Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់មេតុងទីន ២នាក់ប្តីប្រពន្ធ ប្រមូលលុយរត់ ៥០លានដុល្លារ

ចាប់មេតុងទីន ២នាក់ប្តីប្រពន្ធ ប្រមូលលុយរត់ ៥០លានដុល្លារ

ខេត្តកំពង់ចាម ៖ ប្តីប្រពន្ធជាមេតុងទីន ២នាក់ ដែលត្រូវក្រុមអាជីវករផ្សារស្ពឺ ស្រុកចម្ការលើ ប្តឹងចោទប្រកាន់ថា បានប្រមូលលុយតុងទីន ប្រមាណ ៥០លានដុល្លារ រត់គេចខ្លួនបាត់នោះ ទីបំផុតត្រូវបានកម្លាំងជំនាញអាវុធហត្ថ ស្រាវជ្រាវឃាត់ខ្លួនបាន ខណៈដែលបានរត់ទៅសម្ងំលាក់ខ្លួនក្នុងខុនដូមួយកន្លែង ក្នុងរាជធានីភ្នំពេញ។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចខុនដូ ១កន្លែង ម្តុំបឹងទំពុន ស្ថិតនៅក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវបានឃាត់ខ្លួន ស្ត្រីជាប្រពន្ធ មានឈ្មោះសាន សុវណ្ណាលីស ភេទស្រី អាយុ៣០ឆ្នាំ ចំណែកបុរសជាប្តី មានឈ្មោះណេង ស៊ុនហេង ភេទប្រុស អាយុ៣៣ឆ្នាំ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងយោងបទបញ្ជារបស់លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមានការចង្អុលបង្ហាញដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ក្រោមកិច្ចសហប្រតិបត្តិការរវាងអាវុធហត្ថខេត្តកំពង់ ចាម និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទីបំផុតកម្លាំងជំនាញអាវុធហត្ថ បានតាមចាប់ខ្លួនមេទុងទីន ២នាក់ប្តីប្រពន្ធបាន ខណៈដែលពួកគេកំពុងតែសម្ងំលាក់ខ្លួននៅខុនដូ ១កន្លែង ពាក់ព័ន្ធករណីឆបោកលុយកូនតុងទីន រហូតដល់រាប់សិបលានដុល្លារ នៅស្រុកចម្ការលើ ។

លោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តកំពង់ ចាម បានឱ្យនៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ថា ក្រោយពីមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ដោយបងប្អូនអាជីវករផ្សារស្ពឺ ស្រុកចម្ការលើ រាប់រយនាក់ បានឆោឡោរឿងចាញ់បោកមេតុងទីន ឈ្មោះសុវណ្ណាលីស បានគ្នាមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកចម្ការលើ​ ជាហូរហែ។

ជាមួយនោះ ដោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យកម្លាំងមន្ត្រីក្រោមឱវាទ ចុះស្រាវជ្រាវជាបន្ទាន់ ដើម្បីតាមចាប់ខ្លួនមេតុងទីន ពាក់ព័ន្ធករណីឆបោកលុយរាប់លានដុល្លារ។ ទីបំផុតនៅវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ កម្លាំងកងរាជអា វុធហត្ថខេត្តកំពង់ចាម បានពន្លាតដែនសមត្ថកិច្ច ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ប្តីប្រពន្ធ (ឈ្មោះសាន សុវណ្ណាលីស និងប្តីឈ្មោះណេង ស៊ុនហេង) នៅចំណុចខុនដូមួយកន្លែង ម្តុំបឹងទំពុន ស្ថិតក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើ ធ្វើឡើង តាមដីកាបញ្ជាឱ្យចូលខ្លួន លេខ០២ និងលេខ០៣ អ.យ.ជ/២០២៤ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ចេញដោយលោកសេង រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងឆបោក (តុងទីនអនឡាញ)។

ក្រោយឃាត់ខ្លួន កម្លាំងជំនាញបានបញ្ជូនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើ ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។

តាមការអះអាងរបស់សមត្ថកិច្ចជំនាញដែលចុះប្រតិបត្តិការដោយផ្ទាល់ បានបញ្ជាក់ប្រាប់ថា ពេលចាប់ខ្លួនទាំង២នាក់ប្តីប្រពន្ធនេះ មិនឃើញមានលុយជាប់នឹងខ្លួននោះទេ ហើយខុនដូដែលជនសង្ស័យលាក់ខ្លួននោះ ជាកម្ម សិទ្ធិរបស់អ្នកផ្សេង មិនមែនជារបស់ជនសង្ស័យពីរនាក់ប្តីប្រពន្ធនេះឡើយ។

ដោយឡែក តាមប្រភពក្រៅផ្លូវការ បានបង្ហើបប្រាប់ថា មេតុងទីន ២នាក់ប្តីប្រពន្ធនេះ បានធ្វើលិខិតឆ្លងដែន រួចរាល់ និងត្រៀមគេចខ្លួនចេញទៅក្រៅប្រទេសទៀតផង តែរត់មិនរួច ក៏ជាប់អន្ទាក់កម្លាំងជំនាញអាវុធហត្ថតែម្តង។

ក្រោយពីទទួលបានព័ត៌មានថា មេតុទីនទាំង២នាក់ប្តីប្រពន្ធខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រុមអាជីវករផ្សារស្ពឺ ដែលជាកូនតុងទីន រាប់រយនាក់ បានសម្តែងនូវការសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ច និងរំពឹងថា អាចទទួលបានយុត្តិធម៌ ពិសេសបានលុយកាក់ ត្រឡប់មកវិញ ក្នុងពេលឆាប់ៗ។

គួររំលឹកថា ក្រុមអាជីវករលក់ដូរនៅផ្សារស្ពឺ ឃុំស្ពឺ ស្រុកចម្ការលើ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បានផ្អើលឆោឡោ ប្រមូលផ្តុំគ្នា តវ៉ានិងដាក់ពាក្យបណ្តឹង ដោយអះអាងថាមេតុងទីន ឈ្មោះសាន សុវណ្ណាលីស អាយុ៣១ឆ្នាំ រួមនិងប្តី ដែលជាអាជីវករលក់ថ្នាំពេទ្យ ក្នុងផ្សារស្ពឺ បានរត់គេចខ្លួនបាត់ ដោយវេចលុយតុងទីន ប្រមាណ៥០លានដុល្លារ ទៅជាមួយផង។

លោកឡាយ ម៉េងលី ដែលអះអាងថា ជាកូនតុងទីន និងជាជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះរាប់រយនាក់  បានឱ្យដឹងថា គាត់លេងតុងទីន ជាមួយនឹងស្ត្រីឈ្មោះសាន សុវណ្ណាលីស និងប្តី ដោយក្នុងមួយក្បាល ត្រូវបង់២០ដុល្លារ ក្នុង១ថ្ងៃ។ គាត់ចាប់ផ្តើមលេង តាំងពីខ្សែទី១ រហូតដល់ខ្សែទី៥២ គឺលេងបានការប្រាក់ ដោយត្រូវបង់តែចំនួន ១៧ដុល្លារប៉ុណ្ណោះ ហើយចំនួនថ្ងៃដែលត្រូវលេង មានរហូតដល់៤៨ថ្ងៃ។

លោកម៉េងលី បន្តថា ការលេងតុងទីននេះ គឺតាមបណ្តាញសង្គម ហ្វេសប៊ុក របស់មេតុងទីនឈ្មោះសាន សុវណ្ណាលីស ដែលមានអាសយដ្ឋាននៅបុរីឈូកវ៉ា២ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំពោះគោលការណ៍ តុងទីនក្បាល ២០ដុល្លារ រួមមាន ៖ ១-បង់ប្រាក់ឱ្យបានទៀងទាត់ មុនម៉ោង៦ល្ងាច បើលើស ពិន័យមួយក្បាល ៥ដុល្លារ បើមិនបង់លុយពិន័យទេ កាត់ទុកពេលកើប។ ២-ក្នុងករណីបង់យឺត មេបិទមិនឱ្យដេញ។ ៣-ករណីកូនៗលេងតែ ១ក្បាល មិនទាន់មានសិទ្ធិដេញភ្លាមៗបានទេ។ ៤-ករណីកូនៗលេងចំនួន២ក្បាល គឺដេញបានតែមួយប៉ុណ្ណោះ។

អាជីវករម្នាក់ទៀត ឈ្មោះប៉ុក រដ្ឋមុនី ភេទស្រី អាយុ៣១ឆ្នាំ បានរៀបរាប់ថា គាត់លេងតុងទីនក្នុងមួយក្បាល បង់ ២០ដុល្លារ នៅតូបលក់ថ្នាំពេទ្យរបស់មេតុងទីន ឈ្មោះសុវណ្ណាលីស នៅក្នុងបរិវេណផ្សារស្ពឺ ហើយមានពេលខ្លះ បង់មួយថ្ងៃ ២០០ដុល្លារក៏មាន។ គាត់ចាប់ផ្តើមលេងតុងទីន នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២៣ បន្តរហូតមកដល់សព្វថ្ងៃ។ លុះពេលគាត់ដេញបាន មេតុងទីន បានបង់លុយឱ្យមកគាត់ ដោយលើកឡើងថា ប្រាក់នៅក្នុងកុង (គណនី) មានកំណត់ ដូច្នេះក្នុងម្នាក់ ឱ្យបានខ្លះ ២០០០ដុល្លារ ទៅ៣០០០ដុល្លារប៉ុណ្ណោះ។ លុះរយៈពេល៤ទៅ ៥ថ្ងៃក្រោយមក ស្រាប់តែមានហេតុការណ៍ចលាចលថា មេទុងទីនខាងលើ រត់បាត់ ទើបគាត់បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកចម្ការលើ។ ចំពោះប្រាក់របស់គាត់ មានប្រមាណ ១២ម៉ឺនដុល្លារ ធ្វើយ៉ាង ណាឱ្យបានលុយថ្លៃដើម ត្រឡប់មកវិញ និងរំពឹងថា សមត្ថកិច្ច នឹងជួយរកយុត្តិធម៌ជូនដល់ក្រុមជនរងគ្រោះ ។

តាមប្រភពព័ត៌មានចុងក្រោយ បានឱ្យដឹងថា គិតត្រឹមម៉ោង ៣រសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ មានអាជី វករដែលបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកចម្ការលើ ចំនួន ៥០នាក់៕

RELATED ARTICLES