ខេត្តកំពង់ស្ពឺ ៖ រថយន្តសណ្តោងកុងតឺន័រ ១គ្រឿង បើកចុះចំណោតលោកយាយម៉ៅ ពេជ្រនិល ដាច់ហ្វ្រាំង បណ្តាលឱ្យជ្រុលទៅបុករថយន្តដឹកប្រេង ១គ្រឿង ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣៥នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ ម្តុំចំណោតលោកយាយម៉ៅ ពេជ្រនិល ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តសណ្តោងកុងតឺន័រ ១គ្រឿង ក្បាលពណ៌ស បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ចុះចំណោតលោកយាយម៉ៅ ពេជ្រនិល ក្នុងល្បឿនយ៉ាងលឿន លុះក្រោយមករថយន្តបានដាច់ហ្វ្រាំង ធ្វើឱ្យជ្រុលទៅបុករថយន្តដឹកស៊ីទែនប្រេង ១គ្រឿង របស់ក្រុមហ៊ុនសូគីម៉ិច ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹង បណ្តាលឱ្យរងការខូចខាតទាំងសងខាង។

ប្រភពដដែល បន្តថា យ៉ាងណា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ មិនបណ្តាលឱ្យរងរបួសមនុស្សនោះទេ ហើយក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៍សម្រួលចរាចរណ៍ និងធ្វើការវាស់វែង រួចអូសយករថយន្តទាំង២គ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ។

ជាមួយនេះ សមត្ថកិច្ចសំណូមពរបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងលើ សូមមេត្តាបន្ថយល្បឿន និងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះផ្លូវជាតិលេខ៤ កំពុងតែជួសជុល៕

