ប៊្រុចសែល (បែលហ្ស៉ិក) ៖ លោកអែនថូនី ប្លិងខិន (Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាននិយាយក្នុងសន្និសីទកាសែត នៅទីក្រុងប៊្រុចសែល ប្រទេសបែលហ្ស៉ិក នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០២៤ (ម៉ោងក្នុងតំបន់) ខណៈពេលដែលលោកធ្វើដំណើរទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃរដ្ឋជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬណាតូ (NATO) នៅទីស្នាក់ការអង្គការណាតូ ថា អ៊ុយក្រែន ត្រូវ តែក្លាយជាសមាជិកនៃអង្គការ ណាតូ ព្រោះថាការគាំទ្ររបស់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំង រុស្ស៊ី ដែលបានបំផ្ទុះសង្គ្រាម ជាង២ឆ្នាំមកនេះ នៅតែបន្តប្រឈមមុខនឹងឧបសគ្គខ្លាំង នេះក៏ព្រោះតែអ៊ុយក្រែន មិនទាន់ចូលជាសមាជិកណាតូ។

លោក Blinken បានធ្វើសន្និសីទសារព័ត៌មានមួយ ក្នុងការគាំទ្រអ៊ុយក្រែនក្លាយជារដ្ឋសមាជិកណាតូ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំទ្វេភាគី ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោកឌីមីត្រូ គូលេបា (Dmytro Kuleba) ។លោករដ្ឋមន្ត្រីការបរទេសអាមេរិក ថ្លែងថា «អ៊ុយក្រែន នឹងក្លាយជារដ្ឋសមាជិកណាតូ គោលបំណងរបស់យើងនៅក្នុងកិច្ចប្រជុំកំពូល គឺដើម្បីជួយសាងសង់ស្ពានសម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីក្លាយជារដ្ឋសមាជិកណាតូ»។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីលោក Blinken ពិភាក្សាអំពីជំហររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីគាំទ្រអ៊ុយក្រែន ឱ្យក្លាយជាប្រទេសសមាជិកទី៣២ របស់ណាតូ លោកចេឌី វេនស៍ ( J.D. Vance) សមាជិកព្រឹទ្ធ សភា នៃរដ្ឋអូហៃយ៉ូ (Ohio) សហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានចេញមកជំទាស់នឹងរដ្ឋាភិបាលអាមេរិក ដោយចង្អុលបង្ហាញថា សេចក្តីថ្លែងការណ៍របស់លោក Blinken គឺជាខ្វះទំនួលខុសត្រូវ។
លោកចេឌី វេនស៍ ថ្លែងថា «អ៊ុយក្រែន មិនគួរក្លាយជារដ្ឋសមាជិកណាតូ ទេ ហើយមិនគួរត្រូវបានអញ្ជើញឱ្យក្លាយជាសមាជិកណាតូ ទេ ក្នុងអំឡុងពេលសង្រ្គាមដែលកំពុងដឹកនាំប្រទេសរបស់យើង ទៅរកសង្រ្គាម។ តើអ្នកចង់បានកងទ័ពជើងគោកអាមេរិក នៅអ៊ុយក្រែន ទេ? បើមិនដូច្នោះទេ យើងត្រូវតែប្រឆាំងនឹងគំនិតដែលថា អ៊ុយក្រែន គួរចូលរួមជាមួយអង្គការណាតូ»៕