Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ធ្លាយវីដេអូវ៉ៃស្រី ដោះសាថា Prank ស្នងការហៅវាស់កម្ពស់ ឃាត់ខ្លួន

 ធ្លាយវីដេអូវ៉ៃស្រី ដោះសាថា Prank ស្នងការហៅវាស់កម្ពស់ ឃាត់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ ឈ្មោះ គង់ សុខសែង ហៅដែន សូនី ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី បន្ទាប់ពីបែកធ្លាយវីដេអូ ប្រើហិង្សាលើនារីម្នាក់ បើទោះបីជាបានចេញមុខអះអាងថា ជាវីដេអូប្រែង (Prank) ក៏ដោយ។ 

តាមប្រភពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបែកធ្លាយវីដេអូបុរសម្នាក់ ប្រើហិង្សាវាយបោចសក់ទៅលើស្ត្រីម្នាក់ នៅបន្ទប់ជួល ១កន្លែង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់មហាជន នៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវ ឃាត់ខ្លួនបុរសនោះយកមកសាកសួរ និងបានបញ្ជាឲ្យបុរសនោះចូលខ្លួនមកសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឬនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចទៅឃាត់ខ្លួន។

បុរសដែលប្រើហិង្សាលើស្ត្រីម្នាក់ ក្នុងវីដេអូនោះ ត្រូវបានគេស្គាល់ថា ឈ្មោះដែន សូនី រស់នៅរាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ថា ក្រោយឃើញតាមបណ្តាញព័ត៌មានសង្គម បង្ហោះករណីបុរសម្នាក់ បានប្រើអំពើហិង្សាទៅលើស្ត្រីម្នាក់ នៅក្នុងបន្ទប់ជួលមួយកន្លែង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង ការនគរបាលរាជធានីភ្នំពេញ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្ម ទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវ ឃាត់ខ្លួនបុរសនោះយកមកសាកសួរ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឱ្យបុរសនោះ ចូលខ្លួនមកសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឬនៅស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចឃាត់ខ្លួន។

យ៉ាងណា ក្រោយការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្រាប់តែបុរសឈ្មោះដែន សូនី បានចេញមុខអះអាងតាមបណ្តាញសង្គមថា នោះជាវីដេអូដែលខ្លួន និងប្អូនថ្លៃស្រី សម្តែងធ្វើឲ្យគេភ្ញាក់ផ្អើល (Prank) តែប៉ុណ្ណោះ មិនមែនជាការពិតទេ ហើយវីដេអូនេះ បានថតយូរមកហើយ លុះពេលខ្លួនបាត់ទូរស័ព្ទ ក៏ធ្លាយវីដេអូនេះតែម្តង។

បុរសឈ្មោះ ដែន សូនី បានបញ្ជាក់ថា ពាក់ព័ន្ធវីដេអូនេះ ខ្លួនធ្លាប់ត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅ ហៅទៅអប់រំ ធ្វើកិច្ចសន្យារួចមកហើយផងដែរ។

ប៉ុន្តែទោះបីសាមីខ្លួនចេញមុខសារភាព និងអះអាងបែបនេះក្តី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅតែគូសបញ្ជាក់ថា “សមត្ថកិច្ចខ្ញុំ គ្មានពេលប្រែង (Prank) ជាមួយទេ” ហើយកម្លាំងសមត្ថកិច្ចជំនាញ នឹងកោះហៅបុគ្គលនេះ មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី មិនមែនបញ្ជាក់ថា ជាការសម្តែង រួចខ្លួននោះទេ។

តាមប្រភពលោកផែង វណ្ណៈ អតីតមន្ត្រីនគរបាល សព្វថ្ងៃជាអ្នកសារព័ត៌មានល្បីឈ្មោះម្នាក់ បានឲ្យដឹងនៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ថា  បុរសឈ្មោះគង់ សុខសែង ហៅដែន សូនី ដែលធ្លាយវីដេអូប្រើហិង្សាលើស្ត្រីនោះ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមផ្លូវច្បាប់។

លោកផែង វណ្ណៈ បានសរសេរក្នុងគណនី និងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ថា «ធ្លាប់សម្តែងហើយសុំទោសរួចខ្លួន លើកនេះអត់រួចខ្លួនទេ។ មុននេះឯកឧត្ដមឧត្ដម សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ខ្ញុំឲ្យដឹងថា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនឈ្មោះ គង់ សុខសែង ហៅដែន សូនី ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់ ។  នៅប្ដីប្រពន្ធមួយគូពីរគូទៀត ពូកែសម្តែងឈ្លោះគ្នាតាមអនឡាញ អនាគតបនៅតែសម្តែងទៀត គួរចាប់បញ្ជូនទៅតុលាការដែរ ប្រហែលជាលែងហ៊ានសម្តែងឈ្លោះគ្នាទៀតហើយ»៕

RELATED ARTICLES