Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម សាច់មាន់ខូចគុណភាព៣តោន សមត្ថកិច្ចចាប់ដុតចោល

 សាច់មាន់ខូចគុណភាព៣តោន សមត្ថកិច្ចចាប់ដុតចោល

ខេត្តបន្ទាយមានជ័យ ៖ សាច់មាន់ដែលខូចគុណភាពប្រមាណជាង៣តោន ត្រូវបានសមត្ថកិច្ចជំនាញចម្រុះ ចាប់យកទៅដុតបំផ្លាញចោលនៅជាយក្រុងសិរីសោភ័ណ ស្ថិតភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កាលពីរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កម្លាំងចម្រុះមានមន្ត្រីការិយា ល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងមន្ត្រី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកម្លាំងកងរាជ អាវុធហត្ថខេត្ត បានចុះបង្ក្រាបដកហូតទំនិញខូចគុណភាពមានទម្ងន់ ៣ ១០០គីឡូ ក្រាម (ជាង៣តោន) មានដូចជា សាច់មាន់ ភ្លៅមាន់ ឆ្អឹងមាន់ ចុងស្លាបមាន់ និងគ្រឿងក្នុងមាន់។

លោកហ៊ុយ ទូច បានបញ្ជាក់ថា ក្រោយសមត្ថកិច្ចចម្រុះដកហូតទំនិញខូចគុណភាព (សាច់មាន់) ទម្ងន់ជាង៣តោន ដែលត្រូវឈ្មួញលួចនាំចូលពីប្រទេសថៃ មកស្តុកទុក ដែលម្ចាស់ឈ្មោះ ជា ដានី ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបាននាំយកទាំងម្ចាស់និងទំនិញ មកការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត ដើម្បីសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ តាមនីតិវិធី។ ចំណែកសាច់មាន់ ជាង៣តោននេះ ត្រូវបានដុតកម្ទេចចោលនៅជាយក្រុងសិរីសោភ័ណ។

លោកឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានកោតសសើរចំពោះសមត្តកិច្ចចម្រុះដែលបានបង្ក្រាបទំនិញខូចគុណភាព សាច់មាន់ជាង ៣តោន ត្រូវបានដុតកម្ទេចចោល ហើយត្រូវពង្រឹងការទប់ស្កាត់ឱ្យ ខាងតែបានចំពោះទំនិញដែលខូចគុណភាព ដែលឈ្មួញលួចនាំចូលពីប្រទេសជិតខាង ដែលធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ ចំពោះអ្នកប្រព្រឹត្តបទល្មើស ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

RELATED ARTICLES