ភ្នំពេញ៖លោកឆឹម សក្កដា ដែលគេស្គាល់ថាជាគូដណ្ដឹងរបស់តារាចម្រៀងពេជ្រ សោភា នោះបានចេញសារប្លែកៗដូចជាលោកចង់ធ្វើអត្តឃាត បញ្ចប់ជីវិតដោយមិនដឹងមូលហេតុទៀតផងដែលធ្វើឲ្យតារារួមអាជីពចូលទៅខមិនលួងលោមលោកថាកុំឲ្យគិតខ្លីបែបនេះអីព្រោះជីវិតមិនមែនស្លាប់ហើយវិលមកល្ងាចបានទេ ។លោកសក្កដា បានចេញសារចង់សម្លាប់ខ្លួនកាលពីថ្ងៃទី៣ មេសា ថា”មានអារម្មណ៍ថាចង់ឲ្យខ្លួនឯងស្លាប់” ។ក្រោយមកលោកសក្កដា បានចេញសារថែមទៀតនាពេលបន្ទាប់ថា”អារម្មណ៍ខ្ញុំពេលនេះមិនដឹងនិយាយប្រាប់នរណាអោយយល់ ព្រោះគ្រប់គ្នាមើលឃើញតែស្នាមញញឹមរបស់ខ្ញុំតែប៉ុណ្ណោះ “។
ហ្វេសបុកឈ្មោះSorn Sameth និងតារាចម្រៀងឃុំ ប៉ុណ្ណាដែត ជាដើមបានខមិនថា”មានរឿងអ្វី?” ហើយពេលនោះលោកសក្កដា ឆ្លើយថា “ជីវិតគ្មានន័យ “។
អ្នកយកព័តមានយើងបានទូរស័ព្ទទៅលើលោកឆឹម សក្កដា នៅរសៀលថ្ងៃទី៥ មេសា តែតេមិនចូលឡើយ ទើបមិនទាន់អាចសុំការបំភ្លឺពីលោកពីរឿងលោកលែងចង់រស់តទៅទៀតនេះបានទេ ។ប៉ុន្ដែតាមប្រភពថាមូលហេតុដែលលោកសក្កដា លែងចង់មានដង្ហើមដក និងបើកភ្នែកមើលពិភពលោកនេះតទៅទៀតបែបនេះដោយសារតែលោកខឹងគូដណ្ដឹងរបស់លោកពេជ្រ សោភា ដែលរយៈពេលចុងក្រោយនេះនាងបានងាកទៅចាប់ដៃជាមួយលោកឆន សុវណ្ណារាជ ដោយអោបថើបគ្នាលើឆាកតន្រ្ដីហើយសោភា ថែមទាំងនិយាយថាចង់ឲ្យទំនាក់ទំនងរវាងនាងនិងលោករាជ នៅបន្ដបែបនេះជារៀងរហូតក្រោយល្អូកល្អិនគ្នាបែបនេះអស់រយៈពេល១៦ឆ្នាំ(២០០៨-២០២៤)មកហើយ ។
ក្រោយឃើញពេជ្រ សោភា ចេញសារបែបនេះលោកឆឹម សក្កដា បានបន្ថែមសារមួយទៀតហាក់ហួសចិត្តថា”នៅក្បែយើងថាសមជាមួយយើង នៅក្បែគេថាសមមួយគេ តែស្កណាស់ ហ្វេនគេហ្នុង “។
តាមរយៈការចេញសារបែបនេះបញ្ជាក់ថាលោកឆឹម សក្កដា ពិតជាមិនពេញចិតុ្តពេជ្រ សោភា និងលោកឆន សុវណ្ណារាជ កៀកកើយគ្នាទាំងនៅលើនិងក្រៅឆាកទាំងរូបលោកនៅជ្រងោៗបែបនេះឡើយ ។លោកសក្កដា ថែមសារហាក់ចង់ដាស់តឿនពេជ្រ សោភា ថា”ស្រីនា ចាត់ទុកវិសាល ជាព្រះរាជបុត្រ ទើបស្រីនា ក្លាយជាព្រះនាងរបស់វិសាល !តែអ្នកខ្លះមិនឲ្យតម្លៃប្ដីទេ តែចង់ក្លាយជាម្ចាស់ក្សត្រី !” ។
អ្នកយកព័តមានយើងបានទូរស័ព្ទទៅពេជ្រ សោភា កាលពីរសៀលថ្ងៃទី៥ មេសា ហើយត្រូវបានតារាហង្សមាសរូបនេះនិយាយថាអត់ដឹងរឿងអ្វីទាំងអស់ ។តែសោភា ថាអាចមកពីលោកសក្កដា អត់សប្បាយចិត្តរឿងអ្វីមួយជាមួយគ្រួសារ។សោភា បន្ថែមថានាងរវល់ការងារសិល្បៈច្រើន ហេតុនេះមិនបានតាមដានគ្រប់រឿងដែលលោកសក្កដា ផុសទេ ព្រោះនាងមើលហ្វេសបុកតែទាក់ទងរឿងការងារសិល្បៈនិងបទចម្រៀងផ្សេងៗប៉ុណ្ណោះ រឿងអីផ្សេងទៀតនាងមិនបានដឹងឡើយ ។
ទោះជាពេជ្រ សោភា នៅតែអះអាងថានាងមិនដឹងរឿងដែលគូដណ្ដឹងចង់សម្លាប់ខ្លួនមែន តែនាងថានឹងព្យាយាមសាកសួរពីលោកសក្កដា ពីរឿងមួយនេះនាពេលឆាប់ៗ ប៉ុន្ដែគិតត្រឹមរសៀលថ្ងៃទី៥ មេសា នាងថាមិនទាន់ទទួលបានចម្លើយអ្វីទាំងអស់ ។សោភា ថាដោយសារតែមមាញឹកធ្វើបទចម្រៀងចេញចូលឆ្នាំនឹងត្រៀមចេញច្រៀងសម្ដែងទាំង៤ថ្ងៃនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ(១៣-១៦មេសា)គឺនៅខេត្តសៀមរាប ត្បូងឃ្មុំ និងខេត្តកំពត នោះទើបអត់ដឹងថាលោកសក្កដា មានរឿងធំបែបនេះឡើយ ។
គួររំលឹកថាពេជ្រ សោភា បានប្រើជីវិតជាស្រ្ដីមេម៉ាយរយៈពេល៦ឆ្នាំ(២០១៦-២០២២ )ទើបនាងប្រកាសភ្ជាប់ពាក្យជាមួយលោកឆឹម សក្កដា កាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ នឹងគ្រោងរៀបការកាលពីឆ្នាំ២០២៣ ។ប៉ុន្ដែគួរឲ្យស្ដាយសោភា -សក្កដា បែជាលុបចោលមង្គលការនោះយ៉ាងទន់ហន់ទៅវិញ ហើយនៅឆ្នាំ២០២៣ នេះសោភា នៅតែថាអត់មានផែនការណ៍រៀបការច្បាស់លាស់ឡើយ ទើបពេលនេះលោកសក្កដា បានប្រកាសព្រមាននាងថាចង់បញ្ចប់ជីវិតបែបនេះតែម្ដង ។ប៉ុន្ដែសោភា ថារឿងលោកសក្កដា មានវិបត្តិនោះមិនមែនជារឿងជាមួយនាងទេ និងជាដំបូងសន្និដ្ឋានថាលោកអាចមានបញ្ហាជាមួយគ្រួសារខ្លួនទៅវិញ ៕