Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ផ្ទេរប្រេងចូលស្តុកក្រោមដី ឆាបឆេះស្ថានីយ

 ផ្ទេរប្រេងចូលស្តុកក្រោមដី ឆាបឆេះស្ថានីយ

ខេត្តសៀមរាប ៖ រថយន្តដឹកប្រេងឥន្ធនៈ ១គ្រឿង បានបើកចូលទៅផ្ទេរប្រេងសាំង ចូលក្នុងស្តុកក្រោមដី នៅស្ថានីយប្រេងមួយកន្លែង លុះកំពុងផ្ទេរបានបន្តិច កើតមានភ្លើងឆាបឆេះ ធ្វើឱ្យរាលឆេះដល់ស្ថានីយប្រេងទាំងមូល យ៉ាងសន្ធោសន្ធៅ បង្កឱ្យរងការខូចខាត គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ។

ករណីភ្លើងឆេះស្ថានីយប្រេងឥន្ធនៈនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅចំណុចស្ថានីយប្រេងឥន្ធនៈ ឈ្មោះចិនខ្មៅ ស្ថិតនៅក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក។

ម្ចាស់ទីតាំងស្ថានីយប្រេងរងគ្រោះ មានឈ្មោះឈិន ពណ្ណារាយ ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរអាជីវករ មានប្តីឈ្មោះជា សុខ អាយុ៤៤ឆ្នាំ បច្ចុប្បន្នទៅធ្វើការងារនៅប្រទេសញ៉ូវហ្សេឡែន។

លោកស៊ិន ចាន់ថុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពួក បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានរថយន្តដឹកប្រេងសាំង ១គ្រឿង ចំណុះ៣ម៉ឺន២ពាន់លីត្រ មានប្រេងសាំងចំណុះ ៨ពាន់លីត្រ ចូលមកដាក់ប្រេងនៅកន្លែងកើតហេតុខាងលើ។ លុះពេលបង្ហូរប្រេងចូលក្នុងស៊ីទែនស្តុកក្នុងដី បានប្រហែល១៥នាទី ស្រាប់ តែមានភ្លើងឆាបឆេះតែម្តង។ ពេលនោះតៃកុងរថយន្តដឹកប្រេងសាំង បានឡើងបើករថយន្តចេញពីចំណុចកើត ហេតុ ទៅទាំងភ្លើងកំពុងឆេះទុយោបង្ហូរសាំង គ្រវីគ្រវាត់លើផ្លូវ បន្ទាប់មកក៏រលត់វិញ។

ប៉ុន្តែនៅកន្លែងកើតហេតុ ក្នុងស្ថានីយប្រេង ភ្លើងចាប់ផ្តើមឆេះសន្ធោសន្ធៅ និងរាលឆ្លងឆាបឆេះទៅផ្ទះជាប់គ្នា មានម្ចាស់ឈ្មោះ ឡុច លន ភេទ ប្រុស អាយុ៦១ឆ្នាំ បណ្តាលឱ្យឆេះពិតានផ្ទះ ផ្នែកខាងលើតិចតួច និងរោលជញ្ជាំងថ្ម ខូចខាតមួយចំហៀងផ្ទះ។

ក្រោយទទួលបានព័ត៌មានពីករណីឆេះនេះ  កម្លាំងអធិការដ្ឋាននគរបាលស្រុកពួក សហការជាមួយកម្លាំងរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប រួមទាំងកម្លាំងប្រជាការពារភូមិ និងបងប្អូនប្រជាពលរដ្ឋ បានចេញជួយអន្តរាគមន៍ភ្លាមៗ។ ជាមួយនោះ ក៏មានវត្តមានរបស់លោកប្រាក់ សោភ័ណ អភិ បាលខេត្តសៀមរាប បានចុះដឹកនាំបញ្ជាប្រតិបត្តិការពន្លត់ដោយផ្ទាល់ផងដែរ។

តាមការបញ្ជាក់សមត្ថកិច្ច ក្នុងការជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះស្ថានីយប្រេងនេះ កម្លាំងជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៨គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀម រាប ចំនួន៤គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់ អធិការដ្ឋាននគរបាលស្រុកពួក ចំនួន១គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ចំនួន១គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរ បាលស្រុកអង្គរជុំ ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាពនគរបាលការពារបេតិកភណ្ឌ ចំនួន ១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ២៩ឡាន ទើបគ្រប់គ្រងស្ថានការណ៍បាន ដោយភ្លើងបានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃដដែល។

នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ បានបណ្តាលឱ្យរងរបួសស្រាល មនុស្សម្នាក់ ឈ្មោះរាវ ម៉ាណូ ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករធ្វើការនៅក្នុងស្ថានីយប្រេងខាងលើ។ ចំពោះការខូចខាត រួមមាន ឆេះខូចខាតស្ថា នីយប្រេង គ្រឿងទេស និងភេសជ្ជៈ ដែលតាំងលក់នៅក្នុងឃ្លាំងទាំងស្រុង។ 

ដោយឡែកអ្នកបើកបររថយន្តដឹកប្រេង របស់ក្រុមហ៊ុនសាវីម៉ិច SVM Petroleum ត្រូវបានកម្លាំងនគរបាលជំនាញឃាត់ខ្លួន នាំយកទៅសាកសួរនៅអធិការនគរបាលស្រុកពួក ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាត់ការទៅតាមផ្លូវច្បាប់៕

RELATED ARTICLES