Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្ទាក់ចាប់ឡានដឹកឈើ គ្មានច្បាប់

ស្ទាក់ចាប់ឡានដឹកឈើ គ្មានច្បាប់

ខេត្តឧត្តរមានជ័យ ៖  រថយន្តប្រភេទស្តារិច ១គ្រឿង ដឹកជញ្ជូនផល-អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត ត្រូវបានមេព្រៃ ស្ទាក់បង្ក្រាបបាន ខណៈពេលដែលរថយន្ត ១គ្រឿងនេះ បម្រុងដឹកឈើប្រភេទលេខ១ លោតឆត្រឆ្លងកាត់ពីព្រះវិហារ ចូលមកទឹកដីខេត្តឧត្តរមានជ័យ។

ប្រតិបត្តិការបង្ក្រាបរថយន្តដឹកជញ្ជូនផល-អនុផលព្រៃឈើ ដោយគ្មានលិខិតស្នាមនេះ ធ្វើឡើងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

រថយន្តដែលត្រូវបានមន្ត្រីជំនាញបង្ក្រាបបាន ម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-1371។

លោកអ៊ឹម សៅរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានបញ្ជាក់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញផ្នែកស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ បានធ្វើការបង្ក្រាបបានរថយន្តដឹកជញ្ជូនផល-អនុផលព្រៃឈើ ជាក់ស្តែងមែន ហើយបញ្ជូនមកខណ្ឌរដ្ឋបាលព្រៃឈើខេត្ត នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី។

ដោយឡែក លោកជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ បានបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២៤ លោកបានសហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែង បង្ក្រាបរថយន្តស្តារិច ១គ្រឿង ដឹកជញ្ជូនផល-អនុផលព្រៃឈើ ដោយគ្មាលិខិតអនុញាតប្រាកដមែន។

វត្ថុតាងដែលដកហូតបាន មានឈើប្រភេទលេខ១ ជាគ្រោងទ្វារ ប្រមាណជាង៨ផ្លាន ហើយ រថយន្ត និងវត្ថុតាងខាងលើ ត្រូវបានមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុក បញ្ជូនទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ពិន័យអន្តរការណ៍ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES