Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធវេចលុយរត់តាមប្រុស ប្តីប្រកាសរក

ប្រពន្ធវេចលុយរត់តាមប្រុស ប្តីប្រកាសរក

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានដាច់ចិត្តទម្លាយពីរឿងរ៉ាវជីវិតរបស់ខ្លួនថា ប្រពន្ធរបស់ខ្លួនត្រូវបានបុរសម្នាក់ ដែលជាមនុស្សមានប្រពន្ធនិងកូនរួចទៅហើយ លួងលោម បោកបញ្ឆោតរហូតដល់លង់ខ្លួនរត់តាមប្រុស ដោយវេចទាំងលុយប្រមាណជាង ១៥០០ដុល្លារ ទៅជាមួយផង ទើបធ្វើឱ្យរូបគាត់ជាប្តី កើតទុក្ខមិនសុខចិត្ត ប្រកាសហៅទាំងប្រុសថ្មី និងស្ត្រីជាប្រពន្ធ ឱ្យចូលខ្លួនមកដោះស្រាយគ្នា។

បុរសអភ័ព្វដែលត្រូវប្រពន្ធរត់តាមប្រុសថ្មី មានឈ្មោះឡាំង ឡុង អាយុជាង៣០ឆ្នាំ មុខរបរកម្មករ មានស្រុក កំណើតនៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះរ៉ុង ភី អាយុ២៧ឆ្នាំ។ រីឯបុរសជាជនទី៣ ត្រូវបានបុរសជាប្តីខាងលើ អះអាងថា មានឈ្មោះជ័យ ដារ៉ូ មានលំនៅម្តុំឧដុង្គ ខេត្តកំពង់ស្ពឺ។

បុរសអភ័ព្វស្នេហ៍ ឡាំង ឡុង បានរៀបរាប់ប្រាប់ថា លោក និងប្រពន្ធ ឈ្មោះរ៉ុង ភី បានចាប់ដៃគ្នាសាងគ្រួសារ អស់រយៈពេល៩ឆ្នាំមកហើយ គ្រាន់តែមិនបានរៀបការអ្វីធំដុំនោះទេ ប៉ុន្តែបានសែនព្រេន និងមានចាស់ទុំដឹងឮទាំងសងខាង ហើយរហូតមកដល់សព្វថ្ងៃ ប្តីប្រពន្ធលោក នៅមិនទាន់មានកូនជាមួយគ្នានៅឡើយ។

លោកឡាំង ឡុង បានបន្តថា កន្លងមក ប្តីប្រពន្ធរបស់លោក រស់នៅចុះសម្រុងល្អូកល្អិននឹងគ្នាល្អណាស់ ទើបតែមួយរយៈចុងក្រោយ ប្រហែលជា២-៣ខែមុននេះ ប្រពន្ធរបស់លោក ចាប់ផ្តើមប្រែប្រួលអត្តចរិត និងចេះតែទាមទារលុយកាក់ពីលោកជាប្តីរហូត ទោះជាឱ្យប៉ុន្មានក៏មិនគ្រប់។ ក្រោយមក លោកបានស៊ើបដឹងថា ប្រពន្ធកំពុងទាក់ទងជាមួយប្រុសថ្មីម្នាក់ ឈ្មោះជ័យ ដារ៉ូ ហើយលោកក៏ធ្លាប់តាមទាន់ប្រពន្ធនិងប្រុសថ្មីនោះដែរ កាលពីពួកគេបានជួបគ្នានៅម្តុំបាត់ដឹង តែពេលនោះខាងប្រុសបានរត់គេចបាត់។

លោកឡាំង ឡុង បានឱ្យដឹងទៀតថា លុះមកដល់អំឡុងខែមីនា ឆ្នាំ២០២៤ ស្រាប់តែនៅសុខៗ ប្រពន្ធរបស់លោកបានចុះចេញពីផ្ទះបាត់ ដោយវេចទាំងលុយចំនួន ១៥៣០ដុល្លារទៅជាមួយទៀតផង ហើយក៏មានគេប្រាប់ថា ប្រពន្ធលោកបានរត់ទៅជាមួយបុរសឈ្មោះជ័យ ដារ៉ូ ពោលគឺត្រូវបុរសកំហូចនោះ បោកប្រាស់តែម្តង ព្រោះបុរសនោះ ជាមនុស្សមានប្រពន្ធ និងមានកូនរួចទៅហើយ ដល់ទៅ២នាក់ ហើយសព្វថ្ងៃ ប្រពន្ធបុរសខាងលើ ក៏បានទាក់ទងមកលោក សួររកប្តីនាងដែរ ដោយមិនដឹងថា ពួកគេពង្រត់គ្នាទៅដល់ណាឡើយ ព្រោះសូម្បីតែលេខទូរស័ព្ទ និងឆាតហ្វេសប៊ុក ក៏ប្រពន្ធលោកប្លុកលោកជាប្តីចោលដែរ។

បុរសជាប្តី បានបញ្ជាក់ថា តាំងពីប្រពន្ធវេចលុយជាង ១ពាន់ដុល្លារ ទៅបាត់មក លោកព្យាយាមតាមដើររកប្រពន្ធសព្វកន្លែងដែរ តែមិនមានតម្រុយអ្វីសោះ ទើបពេលនេះ លោកសម្រេចចិត្តសុំឱ្យសារព័ត៌មានជួយផ្សព្វផ្សាយ ឱ្យបានឮដល់ប្រពន្ធរបស់លោក និងប្រុសថ្មី នោះ ដើម្បីឱ្យពួកគេចូលខ្លួនមកដោះស្រាយជាមួយលោកឱ្យបានដាច់ស្រេច។

បុរសជាប្តីខាងលើ បានបង្ហាញពីជំហររបស់ខ្លួនថា អ្វីដែលលោកចង់បាននៅពេលនេះ គឺគ្រាន់តែចង់បានលុយជាង ១៥០០ដុល្លារនោះត្រឡប់មកវិញប៉ុណ្ណោះ ដើម្បីបន្តការងាររកស៊ី និងជីវិតរបស់លោកទៅមុខទៀត ចំណែកប្រពន្ធនេះ គឺលោកមិនទទួលយកនាងវិញទេ សុខចិត្តបើកផ្លូវឱ្យនាងនិងប្រុសថ្មី សោយសុខជាមួយគ្នាទៅ សំខាន់យកលុយមកឱ្យលោកជាប្តីវិញ។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនស្ត្រីជាប្រពន្ធ និងបុរសឈ្មោះជ័យ ដារ៉ូ ដែលរងការចោទប្រកាន់ថាពង្រត់ប្រពន្ធគេទៅបាត់នោះបានទេ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES