Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្ទះតន្ត្រីករ ខូចខាតជាង ២ម៉ឺនដុល្លារ

ភ្លើងឆេះផ្ទះតន្ត្រីករ ខូចខាតជាង ២ម៉ឺនដុល្លារ

ខេត្តបាត់ដំបង ៖ លំនៅដ្ឋាន ១ខ្នង ដែលគេស្គាល់ថាជារបស់តន្ត្រីករម្នាក់ រួមទាំងទ្រព្យសម្បត្តិទាំងអស់នៅក្នុងផ្ទះផង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង បង្កឱ្យខូចខាត គិតជាទំហំទឹកប្រាក់ ប្រមាណជាង២ម៉ឺនដុល្លារ និងត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់អស់ចំនួន៤ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល។

ផ្ទះដែលរងការឆាបឆេះ មានទំហំ៧ម៉ែត្រ គុណនឹង ៩ម៉ែត្រ សង់អំពីថ្មក្រោម ឈើលើ ប្រក់ដំបូលស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះខាំ លាភ ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរជាតន្ត្រីករ (ដៃសូឡូ) ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅពេលកើតហេតុ លោកខាំ លាភ ជាម្ចាស់ផ្ទះ មិនបាននៅផ្ទះនោះទេ ពោលគឺនៅតែភរិយាគាត់និងចៅរបស់គាត់ម្នាក់ប៉ុណ្ណោះ។ ចំណែកមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)  ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុក និងស្នងការដ្ឋាននគរបាលខេត្តសរុបចំនួន ៤គ្រឿង ដើម្បីអន្តរាគមន៍ភ្លាមៗដែរ តែមិនអាចស្រោចស្រង់បានឡើយ ព្រោះតែភ្លើងបានឆាបឆេះខ្លាំង និងលឿនពេក ពោលគឺបានត្រឹមបាញ់ទឹកទប់ស្កាត់កុំឱ្យឆ្លងរាលដាល ដល់លំនៅឋានប្រជាពលរដ្ឋក្បែខាងប៉ុណ្ណោះ។

ជុំវិញករណីអគ្គិភ័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជាក់ក្នុងរបាយការណ៍ថា បានបង្កឱ្យមានការខូចខាត រួមមាន ផ្ទះ ១ខ្នងទាំងស្រុង គ្រែ ចំនួន៣ ទូដាក់ខោអាវ ចំនួន២ ស្រូវ ចំនួន៤០បាវ និងសម្ភារនៅក្នុងផ្ទះជាច្រើនទៀត ដែលគិតជាទឹកប្រាក់អស់ប្រមាណ ៨០លានរៀល (ប្រមាណជាង ២ម៉ឺនដុល្លារ)។ ប៉ុន្តែយ៉ាងណា ហេតុការណ៍នេះ ពុំបង្កឱ្យមានគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះ ឬមនុស្សណាម្នាក់នោះទេ៕

RELATED ARTICLES