Saturday, May 4, 2024
Homeព័ត៌មានជាតិការពារបាត់បង់ទឹកដី អ្នកវិភាគថា កម្ពុជា ត្រូវពង្រឹងព្រំដែន ត្រួតត្រាជនអន្តោប្រវេសន៍

ការពារបាត់បង់ទឹកដី អ្នកវិភាគថា កម្ពុជា ត្រូវពង្រឹងព្រំដែន ត្រួតត្រាជនអន្តោប្រវេសន៍

ភ្នំពេញ ៖ អ្នកវិភាគ និងអ្នកឃ្លាំមើល បានលើកឡើងថា កម្ពុជា ប្រឈមនឹងហានិភ័យបាត់បង់ទឹកដីជានិច្ច តែសំខាន់គឺយើងត្រូវនាំគ្នារកយុទ្ធសាស្ត្រពង្រឹងព្រំដែន និងត្រួតត្រាជនអន្តោប្រវេសន៍ ឲ្យបាន ដើម្បីការពារបាត់បង់ទឹកដី។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនិងជាអ្នកសិក្សាសង្គមដើម្បីការអភិវឌ្ឍ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ថា “តាមប្រវត្តិសាស្រ្តយើងដូចជាមិនបានធ្វើឲ្យមានប្រសិទ្ធភាពក្នុងការការពារព្រំដែនរបស់យើង ព្រំដែនយើងចេះតែខើចទៅៗ ។ ម្ល៉ោះហើយយើងត្រូវរកមធ្យោបាយផ្សេង យុទ្ធសាស្រ្តមួយ គឺហៅថា យកមនុស្សទៅទប់មនុស្ស ឲ្យមនុស្សទៅនៅជាមួយនឹងអ្នកការពារព្រំដែនយើងហ្នឹង គឺយោធាយើងហ្នឹង ហើយចែកដី ចែកអីឲ្យនៅទៅ ហើយឲ្យមានសេវាសាធារណៈ ដូចជាសង្គមកិច្ច ផ្លូវចេញចូល ដើម្បីលក់ផលដំណាំអីផ្សេងៗ ហើយគឺបើខ្ញុំវិញ ចៅហ្វាយស្រុកនៅស្រុកព្រំដែនទាំងអស់ គឺដាក់មន្រ្តីយោធាយើងជាន់ខ្ពស់ ដើម្បីធ្វើជាអភិបាល ហើយបំណងមួយ ករណីកិច្ចមួយ គឺការពារព្រំដែន ហើយគឺយើងឈប់ឲ្យសម្បទានដីសេដ្ឋកិច្ចនៅតាមព្រំដែនទាំងអស់ ឬជួលអីនៅដីព្រំដែនទាំងអស់ ។ មានន័យថា ក្នុងស្រុកព្រំដែនហ្នឹង គឺឈប់ជួលឲ្យគេ ហើយត្រួតត្រាឲ្យបាន គ្រប់គ្រងឲ្យបានដីសម្បទានដែលបានធ្វើហើយ ដាក់កងទ័ព ឬក៏នគរបាលឲ្យយាមកាម ព្រោះគេអាចចេញចូលបានស្រេចចិត្ត ។ នេះជាមធ្យោបាយ ឬក៏យុទ្ធសាស្រ្តខ្លីមួយ ដែលអាចធ្វើបាន គឺជាគោលការណ៍ យកមនុស្សទៅទប់មនុស្ស ព្រោះខាងប្រទេសជិតខាង គេមានមនុស្សច្រើនៗ ជាពិសេសខាងកើតហ្នឹង ហើយគេសង្កេតឃើញមានចលនាមនុស្សពីកើតទៅលិច ដូចសព្វថ្ងៃឃើញហើយ ខាងវៀតណាម មកខ្មែរ ហើយខ្មែរ ទៅថៃ ពីដើមក៏អ៊ីចឹងដែរ អាហ្នឹងចំណុចរឿងព្រំដែន ។ រឿងមួយទៀត រឿងអន្តោប្រវេសន៍ ជាពិសេសជនជាតិវៀតណាម ហ្នឹង គឺមកហ្នឹង មកតាមកងទ័ព ហើយកងទ័ពដកទៅវិញ តាមច្បាប់អន្តរជាតិ គឺត្រូវត្រលប់ទៅវិញ ហើយយើងឲ្យនៅ ។ ត្រង់ហ្នឹងហើយ យើងត្រួតត្រាអត់បាន ខ្លួនយើងហ្នឹង មិនមែនត្រឹមតែឲ្យនៅទេ គឺរកមធ្យោបាយដីធ្លីអីចែកគេទៅទៀត ។ អាហ្នឹងគឺចេះតែកើតកាលវាលគុម្ព ដូចឫស្សីអ៊ីចឹង ចេះតែបែកទៅៗ ហើយក៏ធ្វើឲ្យយើងនឹកឃើញរៀនប្រវត្តិសាស្រ្ត អំពីវៀតណាម ការចុះពីខាងជើង មកខាងត្បូង អាហ្នឹងគឺគេបញ្ជូនជនអន្តោប្រវេសន៍គេមក បញ្ជូនជនជាតិគេ ឲ្យមកនៅហ្នឹង ហើយខាងយោធាការពារទៅ ព្រោះបន្តិចម្ដងៗហ្នឹង អស់កម្ពុជាក្រោមទៅ រហូតទៅដល់កំពង់ធំ រហូតទៅដល់ស្វាយដូនកែវ ចូលនៅក្នុងអាណាចក្ររបស់គេ អាហ្នឹងមុនបារាំងចូលមក ។ ដូច្នេះរឿងអន្តោប្រវេសន៍ ទាំងចិន ទាំងអីហ្នឹង ចិន មកអត់បង្រៀនយើងឲ្យចេះធ្វើការរកស៊ីទេ ជំំនាញរបស់គេហ្នឹង គឺគិតរឿងល្បែង គិតរឿងបោកប្រាស់អីអ៊ីចឹងទៅ ។ អាហ្នឹងគឺអត់ល្អទេ ហើយយើងក៏មិនគួរស្វាគមន៍រឿងអ៊ីចឹងៗដែរ អន្តោប្រវេសន៍អ៊ីចឹងៗដែរ“ ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តថា “ដូច្នេះត្រួតត្រាអន្តោប្រវេសន៍ គឺយើងអនុវត្តច្បាប់អន្តោប្រវេសន៍យើងឲ្យបានត្រឹមត្រូវ ហើយយើងត្រូវមានគោលគោលការណ៍មួយទៀត ដែលនៅស្រុកគេធ្វើអ៊ីចឹង គឺអ្នកមកនៅហ្នឹង មុននឹងបានសញ្ជាតិខ្មែរហ្នឹង គឺត្រូវមានគុណសម្បត្តិជាតិ ជនជាតិយើងហ្នឹង ។ ដូចនៅអាមេរិក នៅអីហ្នឹង ខ្ញុំឃើញគេធ្វើតេស្តមាន ១០០សំណួរ ម៉្លោះហើយគេច្បាស់ហើយថា យើងហ្នឹងគឺស្គាល់ទឹកដីអាមេរិកាំង ស្គាល់តាំងពីតំណាងរាស្រ្តថែមទៅទៀតផង រដ្ឋធម្មនុញ្ញគេខ្លះៗ ដើម្បីទៅជាជនជាតិអាមេរិកាំងបាន របៀបគេហៅថា សមាហរណកម្ម គឺអត់រស់នៅដាច់ខ្លួនឯងទេ បើថាជនជាតិខ្មែរ ត្រូវតែចេះភាសាខ្មែរ ដូចនៅអាមេរិក អ៊ីចឹង គេទាមទារឲ្យចេះភាសា នៅស្រុកណាក៏អ៊ីចឹងដែរ ។ ហើយដូចរឿងសម្បទានដីសេដ្ឋកិច្ច រឿងជួលដី ខ្ញុំមិនច្បាស់ថា ពីសម្បទាន ថៅកែក្លាយទៅជាជួល ជនអន្តោប្រវេសន៍ហ្នឹង គឺគេអាចមានសញ្ជាតិខ្មែរ ហើយគេអាចមានកម្មសិទ្ធិដីធី្ល ហើយធំៗទៀត ដូចសម្បទាននៅព្រំដែន នៅអីហ្នឹង គឺទៅជាដីគេទៅ ។ ថ្វីត្បិតតែជាជនជាតិខ្មែរមែន ក៏ប៉ុន្តែយកសញ្ជាតិហ្នឹង ដើម្បីសម្រួលការងារគេទេ មិនមែនសញ្ជាតិហ្នឹង ឲ្យទៅដាក់ខ្លួនជាជាតិខ្មែរដដែល ដូចអ្នកខ្លះយកសញ្ជាតិអាមេរិក យកអីហ្នឹង គឺសម្រាប់ដើរធ្វើដំណើរស្រួលទៅនោះទេ ហើយបើខ្ញុំវិញ រឿងជួលដីនៅតាមព្រំដែន រឿងដីសម្បទានសេដ្ឋកិច្ចនៅតាមព្រំដែន បើសិនជាជួលឲ្យខ្មែរ ត្រូវតែខ្មែរហ្នឹងមានឪពុកម្ដាយមានសញ្ជាតិខ្មែរហ្នឹងឲ្យច្បាស់លាស់ ។ ហើយខ្ញុំសុំបន្ថែមបន្តិច សម្បទានដីសេដ្ឋកិច្ចនៅតាមព្រំដែន គេយកទៅធ្វើអី? គេយកទៅដាំដំណាំ តើកម្មករខ្មែរគេប្រើ ឬមួយក៏កម្មករជនជាតិគេ? អាហ្នឹងរឿងអន្តោប្រវេសន៍ទៀតហើយ យើងត្រួតត្រាបានទេ? ហើយគេគួររំលឹក ថារឿងដែលវៀតណាម មកធ្វើការជាកម្មករចៀរកៅស៊ូចម្ការកៅស៊ូបារាំង អាហ្នឹងនៅមួយសំបុកធំហ្នឹង រួចដល់មានសង្គ្រាមឆ្នាំ១៩៧០ ពួកហ្នឹងចេញមកតែម្ដង គ្រោះថ្នាក់ទៀត ។ អានេះប្រវត្តិសាស្រ្ត ហើយក៏ប្រវត្តិសាស្រ្តដែរ ជំនាន់ខ្មែរក្រហមអត់មានជនជាតិបរទេសទេ ដូច្នេះជនជាតិវៀតណាម មកហ្នឹង គឺមកជាមួយកងទ័ព គេហៅថា និគមជន ដូចជាយីពុន បញ្ជូនមនុស្សទៅនៅពេញស្រុកចិន ដែលជប៉ុន ត្រួតត្រា អាហ្នឹងគេហៅថា និគមជននៅស្រុកចិន ពេលជប៉ុន ចាញ់សង្រ្គាម ត្រូវដកថយ ហើយដកនិគមជនរបស់ខ្លួនមកវិញដែរ“ ។

ស្រដៀងគ្នានេះដែរ លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងអ្នកជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ថា ការស្វែងរកយុទ្ធសាស្រ្តពង្រឹងព្រំដែនកម្ពុជា និងការគ្រប់គ្រងទៅលើជនអន្តោប្រវេសន៍ខុសច្បាប់ ក៏ដូចជាវិធីសាស្រ្តនៅក្នុងការការពារព្រំដែន ឬក៏ទឹកដីរបស់យើង វាជារឿងមួយដែលត្រូវធ្វើឡើងពីគ្រប់ភាគីចម្រុះទាំងអស់ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ។ ជាពិសេសវាចាំបាច់ណាស់ ត្រូវតែចាត់នូវវិធានការសន្តិសុខ និងគោលនយោបាយមួយច្បាស់លាស់ ដើម្បីធានាទៅដល់តុល្យភាពនៅក្នុងការរក្សាទំនាក់ទំនងជាមួយនឹងប្រទេសជិតខាង ស្មើភាពគ្នាចំពោះមុខច្បាប់ ហើយនិងរួមគ្នា ដើម្បីលើកកម្ពស់ទៅដល់សិទ្ធិផ្សេងៗ ដើម្បីកុំឲ្យវាមានផលជះជាអវិជ្ជមានទៅដល់អធិបតេយ្យនៃប្រទេសរៀងៗខ្លួន ។

លោកសេក សុជាតិ បានមានប្រសាសន៍ថា “ហ្នឹងហើយ! ពាក់ព័ន្ធជាមួយក្ដីកង្វល់ ទាក់ទងរឿងការបាត់ទឹកដីនៅពេលអនាគត វាគឺជាក្ដីកង្វល់រួមរបស់ប្រជាជាតិខ្មែរយើង ហើយយើងដឹងហើយថា បញ្ហាទាំងអស់នេះ វាមិនមែនជារឿងថ្មីទេ ហើយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាហ្នឹង ក៏បានបង្ហាញយើងយ៉ាងច្បាស់ ការបាត់បង់ទឹកដីជាចំណែកបន្តិចម្ដងៗ ទៅកាន់ប្រទេសជាប់ខាង ។ នៅក្នុងនោះ យើងឃើញហើយ កត្តាសំខាន់កើតមានឡើងនៅពេលកន្លងមកហ្នឹង គឺនៅក្នុងជម្លោះប្រវត្តិសាស្រ្តទាំងអស់ហ្នឹង គឺបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី ហើយបញ្ហាមកក្រោយនេះ ទោះបីជាមិនមានការច្បាំងជម្លោះគ្នាដើម្បីដណ្ដើមទឹកដីក៏ដោយ ក៏ប៉ុន្តែមានការបំពានទៅលើព្រំដែននៅក្នុងប្រទេសរបស់យើង តាមរយៈប្រទេសជាប់ខាងម្ដងបន្តិចៗ តាមគ្រប់រូបភាពទាំងអស់ ដែលគេអាចធ្វើទៅបាន ហើយនិងចំណុចសំខាន់ទី៣នោះ គឺទាក់ទងនឹងកត្តាជំរុញ ឬក៏បញ្ចូលជនអន្តោប្រវេសន៍ខុសច្បាប់មកក្នុងប្រទេសរបស់យើង ហើយយើងដឹងហើយថា បញ្ហានេះគឺកើតឡើងច្រើននៅក្នុងអំឡុងពេលជិត ៥ទសវត្សរ៍ចុងក្រោយនេះ គឺកម្ពុជា ក្រោយពេលចាកចេញពីរបបកម្ពុជាប្រជាធិបតេយ្យហ្នឹង គឺជនអន្តោប្រវេសន៍ខុសច្បាប់ មានច្រើនមែនទែន ដែលបានហូរចូលមកប្រទេសកម្ពុជា ហើយទាំងអស់នេះ គឺជាប្រវត្តិសាស្រ្តមួយ ដែលកម្ពុជា ធ្លាប់ជួបប្រទះជាមួយប្រទេសជិតខាង ជាពិសេសគឺមានប្រទេសវៀតណាម ក៏ដូចជាប្រទេសថៃ ហើយក៏មានបញ្ហាព្រំដែនមួយចំនួនដែរ ជាមួយប្រទេសឡាវ នាពេលថ្មីៗចុងក្រោយប៉ុន្មានឆ្នាំនេះ ។ បញ្ហាទាំងអស់ហ្នឹង វាបានបង្កឲ្យមានភាពតានតឹងច្រើនមែនទែន រហូតទៅដល់ប្រឈមដាក់គ្នាផ្នែកយោធាក៏មានដែរ ។ ដូច្នេះបញ្ហាទាំងអស់នេះ វាជាហានិភ័យខ្ពស់មួយ សម្រាប់កម្ពុជា ជាពិសេសគឺប្រជាពលរដ្ឋ ។ ទោះបីជាពេលបច្ចុប្បន្ននេះ មិនទាន់មានការដោះស្រាយបញ្ហាព្រំដែនបានជាក់លាក់តាមរយៈការបោះបង្គោលព្រំដែនរួមគ្នា នៅលើការរៀបចំផែនទីសម្រាប់សម្គាល់ទឹកដីរបស់យើងជាដើម ។ ជាពិសេសគឺយើងឃើញហើយ មានកិច្ចព្រមព្រៀងជាច្រើន ដែលត្រូវបានរស់ឡើងវិញ ក្រោយពេលដែលកម្ពុជា ទទួលបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមួយ ហើយត្រូវបានព្រមព្រៀងជាមួយនឹងប្រទេសសជាប់ខាង តាមរយៈកិច្ចព្រមព្រៀងសម័យអាណានិគមអីជាដើម» ។

លោកសេក សុជាតិ បន្តថា «ដូច្នេះចំពោះបញ្ហាទាំងអស់នេះ វាបានជះឥទ្ធិពលច្រើនទៅដល់កម្ពុជា និងប្រជាពលរដ្ឋ ជាពិសេសគឺនៅក្នុងតំបន់ដែលមានជម្លោះ ដូចជានៅប្រទេសថៃ យើងឃើញហើយ តំបន់ត្រួតស៊ីគ្នា រឿងប្រេង នៅក្នុងដែនសមុទ្រអីអ៊ីចឹងជាដើម ហើយនិងធនធានធម្មជាតិជាច្រើនទៀត ដែលកើតមាននៅជាប់ព្រំដែននៃប្រទេសទាំងអស់ ដែលមានដែនជាប់ជាមួយនឹងកម្ពុជា ហើយសុទ្ធសឹងតែជាធនធានរ៉ែដ៏មានតម្លៃ ហើយក៏ត្រូវបានរំលោភបំពាន និងបំផ្លាញពីក្រុមឈ្មួញទុច្ចរិត ឬក៏មន្រ្តីដែលកេងប្រវ័ញ្ចផលប្រយោជន៍ធនធានធម្មជាតិ ដើម្បីជាប្រយោជន៍របស់ខ្លួនហ្នឹង ដូចជាព្រៃឈើ ដូចជារ៉ែ ដែលធ្វើឲ្យបញ្ហាទាំងអស់ហ្នឹងក្លាយទៅជាបញ្ហាប្រឈមយ៉ាងធំសម្រាប់កម្ពុជា ហើយមានការទិតៀនជាច្រើនពីគ្រប់មជ្ឈដ្ឋានទាំងអស់ ។ បញ្ហាទាំងអស់នេះហើយ គឺសុទ្ធសឹងតែជាបញ្ហាធំ ដែលយើងមើលឃើញថា ជាហានិភ័យមួយ បើសិនជាយើងមិនយកចិត្តទុកដាក់ឲ្យបានល្អទេ ថ្ងៃណាមួយ យើងនឹងអាចក្លាយទៅជាជនជាតិដើមរស់នៅក្នុងទឹកដីខ្លួនឯង ក៏ប៉ុន្តែមិនមានសិទ្ធិដូចកម្ពុជាក្រោម អីអ៊ីចឹងជាដើម ។ ដូច្នេះបញ្ហាទាំងអស់នេះ ក៏មានរូបភាពថ្មីៗជាច្រើនត្រូវបានប្រទេសជាច្រើននៅលើពិភពលោកមានការព្រួយបារម្ភដែរ ជាពិសេសទាក់ទងជាមួយការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់មករស់នៅក្នុងទឹកដីរបស់យើង ក៏ប៉ុន្តែត្រូវបានទទួលសិទ្ធិរស់នៅជាអចិន្រ្តៃយ៍ ប្រកបរបរអ្វីៗសព្វបែបយ៉ាង ក៏ប៉ុន្តែមិនឲ្យពួកគាត់រៀបចំខ្លួនឲ្យអនុវត្តទៅតាមច្បាប់ ដូចអ្វីដែលមានចែងទាក់ទងជាមួយបញ្ហាអន្តោប្រវេសន៍អីជាដើម ។ ដូច្នេះអានេះគឺជាបញ្ហាមួយដែលអាចប៉ះពាល់ ឬក៏អាចនឹងឲ្យមានការផ្លាស់ប្ដូរជាប្រវត្តិសាស្រ្តនៅក្នុងប្រទេសរបស់យើង ទាក់ទងជាមួយការទាមទារនូវអធិបតេយ្យ ទាក់ទងជាមួយនឹងសិទ្ធិសេរីភាពផ្សេងៗទៀត ដែលអាចឲ្យប្រទេសជាប់ខាងហ្នឹងយកធ្វើជាលេសក្នុងការរំលោភបំពានកម្ពុជា នៅពេលខាងមុខហ្នឹង“ ។

លោកសេក សុជាតិ បានមានប្រសាសន៍ថា “ទាក់ទងជាមួយនឹងការស្វែងរកយុទ្ធសាស្រ្តពង្រឹងព្រំដែនកម្ពុជា ហើយនិងការគ្រប់គ្រងទៅលើជនអន្តោប្រវេសន៍ខុសច្បាប់ ក៏ដូចជាវិធីសាស្រ្តនៅក្នុងការការពារព្រំដែន ឬក៏ទឹកដីរបស់យើងហ្នឹង វាជារឿងមួយដែលត្រូវធ្វើឡើងពីគ្រប់ភាគីចម្រុះទាំងអស់ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ។ ក្នុងនោះមានទាំងវិធានការការទូត ច្បាប់ ហើយនិងសន្តិសុខ អ្វីៗជាច្រើន ជាពិសេសត្រូវតែមានការចូលរួមពីគណបក្សនយោបាយទាំងអស់ ធ្វើយ៉ាងណាក៏ដោយ គឺគ្រប់ភាគីដែលពាក់ព័ន្ធក្នុងនាមជាខ្មែរតែមួយហ្នឹងត្រូវខិតខំពង្រឹងទំនាក់ទំនងការទូតជាមួយនឹងប្រទេសជិតខាង ក៏ដូចជាស្វែងរកវិធីសាស្រ្តយ៉ាងណា ដោះស្រាយបញ្ហាដោយសន្តិវិធី ។ អាហ្នឹងគឺជារឿងសំខាន់ដែលយើងត្រូវការធនធានមនុស្សដែលមានសមត្ថភាពច្បាស់លាស់ ដើម្បីជួយរួមចំណែកនៅក្នុងការដោះស្រាយបញ្ហាទាំងអស់ ហើយពាក់ព័ន្ធជាមួយនឹងការដោះស្រាយមួយទៀត ទាំងព្រំដែន ទាំងជនអន្តោប្រវេសន៍ហ្នឹង គឺយើងត្រូវតែអនុវត្តទៅតាមក្របខ័ណ្ឌច្បាប់ជាតិ អន្តរជាតិដែលមាន ហើយយើងក៏ត្រូវពង្រឹង ឬក៏បង្កើតនូវគោលនយោបាយមួយសម្រាប់គ្រប់គ្រងជនអន្តោប្រវេសន៍ ដើម្បីធានាទៅដល់តុល្យភាពសន្តិសុខជាតិ ដែលត្រូវការពង្រឹងតាមរយៈសិទ្ធិមនុស្ស និងប្រជាធិបតេយ្យអីជាដើម ។ ទី៣ គឺត្រូវពង្រឹងសន្តិសុខនៅតាមព្រំដែន ហើយយើងដឹងហើយថា បញ្ហាទាំងអស់ ព្រំដែនគឺជាជញ្ជាំងមួយដែលអាចខណ្ឌចែកអំពីទឹកដីរបស់ប្រទេសនីមួយៗ ហើយប្រសិនជាយើងអាចប្រើប្រាស់ ឬក៏ដាក់ចេញនូវបច្ចេកវិទ្យាជាន់ខ្ពស់នៅក្នុងការតាមដានបញ្ហាផ្សេងៗនៅតាមព្រំដែននេះ គឺជារឿងល្អ ហើយយើងបង្កើនការល្បាត ដោយប្រើប្រាស់កងកម្លាំង ឬក៏បង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅតាមច្រកសំខាន់ៗ ដែលត្រូវយកចិត្តទុកដាក់ ដើម្បីកុំឲ្យមានការឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយ ដោយខុសច្បាប់ ហើយនិងធ្វើឲ្យប៉ះពាល់ទៅដល់ផ្នែកផ្សេងៗទៀត ដែលមាននៅក្នុងប្រទេសរបស់យើង“ ។

លោកសេក សុជាតិ បានមានប្រសាសន៍បន្តទៀតថា “ទី៤ គឺការចូលរួមសហគមន៍នៅក្នុងតំបន់របស់យើង ជាមួយនឹងក្រុមអ្នកជំនាញអន្តរជាតិផ្សេងៗ តើឲ្យពួកគាត់ហ្នឹងជួយយើងនៅក្នុងការឃ្លាំមើលអំពីបញ្ហាព្រំដែន ហើយនិងទឹកដី ទាក់ទងនឹងបញ្ហានេះ គឺវាអាចនឹងមានផលប៉ះពាល់មួយចំនួនទៅដល់បញ្ហាសម្ងាត់របស់សង្គម ក៏ប៉ុន្តែបើសិនជាបើកចំហទៅលើព្រំដែន ហើយបើកលំហូរឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ចូលទៅត្រួតពិនិត្យទៅតាមបង្គោលព្រំដែនដែលបានបោះ ឬក៏នៅតំបន់ទាំងអស់ហ្នឹង ខ្ញុំគិតថា វាអាចជួយយើងបានច្រើន ហើយអាចទប់ស្កាត់ទៅដល់ការឆ្លងដែនខុសច្បាប់ ក៏ដូចជាមិនឲ្យទឹកដីរបស់យើងហ្នឹងត្រូវបានប្រទេសជាប់ខាងហ្នឹងកេងចំណេញផលប្រយោជន៍ពីលើ ហើយធ្វើឲ្យប្រជាពលរដ្ឋរបស់យើងហ្នឹងមានទុក្ខលំបាកអីអ៊ីចឹងជាដើម ហើយនៅតាមតំបន់ព្រំដែនហ្នឹងក៏គួរតែរៀបចំឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចឲ្យបានខ្លាំងក្លា ពីព្រោះយើងដឹងហើយថា នៅពេលតំបន់ព្រំដែនមានសិទ្ធិអភិវឌ្ឍ វានឹងជួយកាត់បន្ថយក្នុងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ក៏ដូចជាការរត់ពន្ធ ហើយជាពិសេសគឺវាអាចធ្វើឲ្យមានស្ថិរភាព ហើយឲ្យប្រទេសទាំងអស់ដែលមានព្រំដែនជាប់គ្នាហ្នឹងពិចារណា ហើយនិងអាចដោះដូរផលប្រយោជន៍គ្នាទៅវិញទៅមក នៅក្នុងតំបន់ព្រំដែនហ្នឹង ដោយពុំចាំបាច់មានការឆ្លងទៅ ឆ្លងមក ឬក៏ធ្វើអន្តោប្រវេសន៍ដោយខុសច្បាប់នោះទេ ហើយចំណុចដែលសំខាន់ពីរទៀត គឺកិច្ចសហប្រតិការជាមួយនឹងដៃគូអន្តរជាតិ ជាពិសេសជាមួយនឹងប្រទេសដែលមានយន្តការគ្រប់គ្រង់ជនអន្តោប្រវេសន៍ ធ្វើយ៉ាងម៉េចក៏ដោយ នាំគ្នាប្រយុទ្ធប្រឆាំងការរត់ពន្ធមនុស្ស ក៏ដូចជាការឆ្លងចូលព្រំដែន ឬក៏គេចចូលទៅក្នុងប្រទេសហ្នឹង ដោយសម្ងាត់ជាដើម ឬក៏អាចសហការគ្នាក្នុងការអនុវត្តច្បាប់រួមគ្នានៅតាមបណ្ដោយព្រំដែន ដើម្បីធានាថា វាមានប្រសិទ្ធភាពហើយមិនប៉ះពាល់ទៅដល់ផលប្រយោជន៍ ឬប៉ះពាល់ទៅដល់ទឹកដីរបស់យើងអីជាដើម»។

លោកសេក​ សុជាតិ មានប្រសាសន៍បន្ថែមថា «ហើយចំណុចចុងក្រោយដែលខ្ញុំលើកហ្នឹង គឺទាក់ទាក់ជាមួយការយល់ដឹងរបស់ប្រជាពលរដ្ឋ គឺវាសំខាន់មែនទែន ហើយកាលណាយើងបិទសេរីភាព មិនឲ្យយុវជន បញ្ញវន្ត ប្រជាពលរដ្ឋ ហើយនិងអ្នកដែលធ្វើការងារសង្គម បានទៅកាន់តំបន់ព្រំដែន ដើម្បីធ្វើជាសាក្សី ដើម្បីចូលរួមផ្ដល់ជាទស្សនទានបន្ថែម ដើម្បីជួយរដ្ឋាភិបាល នៅក្នុងការអនុវត្តវិធានការហ្នឹងឲ្យមានប្រសិទ្ធភាពទេ វាគឺជាបញ្ហាមួយដែលអាចមើលឃើញថា កម្ពុជា ហាក់បីដូចជាមានអាថ៌កំបាំងនៅក្នុងការដាក់នូវគោលនយោបាយយុទ្ធសាស្រ្ត ដើម្បីការពារបញ្ហាព្រំដែនរបស់ខ្លួនអីអ៊ីចឹងជាដើម ។ ដូច្នេះបញ្ហាព្រំដែន បញ្ហាធនធានធម្មជាតិ ហើយនិងបញ្ហាជ្រៀតចូលពីជនអន្តោប្រវេសន៍ខុសច្បាប់ហ្នឹង គឺយើងត្រូវតែគិតគូរទៅដល់ការអប់រំបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ឲ្យគាត់បានយល់ដឹងស៊ីជម្រៅពីផលលំបាកនៅអនាគត ហើយនិងជំរុញលើកទឹកចិត្តពួកគាត់ឲ្យមានស្មារតីឯកភាពជាតិមួយ ក៏ដូចជាចូលរួមទទួលខុសត្រូវទាំងអស់គ្នា ដើម្បីការពារនូវអធិបតេយ្យរបស់កម្ពុជា ។ បើមិនដូច្នេះទេ យើងនឹងអាចក្លាយទៅជាប្រទេសមួយរងគ្រោះ ដោយសារតែការធ្វេសប្រហែសមិនបានផ្ដល់ចំណេះដឹង ឬក៏មិនបានចែករំលែកនូវព័ត៌មានរសើបទាក់ទងជាមួយនឹងបញ្ហាទាំងអស់ហ្នឹងទៅដល់ប្រជាពលរដ្ឋ ហើយសរុបមកវិញ ការអនុវត្តផែនការយុទ្ធសាស្រ្តនៅក្នុងការការពារបញ្ហាទាំងអស់ហ្នឹង គឺត្រូវតែធ្វើដោយប្រុងប្រយ័ត្ន និងមើលទៅតាមកាលៈទេសៈ និងពេលវេលា ។ ដូច្នេះវាចាំបាច់ណាស់ ត្រូវតែចាត់នូវវិធានការសន្តិសុខ និងគោលនយោបាយមួយច្បាស់លាស់ ដើម្បីធានាទៅដល់តុល្យភាពនៅក្នុងការរក្សាទំនាក់ទំនងជាមួយនឹងប្រទេសជិតខាង ស្មើភាពគ្នាចំពោះមុខច្បាប់ ហើយនិងរួមគ្នា ដើម្បីលើកកម្ពស់ទៅដល់សិទ្ធិផ្សេងៗ ដើម្បីកុំឲ្យវាមានផលជះជាអវិជ្ជមានទៅដល់អធិបតេយ្យនៃប្រទេសរៀងៗខ្លួនអីជាដើមនោះ“ ។

ដោយឡែក លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ថា បើនិយាយពីយុទ្ធសាស្រ្តការការពារ ពង្រឹងព្រំដែន និងការទប់ស្កាត់ការហូរជនអន្តោប្រវេសន៍ខុសច្បាប់ មានគោលការណ៍មួយចំនួន ដើម្បីកុំឲ្យបាត់បង់ទឹកដី វាងាយទេ ប៉ុន្តែវាត្រូវការការជ្រោមជ្រែងពីរដ្ឋាភិបាល គឺរដ្ឋាភិបាល ត្រូវមានកម្មវិធីនយោបាយល្អ អនុវត្តកម្មវិធីនយោបាយអភិវឌ្ឍតំបន់ព្រំដែនល្អ និងលើកទឹកចិត្តប្រជាពលរដ្ឋរស់នៅតាមព្រំដែនឲ្យមានជីវភាពល្អប្រសើរ ការពារដីចម្ការរបស់របស់ពួកគាត់កុំឲ្យមានការលួចឆ្មក់ចូលច្រិបយកពីប្រទេសជិតខាងជាដើម ។

លោកម៉ែន ណាត បានមានប្រសាសន៍ថា “និយាយពីយុទ្ធសាស្រ្តការការពារ ពង្រឹងព្រំដែន និងការទប់ស្កាត់ការហូរជនអន្តោប្រវេសន៍ខុសច្បាប់អី ឲ្យបានមែនទែនហ្នឹង វាមានគោលការណ៍មួយចំនួន ដើម្បីកុំឲ្យបាត់បង់ទឹកដី ហើយវាងាយទេ ប៉ុន្តែវាត្រូវការការជ្រោមជ្រែងពីរដ្ឋាភិបាល ។ ទាល់តែរដ្ឋាភិបាលហ្នឹង មានកម្មវិធីនយោបាយល្អ ទី១ ។ ទី២ អនុវត្តកម្មវិធីនយោបាយអភិវឌ្ឍន៍តំបន់ព្រំដែនហ្នឹងល្អដែរ យកចិត្តទុកដាក់ត្រឹមត្រូវ ហើយការអភិវឌ្ឍព្រំដែនហ្នឹង វាមានរឿងដូចជាចំណុចមួយ អាចធ្វើផ្លូវក្រវាត់ព្រំដែនឲ្យល្អ ឲ្យត្រឹមត្រូវ ដូចវៀតណាម គេធ្វើ ដូចថៃ គេធ្វើនៅក្រវាត់ព្រំដែនយើងអ៊ីចឹង ហើយចំណុច២ គឺលើកទឹកចិត្តពលរដ្ឋខ្មែរ នៅតាមបណ្ដោយព្រមដែនហ្នឹង ឲ្យគាត់មានជីវភាព ឲ្យគាត់សប្បាយចិត្ត ហើយការការពារដីស្រែចម្ការរបស់គាត់ពីការលួចឆ្មក់ រំលោភបំពានពីប្រទេសជិតខាងមកកាត់ច្រិបព្រំដែនគាត់ ព្រោះចំណុចហ្នឹង ប្រជាពលរដ្ឋសំខាន់ ព្រោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនហ្នឹងហើយ ជារបងការការពារទឹកដីបានរឹងមាំ ហើយទី៣ គឺពង្រឹងច្បាប់ប្រទេសទាំងមូលហ្នឹង ទប់ស្កាត់នូវអំពើពុករលួយ ការគប់គិត ការសូកប៉ាន់អីច្រើន គឺថាពង្រឹងច្បាប់ ពង្រឹងនីតិរដ្ឋហ្នឹងឲ្យបានរឹងមាំ។ ហើយទី៤ គឺត្រូវធ្វើនិរាករណ៍ឯកសារណាដែលវាមិនត្រឹមត្រូវ ដែលមិនស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងវាមិនស្របទៅតាមមាត្រា២ ឬក៏មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញកម្ពុជាយើងសព្វថ្ងៃហ្នឹង ត្រូវធ្វើនិរាករណ៍ចោលឲ្យអស់ ឯកសារអស់ហ្នឹង ជាមួយវៀតណាម ក៏ដោយ ជាមួយឡាវ ក៏ដោយ ជាមួយថៃ ក៏ដោយ ហើយមិនចាំបាច់សុំវៀតណាម សុំថៃ មកលុបចោលនូវកិច្ចព្រមព្រៀងសន្ទិសញ្ញាដែលរដ្ឋាភិបាលធ្លាប់ចុះ ធ្លាប់បានជជែកពីមុនទេ មិនបាច់ចាំត្រូវការពីគេលុបចោលទេ គឺរដ្ឋាភិបាលយើង រដ្ឋសភាយើង ពិនិត្យទៅឃើញថា វាអធម្មនុញ្ញភាព គឺយកច្បាប់ យកអីអស់ហ្នឹងមកធ្វើនិរាករណ៍ចោលទៅ ។ ហើយចំណុចទី៥ កន្លែងដែលយើងបាត់បង់កន្លងទៅ សង្ស័យថាបាត់បង់ ឬក៏បាត់បង់ទៅហើយ ទាំងគោក ទាំងទឹកហ្នឹង គឺអាចប្ដឹងទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងប្ដឹងទៅតុលាការអន្តរជាតិ ។ តុលាការអន្តរជាតិ ព្រំដែនគោក ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដូចករណីប្រាសាទព្រះវិហារ ដែលយើងធ្លាប់ធ្វើកន្លងទៅអ៊ីចឹង ហើយព្រំដែនទឹក យើងប្ដឹងទៅតុលាការមជ្ឈិតការអន្តរជាតិ ។ អាហ្នឹងខ្ញុំនិយាយពីចំណុចការការពាររបងព្រំដែនយើង លើព្រំដែនគោក ព្រំដែនទឹក“ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “ហើយចំពោះការទប់ស្កាត់ការហូរចូលអន្តោប្រវេសន៍ហ្នឹង ចូលកម្ពុជា ដែលមិនត្រឹមត្រូវ ដើម្បីកុំឲ្យយើងបារម្ភខ្លាចបាត់បង់ទឹកដីទៅថ្ងៃក្រោយហ្នឹង វិធីទប់ស្កាត់ក៏វាមិនពិបាកដែរ ។ វិធីទប់ស្កាត់ទី១ គឺអាច្បាប់សញ្ជាតិ ច្បាប់អន្តោប្រវេសន៍របស់យើងបច្ចុប្បន្នហ្នឹង យើងអនុវត្តឲ្យបានតឹងរ៉ឹងទៅ ឲ្យបានត្រឹមត្រូវទៅ ។ ទី២ ជនអន្តោប្រវេសន៍ទាំងឡាយណាដែលចូលមកដល់ស្រុកយើងហើយ មិនថាវៀតណាម មិនថាអ្នកណាទេ តែគ្មានឯកសារស្របច្បាប់ហ្នឹងត្រូវតែរៀបចំជំរំជនភៀសខ្លួនឲ្យទៅ ហើយដាក់ក្នុងជំរំសិន ហើយយើងគោរពសិទ្ធិមនុស្សទៅ យើងសុំអង្គការសិទ្ធិមនុស្សអន្តរជាតិអីមួយចំនួនហ្នឹង ផ្ដល់ជាអាហារហូបចុក ឬក៏បើសិនជាយើងគ្មានលទ្ធភាព យើងសុំគេឲ្យជួយផ្ដល់ជីវភាពឲ្យពួកជនអន្តោប្រវេសន៍ខុសច្បាប់ហ្នឹង រួចទៅយើងធ្វើទំនាក់ទំនងការទូតឲ្យខាងតែបាន ឲ្យមានប្រសិទ្ធភាព បញ្ជូនជនអន្តោប្រវេសន៍អស់ហ្នឹងត្រលប់ទៅស្រុកដើមវិញ ហើយជាពិសេសបញ្ហាចោទសព្វថ្ងៃនេះ គឺជនអន្តោប្រវេសន៍វៀតណាម នៅពេញបឹងទន្លេសាប ឬនៅទន្លេមេគង្គអីហ្នឹង ឬនៅតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាហ្នឹង ឃើញថាច្រើនណាស់ ហើយរកឃើញថា មិនមានឯកសារស្របច្បាប់អីទេ ហើយកន្លងទៅថ្មីៗនេះ ទៅជារដ្ឋាភិបាលយកចិត្តទុកដាក់ពួកអស់ហ្នឹងទៀត ផ្ដល់ដីធ្លីឲ្យនៅយ៉ាងស្រួល ហើយចំណែកឯប្រជាពលរដ្ឋខ្មែរគ្នាឯងហ្នឹង ទៅធ្វើបាបគ្នា ទៅប្លន់ដីធ្លីគ្នា ទៅគំរាមកំហែងគ្នាអត់ស្រាកស្រាន្តអីទេ អាជ្ញាធរខ្មែរគ្នាឯង ប៉ុន្តែហាក់ដូចជាមិនហ៊ានធ្វើអីជាមួយជនអន្តោប្រវេសន៍ខុសច្បាប់នៅលើទឹកដីកម្ពុជា ។ អាហ្នឹងជារឿងមួយមិនល្អក្នុងការអនុវត្តច្បាប់ ហើយទី៣ ក្នុងរឿងហ្នឹង វាពាក់ព័ន្ធនឹងឯកសារដូចរឿងព្រំដែនដែរ ។ ឯកសារដែលរដ្ឋាភិបាលធ្លាប់បានធ្វើ ដូចជាឯកសារទទួលស្គាល់អន្តោប្រវេសន៍វៀតណាម មករស់នៅកម្ពុជាហ្នឹង តាមរយៈសារាចរណែនាំមួយ កាលពីថ្ងៃ០៦ កុម្ភៈ ឆ្នាំ១៩៨៦ ដែលលោកហ៊ុន សែន ជាអ្នកណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន អាជ្ញាធរថ្នាក់ក្រោមជាតិហ្នឹង ឲ្យយកចិត្តទុកដាក់ទៅលើជនជាតិវៀតណាម មករស់នៅកម្ពុជា មិនថាខុសច្បាប់ក៏ដោយ ត្រូវច្បាប់ក៏ដោយ ។ អាកន្លែងហ្នឹងហើយ ដែលវៀតណាម មានឱកាសចេះតែនៅបាន ហើយអាជ្ញាធរចេះតែមានការលើកទឹកចិត្ត ហើយអាចចំណុចហ្នឹងហើយ ដែលធ្វើឲ្យរដ្ឋាភិបាលវៀតណាម នៅពេលណាមកទស្សនកិច្ចនៅខ្មែរ ឬខ្មែរទស្សនកិច្ចនៅវៀតណាម ឬក៏ជួបប្រជុំគ្នានៅកន្លែងណាផ្សេងហ្នឹង គឺមេដឹកនាំវៀតណាម ប្រាប់មេដឹកនាំខ្មែរហ្នឹង ឲ្យយកចិត្តទុកដាក់ពលរដ្ឋគេនៅប្រទេសកម្ពុជា ។ អាហ្នឹងពាក់ព័ន្ធនឹងចំណុចច្បាប់ ក្នុងការអនុវត្តច្បាប់ ក្នុងការយកចិត្តទុកដាក់ទៅលើកិច្ចព្រមព្រៀង ឬសន្ធិសញ្ញា ។ អាចំណុចហ្នឹង បើមានសន្ធិសញ្ញាកិច្ចព្រមព្រៀង មានសន្ធិសញ្ញាមួយទៀត ឆ្នាំ១៩៧៩ ពាក់ព័ន្ធទៅនឹងការទទួលស្គាល់ជនអន្តោប្រវេសន៍ខុសច្បាប់អីហ្នឹង មានទៀត អ៊ីចឹងបានជនជាតិវៀតណាម នៅច្រើន“ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តទៀតថា “ដូច្នេះហើយ ក្នុងន័យនេះហើយ ត្រូវធ្វើនិរាករណ៍ឯកសារមិនត្រឹមត្រូវទាំងអស់ហ្នឹងចោល ដើម្បីឲ្យស្របតាមកិច្ចព្រមព្រៀងក្រុងប៉ារីស និងស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញ ដូចរឿងករណីព្រំដែនដែរ ។ ចំណុចទី៤ ពាក់ព័ន្ធអំពើពុករលួយ ត្រូវចាត់វិធានការទៅលើពួកមន្រ្តីសមត្ថកិច្ច ឬមន្រ្តីណាក៏ដោយ ឬប្រជាពលរដ្ឋណាក៏ដោយ ដែលគប់គិតជាមួយជនអន្តោប្រវេសន៍ខុសច្បាប់ហ្នឹង ដើម្បីធ្វើការឆ្លងដែនខុសច្បាប់ បើស៊ើបអង្កេតថា សូកប៉ាន់ ហើយបានឆ្លងដែនមកកម្ពុជា ឬក៏បានសូកលុយកាក់ ដើម្បីទទួលបានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអី ឬក៏បណ្ណស្នាក់នៅអចិន្រ្តៃយ៍អីហ្នឹង ត្រូវស៊ើបអង្កេតទាំងអស់ឡើងវិញ ហើយត្រូវផ្ដន្ទាទោសមន្រ្តីហ្នឹងឲ្យខាងតែបាន តាមផ្លូវច្បាប់ ដើម្បីពង្រឹងច្បាប់ ។ ចំណុចហ្នឹង វាទាល់តែរដ្ឋាភិបាល ត្រូវមើលរឿងហ្នឹងជាអាទិភាព ហើយរដ្ឋាភិបាល វាមានក្រសួង សមត្ថកិច្ច ដូចជាក្រសួងមហាផ្ទៃ ជាដើម ត្រូវមើលរឿងហ្នឹងជាអាទិភាព មិនត្រូវនិយាយតែមាត់ហើយអត់ធ្វើ ហើយធ្វើអត់បាន ហើយកុហកប្រជាពលរដ្ឋបន្លិមបន្លំអី ដូចកន្លងទៅហ្នឹង មិនបកស្រាយប្រាប់ប្រជាពលរដ្ឋ កុហកគាត់ ហើយប្រជាពលរដ្ឋនិយាយមិនបានទេ និយាយហើយ មកគំរាមកំហែងប្រជាពលរដ្ឋ ឬចាប់ប្រជាពលរដ្ឋឃុំខ្លួន អាហ្នឹងបើធ្វើអ៊ីចឹង មានន័យថា យើងបើកដៃឲ្យជនអន្តោប្រវេសន៍ហ្នឹងមានឱកាសចូលស្រុកយើងកាន់តែច្រើន ហើយមានឱកាសរំលោភទឹកដីព្រំដែនយើងកាន់តែច្រើន ។ ខ្ញុំជូនយោបល់ប៉ុណ្ណឹង មិនច្រើនជាងហ្នឹងទេ ប៉ុន្តែបើរដ្ឋាភិបាលធ្វើបាន គួរតែយកចិត្តទុកដាក់ធ្វើ យើងអាចការពារទឹកដីព្រំដែនយើងបានជាអន្លើហើយ ហើយយន្តការខ្វះខាតមួយចំនួនទៀត អាហ្នឹងយើងជជែកគ្នាតាមក្រោយ ។ វានៅមាននីតិវិធីច្រើនទៀត ដែលត្រូវធ្វើ ក្នុងការការពារពីក្ដីបារម្ភនានា នឹងការបាត់បង់ទឹកដីអី ព្រោះអាបាត់បង់ទឹកដីហ្នឹង ខ្ញុំបញ្ជាក់ជូនថា បញ្ហាអន្តោប្រវេសន៍នេះ មិនមែនតែរឿងព្រំដែនទេ ព្រំដែន គេអាចរំលោភបានបន្តិចបន្តួចនៅតាមជាយដែន ប៉ុន្តែបើជនអន្តោប្រវេសន៍មករស់នៅក្នុងស្រុក គេអាចបង្កើតរដ្ឋក្នុងរដ្ឋ ហើយកាលណាបង្កើតរដ្ឋក្នុងរដ្ឋ វាជារឿងមួយគ្រោះថ្នាក់សម្រាប់ជាតិ ។ ឧទាហរណ៍ ដូចករណីតំបន់គ្រីមែរ នៅអ៊ុយក្រែន អ៊ីចឹង កាលពីឆ្នាំ២០១៤នោះ ស្ងាត់ៗគេនាំគ្នាបោះឆ្នោតផ្ដាច់ខ្លួនពីប្រទេសអ៊ុយក្រែន ហើយវានាំឲ្យមានរឿងសង្រ្គាមដល់បច្ចុប្បន្នហ្នឹង គឺប្រទាញប្រទង់គ្នា អាហ្នឹងវាមិនស្រួលទេ ។ អ៊ីចឹងដើម្បីទប់ស្កាត់ឲ្យបាន វាត្រូវមានការបង្ការ ឬក៏ការការពារជាមុនសិន ពាក់ព័ន្ធរឿងអន្តោប្រវេសន៍ហ្នឹង“ ៕ កុលបុត្រ

RELATED ARTICLES