកសិកម្មហ្នឹងទៅកែច្នៃវេចខ្ចប់ ហើយទៅលក់នៅទីផ្សារអន្តរជាតិទៀត ដែលសឹងតែបានផលចំណេញហ្នឹងច្រើនជាកសិករយើងដែលជាអ្នកផលិតហ្នឹងទ្វេដងផងដែរ “ ៕

RELATED ARTICLES