Saturday, May 4, 2024
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន បានតំណែងកំពូល៣ អាចលើកលែងទោសឲ្យកឹម សុខា ?

សម្តេចហ៊ុន សែន បានតំណែងកំពូល៣ អាចលើកលែងទោសឲ្យកឹម សុខា ?

ភ្នំពេញ ៖ ក្រោយពេលដែលសម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ជាអតីតនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ មក អ្នកនយោបាយ នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានលើកឡើងថា បំណងប្រាថ្នារបស់បុរសខ្លាំងនៅកម្ពុជា បានសម្រេចហើយ ។ ជាមួយនេះ អ្នកនយោបាយប្រឆាំង បានលើកឡើងថា សម្តេចហ៊ុន សែន នៅពេលនេះ បានតំណែងកំពូល៣ ដែលអាចជាអំណាចគុណធម៌របស់សម្ដេច ក្នុងការលើកលែងទោសដល់អ្នកនយោបាយ ដើម្បីផ្សះផ្សាជាតិ ជាពិសេសគឺការលើកលែងទោសឲ្យលោកកឹម សុខា អតីតមេបក្សប្រឆាំង ដែលត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ (ឃុំខ្លួនក្នុងផ្ទះ) ២៧ឆ្នាំ ពីបទក្បត់ជាតិ «សន្ទិដ្ឋភាពជាមួយបរទេស»។

លោកមាជ សុវណ្ណារ៉ា អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាអតីតសហការីលោកកឹម សុខា និងលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ថា “តំណែងកំពូល៣ អាចជាអំណាចគុណធម៌របស់លោកហ៊ុន សែន ចំពោះការលើកលែងទោសអ្នកនយោបាយ ដើម្បីផ្សះផ្សាជាតិ ឬទេ?

«សន្តិភាពទៅបាន វាអាស្រ័យលើមានសេរីភាព និងយុត្តិធម៌» !

-ខ្ញុំថាក្តីបំណងប្រាថ្នារបស់បុរសខ្លាំងនៅកម្ពុជា (Strong Man in Cambodia) បានដល់ចំណុចកំពូលនៅទីបញ្ចប់ គឺតំណែងប្រធានព្រឹទ្ធសភា ជាស្ថាប័ននីតិប្បញ្ញតិ្ត និងជាតំណែងប្រមុខរដ្ឋស្តីទី ទៅទៀត ខណៈអវត្តមានរាជាស្តេចផែនដីក្នុងនគរកម្ពុជា ផងដែរ ហើយតំណែងកំពូលដ៏មានឥទ្ធិពលនយោបាយមួយទៀត គឺតំណែងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនោះដែរ ដោយសារតែយុទ្ធសាស្រ្តនយោបាយឈ្នះ-ឈ្នះ ជាង២ទសវត្សកន្លងមកនេះ។ ខ្ញុំថាអតីតនាយករដ្ឋមន្ត្រីខ្មែរ លោកហ៊ុន សែន លោកយល់ច្បាស់ណាស់ថា អតីតប្រធានគណបក្សសង្រ្គោះជាតិ (CNRP) លោក កឹម សុខា ដែលជាអតីតដៃគូប្រកួតប្រជែងគោលនយោបាយក្នុងនាមជាបក្សជំទាស់កន្លងមក ពិតជាក្បត់ជាតិ ឃោរឃៅ លក់ទឹកដី និងបំផ្លិចបំផ្លាញភោគទ្រព្យជាតិ រហូតត្រូវជាប់គុក ២៧ឆ្នាំ?

-ដូច្នេះខ្ញុំគិតថា ដើម្បីឲ្យស្ថានភាពនយោបាយរត់តាមអំណាច ហើយអំណាចរបស់បុរសខ្លាំង ក្នុងការបង្កើតនូវគុណធម៌នយោបាយនៃដំណើរការដោះស្រាយដោយស្ថិរភាព សេរីភាព យុត្តិធម៌ និងសន្តិភាព ជាផ្លូវផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងឯកភាពជាតិ ក្រោមការអត់ឱន អធ្យាស្រ័យប្រកបដោយគុណធម៌ របស់មេដឹកនាំជាតិ ដែលអាចទទួលយកបាន ដោយខ្មែរគ្រប់និន្នាការ ខណៈក្រុមឈាមថ្មី ជំនាន់ថ្មី នៃអ្នកបន្តវេនរបស់បក្សកាន់អំណាច CPP បានលេចចេញរូបរាងកាច់ចង្កូតប្រទេស ជាង៧ខែទៅហើយ ហើយអតីតគូប្រកួតម្ខាងទៀត នៅតែបន្តបាត់ភាពកក់ក្តៅៗពីសំណាក់មេដឹកនាំរបស់ខ្លួន (មេដឹកនាំបែបអហិង្សានិយម ដែលមិនប្រើមនោគមន៍វិជ្ជាជ្រុលនិយមណាមួយក្រៅពីដើរតាមរដ្ឋធម្មនុញ្ញកម្ពុជា) ដើម្បីនឹងឆ្ពោះទៅរកការបង្កើតនូវអ្នកជំនាន់ថ្មីមួយ នៃបក្សក្រៅរដ្ឋាភិបាល ក្នុងការត្រៀមប្រកួតប្រជែងគ្នានៅឆ្នាំ២០២៧ និង២០២៨ ខាងមុខ“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ថា សម្ដេចហ៊ុន សែន បានដើរដល់គោលដៅចុងក្រោយ នៃបំណងប្រាថ្នាជាប្រធានព្រឹទ្ធសភា តាំងពីឆ្នាំ១៩៩៨ ដែលពេលនោះ បានបង្កើតស្ថាប័នព្រឹទ្ធសភា លើកដំបូង ហើយបន្តបន្ទាប់មក សម្ដេច ក៏បានធ្វើឲ្យសម្រេចនូវនយោបាយវិសោធនកម្មរដ្ឋធម្មនុញ្ញ ពីបង្កើតរដ្ឋសភា និងរដ្ឋាភិបាល ២ភាគ៣ ទៅ៥០% បូក១ ដែលជាអំណាចក្ដោបឯកបក្ស របស់គណបក្សប្រជាជនកម្ពុជា ហើយមកដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ សម្ដេច បានសម្រេចបំណងដ៏កំពូលបំផុតមួយ គឺតំណែងប្រធានព្រឹទ្ធសភា នេះឯង ដែលសម្ដេច អាចធ្វើផ្គរធ្វើភ្លៀង មានក្ដីមេត្តាធម៌ ករុណា ឬក៏គុណធម៌ មនុស្សធម៌បែបណា គឺអាស្រ័យនៅលើការសម្រេចចិត្តរបស់សម្ដេច ព្រោះលោកជឿថា វត្តមានសម្តេច នៅស្ថាប័នព្រឹទ្ធសភា នឹងមិនដូចពាក្យគេទិតៀនថា ចាំតែប្រថាប់ត្រាទៀតទេ គឺនឹងមានជាងស្ថាប័នរដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញតិ្តជាន់ទាប ។ ដូច្នេះហើយ ទើបលោកលើកឡើងជាសំណួរថា តំណែងកំពូល៣ (ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ) អាចជាអំណាចគុណធម៌របស់សម្ដេចហ៊ុន សែន លើកលែងទោសអ្នកនយោបាយ ដើម្បីផ្សះផ្សាជាតិ ឬទេ?

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “អ្វីដែលខ្ញុំមើលឃើញថា បំណងប្រាថ្នារបស់បុរសខ្លាំងនៅកម្ពុជា លោកហ៊ុន សែន បានសម្រេច គឺសម្រេចនូវអ្វីដែលគាត់តែងតែអះអាង តែងតែលើកជាទឡ្ហីករណ៍ជាបន្តបន្ទាប់ក្នុងរយៈពេលតាំងតែពេលអតីតកាលប្រវត្តិសាស្រ្ត មូលហេតុដែលគាត់រត់ចូលព្រៃម៉ាកគី តស៊ូតាមការអំពាវនាវរបស់សម្ដេចនរោត្តម សីហនុ ហើយចូលរួមដើម្បីផ្ដួលរំលំរបបចក្រពត្តិអាមេរិក ដែលដឹកនាំដោយសេនាប្រមុខ លន់ នល់ ដែលបានធ្វើរដ្ឋប្រហារទម្លាក់អតីតព្រះបរមរតនកោដ្ឋ សម្ដេចនរោត្តម សីហនុ ពីព្រះមុខរដ្ឋ ពីអ្នកដឹកនាំរបស់រដ្ឋាភិបាលក្នុងសម័យសង្គមរាស្រ្តនិយម ហើយរហូតបន្តបន្ទាប់មក លោកហ៊ុន សែន តែងតែអះអាងថា ខ្លួនជាអ្នករំដោះ ថ្ងៃ៧មករា ដែលជាមាតាទី២ ជួយសង្រ្គោះជីវិតខ្មែរយើង ឲ្យរួចផុតពីរបបខ្មែរក្រហម ប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ។ បន្តបន្ទាប់មកទៀត គឺថាយើងមានចម្បាំងរាំងជល ពេលដែល ៧មករា អ្នកខ្លះថា យួនមកឈ្លានពានបូរណភាព អធិបតេយ្យ ឯករាជ្យភាពទឹកដីរបស់ប្រទេសកម្ពុជា ជ្រៀតជ្រែកពីបរទេស យកកងទ័ពមករំលោភបំពាន ត្រួតត្រាដោយកងទ័ពវៀតណាម ដែលមានសហភាពសូវៀត មហាអំណាចកុម្មុយនីស្ត នៅពីក្រោយ ហើយបន្តបន្ទាប់មក គាត់ថាលោកគឺជាបិតា ៧មករា ក្នុងការរំដោះឲ្យមនុស្ស ផុតពីការស្លាប់នៃបនប្រល័យពូជសាសន៍ ។ អ៊ីចឹងបើកុំមាន ៧មករា ទេ ប្រហែលជាខ្មែរ ស្លាប់អស់ ប្រទេសអស់អីអ៊ីចឹងទៅ តែក្រោយមក សង្រ្គាម១០ឆ្នាំទៀត ជាមួយនឹងអតីតតស៊ូ ដែលលោកហ៊ុន សែន ធ្លាប់គោរព ឲ្យតម្លៃ ហើយធ្លាប់រត់ចូលព្រៃម៉ាកគី តាមបណ្ដាំព្រះរាជប្រកាសរបស់ព្រះបរមរតនកោដ្ឋ អំពាវនាវឲ្យមានការច្បាំងតស៊ូផ្ដួលរំលំរបបសេនាប្រមុខ លន់ នល់ រហូតដល់ជាប់ពាក់ព័ន្ធនឹងការគប់គិតជាមួយខ្មែរក្រហម ហើយលោកហ៊ុន សែន ជាអតីតកម្មាភិបាលខ្មែរក្រហម ទៅទៀត ។ អ៊ីចឹងហើយបានច្បាំងជាមួយអតីតចលនាតស៊ូ ដែលដឹកនាំដោយសម្ដេចសីហនុ សឺន សាន ខៀវ សំផន មានចលនា៣ ហើយត្រូវបានទទួលស្គាល់អាសនៈនៅក្នុងអង្គការសហប្រជាជាតិ គឺរដ្ឋាភិបាលបណ្ដោះអាសន្នត្រីភាគី ដែលមានព្រះបរមរតនកោដ្ឋ ជាព្រះប្រធាន ហើយអនុប្រធាន ជាចលនាខ្មែរក្រហម ខៀវ សំផន និងនាយករដ្ឋមន្រ្តី គឺលោកសឺន សាន ដែលជាអតីតប្រធានចលនារណសិរ្សជាតិរំដោះខ្មែរ ជាដើមហ្នឹង គឺថាធ្វើឲ្យច្បាំងផង ការចរចាផង ដែលមានសហគមន៍អន្តរជាតិ ជាពិសេសមហាអំណាចអាមេរិក ចិន ហើយនៅពេលដែលសហភាពសូវៀតដួលរលំដោយសង្រ្គាមត្រជាក់ នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ អ៊ីចឹងហើយបានកើតមានការចរចានៅក្រោមសម្ពាធនៃការដួលរលំរបស់មហាអំណាចកុម្មុយនីស្ត ទៅជាការបំបែករដ្ឋ ១៥ប្រទេស ចំណុះឲ្យសហភាពសូរវៀត ហើយទណ្ឌកម្មសេដ្ឋកិច្ច ការដាក់សម្ពាធផ្នែកនយោបាយការទូត ទាំងតំបន់អាស៊ី ទាំងតំបន់អឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក បង្កើតឲ្យមានការចរចាគ្នាចេញជាសន្ធិសញ្ញាទីក្រុងប៉ារីស បញ្ចប់ជម្លោះ បញ្ចប់ការច្បាំងគ្នា រៀបចំបញ្ជូនជនភៀសខ្លួនមាតុភូមិនិវត្តន៍ ពីតាមជំរំព្រំដែនសៀម មក ហើយរៀបចំប្រមូលអាវុធ រៀបចំច្របាច់បញ្ចូលកងទ័ព និងរៀបចំការបោះឆ្នោត ដើម្បីឲ្យកម្ពុជា ក្លាយជាប្រទេសមានព្រះរាជាណាចក្រកម្ពុជា ប្រទេសដែលមានស្ដេចសោយរាជ្យជាថ្មីឡើងវិញ ប្រទេសដែលមានការចូលរួមបោះឆ្នោតពីគ្រប់និន្នាការគណបក្សនយោបាយ ដើម្បីប្រកួតប្រជែងគ្នាជាសេរីពហុបក្ស តាមសន្ធិសញ្ញាទីក្រុងប៉ារីស យើងបង្កើតបានធម្មនុញ្ញភាព រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយបំណងប្រាថ្នារបស់លោកហ៊ុន សែន ហាក់បីដូចនាំរកភាគីមួយនៃរដ្ឋកម្ពុជា ដែលអតីតក្រុងហាណូយ លើកបន្តុប បង្កើតបានជារបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោយមក របបរដ្ឋកម្ពុជា បន្ទាប់មកក៏ក្លាយជាការដឹកនាំក្រោមការប្រកួតប្រជែងសន្លឹកឆ្នោត ឆ្នាំ១៩៩៣ គឺថាការរួមគ្នាបង្កើតរដ្ឋាភិបាល ដែលមានសហនាយករដ្ឋមន្រ្តី ក្បាលពីរ គឺសហនាយករដ្ឋមន្រ្តីទី១ ដឹកនាំដោយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ សហនាយករដ្ឋមន្រ្តីទី២ ដឹកនាំដោយលោកហ៊ុន សែន ប៉ុន្តែវាមិនមានសមានចិត្តឲ្យគ្នាទេ នូវការប្រុងប្រយ័ត្ននៃនយោបាយចាត់តាំងដឹកនាំ នយោបាយកម្ទេចបំបែកគ្នា នយោបាយចាត់តាំងយោធា ដើម្បីស្មោះស្ម័គ្រគ្នារវាងភាគីទាំងពីរហ្នឹង គឺថាស្មោះនឹងហ៊ុន សែន ស្មោះនឹងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដើម្បីទប់អំណាចរៀងៗខ្លួន បើទោះបីជាគណបក្សប្រជាជន ចាញ់ឆ្នោត ហើយគណបក្សហ៊្វុនស៊ិនប៉ិច ឈ្នះឆ្នោត ប៉ុន្តែការដឹកនាំរដ្ឋាភិបាល អាណត្តិទី១ ពី១៩៩៣ មក១៩៩៨ មួយអាណត្តិហ្នឹង គឺថាយើងអត់បានសហការ ឯកភាព ស្មោះត្រង់គ្នាទេ វាកើតជាការឈ្លោះទាស់ទែងគ្នា សង្រ្គាមរាំងជល់មួយចម្អិនកំពឹស គឺរដ្ឋប្រហារ ៥-៦ កក្កដា ១៩៩៧ ដែលគណបក្សប្រជាជន បានកម្ចាត់នយោបាយចាត់តាំងរបស់គណបក្សហ៊្វុនស៊ិនប៉ិច នយោបាយយោធាដែលស្មោះស្ម័គ្រនឹងសម្ដេចក្រុមព្រះ និងសម្ដេចក្រុមព្រះ ក៏ខ្ទេចខ្ទី ហើយបន្ទាប់មក ក៏បានការចរចាគ្នាឡើងវិញ ក្រោយពីច្បាំងមួយអន្តរកាល មួយឆ្នាំ នៅតាមព្រំដែន តំបន់បន្ទាយមានជ័យ ឧត្ដរមានជ័យ នៃតំបន់អូរស្មាច់ ភ្នំកោយ ជប់គគីរ តាទុំ អីហ្នឹង គឺថាតំបន់ដែលជាអ្នកតស៊ូក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ក៏បន្ទាប់មកមានការចរចា ដែលដឹកនាំដោយប្រទេសជប៉ុន ជាអ្នកសម្របសម្រួលផ្នែកនយោបាយ ក៏មានការបោះឆ្នោតឡើងវិញ ហើយក៏ហ៊្វុនស៊ិនប៉ិច ធ្លាក់មកការចាញ់ឆ្នោត គណបក្សប្រជាជនលំដាប់ទី១ ហ៊្វុនស៊ិនប៉ិច លំដាប់ទី២ ក៏បង្កើតរដ្ឋាភិបាលចម្រុះហ្នឹង អាណត្តិទី២ និងអាណត្តិទី៣ ប៉ុន្តែជាប់គាំង ដោយសារតែរូបមន្ត ២ភាគ៣ ។ ២ភាគ៣ ត្រូវបានគំនុំបុគ្គលរវាងសម្ដេចក្រុមព្រះ លោកសម រង្ស៊ី និងលោកហ៊ុន សែន ក៏នៅឆ្នាំ២០០៦ ក្រោយពីបោះឆ្នោតអាណត្តិទី៣ នៃរដ្ឋាភិបាលចម្រុះ ៣អាណត្តិហើយ គឺថាសម្ដេចក្រុមព្រះ ក្លាយជាប្រធានរដ្ឋសភា ហើយសម្ដេចជា ស៊ីម ប្រធានគណបក្សប្រជាជន ក្លាយជាប្រធានព្រឹទ្ធសភា បង្កើតព្រឹទ្ធសភា នៅឆ្នាំ១៩៩៨ហ្នឹង ដោយសារតែនយោបាយសម្របសម្រួល ក្រោយពីលោកហ៊ុន សែន ឬក៏ការចោទប្រកាន់បុកគ្រាប់បេ នៅខេត្តសៀមរាប កាលពីខែវិច្ឆិកា ឆ្នាំ១៩៩៨ នយោបាយទាល់ច្រក ក្រោមព្រះបរមរតនកោដ្ឋ ដោះស្រាយនយោបាយហើយ ក៏វាមានវិធីបែងចែក បង្កើតនូវស្ថាប័នព្រឹទ្ធសភា បច្ចុប្បន្ននេះ ដែលលោកហ៊ុន សែន ដើរដល់គោលដៅចុងក្រោយ បំណងប្រាថ្នារបស់លោក គឺប្រធានព្រឹទ្ធសភា ហើយបន្តបន្ទាប់មក គឺនយោបាយវិសោធនកម្មរដ្ឋធម្មនុញ្ញ ពីបង្កើតរដ្ឋសភា និងរដ្ឋាភិបាល ២ភាគ៣ ទៅ ៥០% បូក១ គឺបានសម្រេចហើយ អាហ្នឹងសម្រេចខ្លាំងនៃអំណាចក្ដោបឯកបក្សប្រជាជនកម្ពុជា ហើយមកដល់ថ្ងៃ០៣ មេសា ឆ្នាំ២០២៤  លោកបានសម្រេចបំណងដ៏កំពូលបំផុតមួយ គឺតំណែងប្រធានព្រឹទ្ធសភា ហ្នឹង“ ។

លោកមាជ សុវណ្ណារ៉ា បានប្រសាសន៍បន្តទៀតថា “យើងដឹងហើយថា តំណែងប្រធានព្រឹទ្ធសភា គឺជាកន្លែងតាក់តែងច្បាប់ ច្រានចោលការមិនឯកភាព យល់ព្រមក្នុងយកច្បាប់ប្រទេស ដែលយើងតាក់តែងក្នុងប្រទេសណាហ្នឹងយកទៅឲ្យចេញជាច្បាប់ ដើម្បីឲ្យនីតិប្រតិបត្តិហ្នឹងអនុវត្ត ។ ពីមុន ព្រឹទ្ធសភា ត្រូវបានគេចោទថា ព្រឹទ្ធសភាប្រថាប់ត្រា ខណៈដែលលោកហ៊ុន សែន នៅជាសមាជិករដ្ឋសភា នៅជានាយករដ្ឋមន្រ្តី ។ អ៊ីចឹងការអនុម័តច្បាប់អី ដែលមានបក្សប្រឆាំង ឬក៏មានបក្សនៅក្នុងអាសនៈណាតូចតាច មិនអាចមានបំណងអីដែលទៅរាំងស្ទះបាន គឺថាឯកភាពតែបក្សកាន់អំណាច ៥០% បូក១ ចាប់ពី ៦៣អាសនៈឡើងលើ គឺថា គាត់អាចធ្វើច្បាប់ គាត់អាចវិសោធនកម្មច្បាប់ គាត់អាចធ្វើអីតាមអំពើចិត្តក្នុងនយោបាយជិះសេះលែងដៃ ដែលគ្មានតុល្យភាពអំណាចរវាងនីតិប្បញ្ញត្តិ រដ្ឋសភា ទៅនឹងនីតិប្រតិបត្តិ ។ អ៊ីចឹងហើយ ឥឡូវនេះវាទៅជាផ្ទុយនៃព្រឹទ្ធសភាវិញ ។ ព្រឹទ្ធសភាហ្នឹង គឺថាវាអាចមានសក្ដានុពល នៅពេលដែលគាត់ចង់ច្រានចោលច្បាប់ណាមិនឲ្យចេញបាន ដោយសារកត្តាមូលស្អី មូលហេតុអី មិនថាហេតុផលច្បាប់ ដោយហេតុផល ឬក៏ហេតុផលនយោបាយ ដើម្បីរាំងខ្ទប់បក្សដែលអាសនៈ ដែលមានពហុគំនិត ដែលចង់ធ្វើច្បាប់អីនៅក្នុងរដ្ឋសភា ទៅថ្ងៃមុខ ជាសេរីពហុបក្ស អាចនឹងជាប់គាំង ដោយសារអំណាចនៃព្រឹទ្ធសភា ខណៈដែលលោកហ៊ុន សែន ហ្នឹងគឺជាប្រធានព្រឹទ្ធសភា ហ្នឹងទី១ ។ ទី២ គឺថា តំណែងប្រធានព្រឹទ្ធសភា គឺជាប្រមុខរដ្ឋស្ដីទី ដែលអាចចុះហត្ថលេខាតំណាងប្រមុខរដ្ឋ គឺតំណាងព្រះមហាក្សត្របាន នៅពេលដែលព្រះមហាក្សត្រ ព្រះរាជអវត្តមាននៅក្នុងប្រទេស ។ អ៊ីចឹងគឺថា ជាអំណាចកំពូលបំផុត អំណាចធ្វើឲ្យប្រទេសជាតិរីកចម្រើន ទំនាក់ទំនងមានហេតុមានផល អំណាចធ្វើឲ្យប្រទេសជាតិដួលរលំ អំណាចធ្វើឲ្យប្រទេសជាតិផ្ដាច់ការ ឬក៏ជារបបឯកបក្សណា គឺថា នៅលើប្រមុខរដ្ឋស្ដីទីហ្នឹងឯង ពេលព្រះរាជអវត្តមានព្រះមហាក្សត្រ នៅក្នុងប្រទេស ហើយយើងអត់និយាយប្រធានគណបក្សទេ ព្រោះប្រធានគណបក្ស នៃបក្សកាន់អំណាច កាលណាប្រធានគណបក្ស គេមានសិទ្ធិធ្វើស្អីៗតាមរយៈគណបក្ស ប៉ុន្តែគេមានសិទ្ធិសម្រាប់រៀបចំរចនាសម្ព័ន្ធដឹកនាំរបស់រដ្ឋាភិបាល ប៉ុន្តែយកទៅអនុម័តនៅសភា នៅព្រឹទ្ធសភា គឺដដែល ។ មានន័យថា ប្រធានព្រឹទ្ធសភាហ្នឹងមានអំណាចទៅលើរដ្ឋសភា មានអំណាចទៅលើរដ្ឋាភិបាល ក្នុងនាមគាត់ជាប្រធានបក្ស គាត់មានអំណាចទៅលើរដ្ឋាភិបាល នីតិប្រតិបត្តិ ។ គាត់ព្រឹទ្ធសភា គាត់មានអំណាចច្រានចោល មានអំណាចវេតូ ឬក៏មិនយកច្បាប់ហ្នឹងឲ្យអនុវត្តចេញជាផ្លូវការ គឺតាមរយៈគាត់ត្រួតក្នុងនីតិប្បញ្ញត្តិ នៅលើរដ្ឋសភា ថ្នាក់ទាប អាហ្នឹងចំណុចទី២ នៅក្នុងចំណុចផ្សេងមួយនៃប្រធានគណបក្ស ដែលមានឥទ្ធិពលទៅលើរដ្ឋាភិបាល ។ ចំណុចទី៣ គឺគាត់ជាប្រធានក្រុមឧត្ដមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលគាត់អាចមានអំណាចប្រាប់ក្រុមខ្លាំង នៃក្រុមពួកគាត់ ដែលជាអតីតមន្រ្តីកំពូលៗហ្នឹង ពេលអស់ពីតំណាងរាស្រ្ត អស់ពីតំណែងព្រឹទ្ធសភា អស់ពីតំណែងរដ្ឋាភិបាល គាត់បានទៅនៅអង្គុយនៅក្នុងព្រះបរមរាជវាំង ធ្វើកិច្ចការផ្ដល់ព្រះរាជយោបល់ គំនិតណា បែបណាឲ្យព្រះមហាក្សត្រ វាហាក់បីដូចជាពួកគាត់ហ្នឹងមានឥទ្ធិពលនៅក្នុងស្ថាប័នព្រះបរមរាជវាំង ហើយនិងអាចធ្វើឲ្យអ្វីដែលគាត់ដាក់គំនិតទៅព្រះមហាក្សត្រ ដែលជានិមិត្តរូបនៃប្រមុខរដ្ឋប្រទេសកម្ពុជា មិនមានអំណាច តែសោយរាជ្យសម្បត្តិ អាចនឹងមានព្រះរាជបំណងណា គឺថាក្រុមឧត្ដមប្រឹក្សាព្រះមហាក្សត្រ ហ្នឹងហើយ ដែលមានអំណាចធំ ឲ្យកម្តៅគ្នាទៅវិញទៅមក រវាងព្រះមហាក្សត្រ ទៅនិងព្រឹទ្ធសភា ហើយព្រឹទ្ធសភា គ្រប់គ្រងឥទ្ធិពលផ្នែកច្បាប់ណាដែលខ្ញុំបានអះអាងនៅរដ្ឋសភា ហើយប្រធានព្រឹទ្ធសភាហ្នឹង ជាប្រធានគណបក្សទៅទៀត ។ អ៊ីចឹងគឺថា ដូចជាចំណុចប្រសព្វនៃរង្វង់ស៊ីឡាំងមួយ ដែលគាត់អាចមើលជុំវិញនៃកំពូល ពីលើកំពូលភ្នំ ទៅនឹងប្រទេសកម្ពុជា ទាំងមូល នៅក្នុងបាតដៃ ក្រញាំដៃរបស់បុរសខ្លាំង លោកហ៊ុន សែន ហ្នឹងឯង ។ អាហ្នឹងជាក្ដីប្រាថ្នារបស់គាត់ ដែលគាត់អាចធ្វើផ្គរ ធ្វើភ្លៀង គាត់មានក្ដីមេត្តាធម៌ មេត្តករុណា ឬក៏គុណធម៌ មនុស្សធម៌បែបណា គឺអាស្រ័យនៅលើការសម្រេចចិត្តរបស់គាត់នោះឯង“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្ថែមថា “ខ្ញុំថា អំណាចទាំង៣ រួមទាំងជាប្រធានគណបក្សកាន់អំណាច ទៅទៀត អំណាចជាគុណធម៌ ឬអំណាចអគុណធម៌ ផ្ដាច់ការ ឬក៏ប្រជាធិបតេយ្យ សេរីពហុបក្ស ការដឹកនាំប្រទេសបែបគោរពសិទ្ធិមនុស្ស គោលការណ៍ប្រជាធិបតេយ្យ និងអនុវត្តតាមរដ្ឋធម្មនុញ្ញ នៃច្បាប់កំពូល យ៉ាងណាយ៉ាងណីនោះ គឺថា វាស្ថិតនៅលើការសម្រេចចិត្តការគូសវាស ចក្ខុវិស័យ និងបេសកកម្មរបស់បុរសខ្លាំង លោកប្រធានព្រឹទ្ធសភា លោកហ៊ុន សែន ហ្នឹងឯង ។ អ៊ីចឹងអ្វីដែលគាត់ចង់ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ឯកភាពជាតិ គឺអំណាចប្រមូលផ្ដុំនៅលើគាត់ ។ ពីមុនថា អំណាចរំលោភហួសព្រំដែន ដោយសារគាត់ជានាយករដ្ឋមន្រ្តី គាត់លូកក្នុងនាមជាប្រធានគណបក្ស ទៅដល់អំណាចនៅក្នុងរដ្ឋសភា ឯកច្ឆន្ទបក្ស ក្នុងនីតិប្បញ្ញត្តិ ។ ប៉ុន្តែឥឡូវទោះបីយើងមើលឃើញទិដ្ឋភាពហ្នឹងបន្តទៀត ប៉ុន្តែជាទិដ្ឋភាពនៅលើការប្រើអំណាចរបស់គាត់ ហើយស្របច្បាប់ទៅទៀត ក្នុងនាមគាត់ជាប្រធានព្រឹទ្ធសភា គាត់មើលច្បាប់ណា បដិសេធ វេតូ ឬឲ្យចេញ ឬមិនចេញ គឺក្នុងនាមគាត់ជាព្រឹទ្ធសភា ក្នុងការអនុម័តច្បាប់ បន្តពីសភាផ្ញើមកព្រឹទ្ធសភា ទី១ ។ ទី២ ក្នុងនាមគាត់ជាប្រមុខរដ្ឋស្ដីទី ពេលអវត្តមានព្រះមហាក្សត្រ គាត់អាចប្រើអំណាចជាគុណធម៌ ឬក៏ជាអគុណធម៌ ក្នុងនាមគាត់ជាប្រមុខរដ្ឋស្ដីទី មានសិទ្ធិចុះហត្ថលេខាជំនួសស្ដេចផែនដី តាមការស្របច្បាប់ ធានានិងការពារដោយរដ្ឋធម្មនុញ្ញ ។ អ៊ីចឹងបំណងប្រាថ្នាជាគុណធម៌ ក្នុងក្ដីមេត្តាករុណារបស់លោកហ៊ុន សែន ឬក៏បំណងកម្ទេចដើម្បីត្រួតត្រាតែម្ខាង ដើម្បីសន្តិភាពមួយ ដែលមិនអាចយកបាន ដោយសារតែសន្តិភាព មានតែខាងបក្សកាន់អំណាច តែទឹកភ្នែកនៃក្ដីឈឺចាប់ នៅម្ខាងទៀត នៃកន្លះនគរ ដែលរំលាយអតីតគណបក្សសង្រ្គោះជាតិ គាត់មានការឈឺចាប់ គាត់មានសតិអារម្មណ៍ ជំងឺផ្លូវចិត្ត ដូចដែលគេបានចេញសេចក្ដីរាយការណ៍មកថា បើកម្ពុជាមានសន្តិភាពក្រោមនយោបាយឈ្នះ-ឈ្នះ ហេតុអីប្រជាពលរដ្ឋនៅតែមានជំងឺបាក់ទឹកចិត្ត ជំងឺសរសៃប្រសាទ រហូតដល់ទៅ ១២% ជាប់ចំណាត់លេខ១ នៅក្នុងប្រទេសអាស៊ាន ទាំង១០ប្រទេស អានេះជាបញ្ហា ។ អ៊ីចឹងបើគាត់មានសមានចិត្ត «ទូកទៅ កំពង់នៅ» នៃជីវិតចុងក្រោយរបស់គាត់ ព្រោះយើងមើលហើយ កើត ចាស់ ឈឺ ស្លាប់ មិនដឹងអ្នកណាទៅមុន ទៅក្រោយទេ វាមានតែការរក្សានូវកិត្តិយស កេរ្តិ៍ឈ្មោះ ជាជាងប្រើអំណាចណាជាការឈឺចាប់ ជាអំពើអយុត្តិធម៌ ដោយមិនបានបង្ហាញនូវការអត់ឱន អធ្យាស្រ័យ អភ័យទាន ក្នុងន័យថា ក្នុងនាមជាអ្នកដឹកនាំ ត្រូវអត់ឱន ត្រូវអត់ធ្មត់ ត្រូវរកអ្វីជាការផ្សះផ្សាំរបួសស្នាមបែកបាក់ រកអ្វីជាការបញ្ជាក់នូវជំនឿជឿជាក់គ្នា ហើយឯកភាពជាតិគ្នា ថាត្រូវធ្វើអីក្នុងវប្បធម៌សន្ទនា រកដំណោះស្រាយដោយហេតុ ដោយផល ។ គ្មានអ្វីដែលហិង្សាណាដែលទៅជល់នឹងហិង្សា ឈ្លោះគ្នានឹងហិង្សាដើម្បីរកដំណោះស្រាយសន្តិភាពបានទេ បើយើងគ្មានវប្បធម៌សន្ទនា គ្មានដំណោះស្រាយ ដោយផ្លូវកាយ ផ្លូវចិត្ត ផ្លូវវាចា ចេញពីសន្តិភាព ចេញយោគយល់គ្នា ចេញពីទុកចិត្តគ្នា ចេញពីភាពស្មោះត្រង់នៃឈាមជ័រខ្មែរតែមួយ តើយើងធ្វើអីសម្រាប់តម្កល់ផលប្រយោជន៍ជាតិ តម្កល់ផលប្រយោជន៍ប្រជារាស្រ្ត ខ្ញុំថា ការផ្សះផ្សាជាតិ បង្រួបបបង្រួមជាតិ ឯកភាពជាតិ វាស្ថិតនៅលើអំណាចគុណធម៌ នៅលើសមានចិត្ត មេត្តាករុណារបស់លោកហ៊ុន សែន ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្ថែមទៀតថា “ទាក់ទងទៅនឹងសន្តិភាព ដែលខ្ញុំអះអាងថា សន្តិភាពទៅបាន គឺវាអាស្រ័យមានសេរីភាព និងយុត្តិធម៌ បានសន្តិភាព វាកើតមាន ។ ហេតុអីបានខ្ញុំអះអាងបែបហ្នឹង? ដោយសារយើងមើលឃើញថា សន្តិភាពដែលនៅបិទបាំង សន្តិភាពដែលនៅតែបក្សកាន់អំណាចម្ខាង សន្តិភាពបែបនយោបាយប្រជាភិថុតិ ប៉ុន្តែនៅក្នុងសង្គមជាតិ ពោរពេញទៅដោយវិបត្តិនយោបាយ ។ វិបត្តិទៅនឹងការរើសអើងនិន្នាការបក្សនយោបាយ វិបត្តិទៅនឹងភាពអយុត្តិធម៌ ប្រព័ន្ធតុលាការ វិបត្តិទៅនឹងការរំលោភបំពានដីធ្លី វិបត្តិទៅនឹងការឆបោក ការជំពាក់បំណុលបែបមិនមានតម្លាភាព គណនេយ្យភាព វិបត្តិទៅនឹងអ្វីជាការគាបសង្កត់ផ្នែកសិទ្ធិសេរីភាព លំហប្រជាធិបតេយ្យ ការឲ្យសេរីភាពឈរលើជំហរ ធានាការពារដោយរដ្ឋធម្មនុញ្ញ គឺការបញ្ចេញមតិ ការនិយាយស្ដី គឺត្រូវរងសម្ពាធ ដោយហេតុផល ការដើរផ្ទុយគ្នាស្រឡះពីការធានានិងការពារដោយរដ្ឋធម្មនុញ្ញ ហើយសិទ្ធិនៃការបញ្ចេញមតិ ការនិយាយស្ដី នៅក្នុងអ្វីជាជំពូកទី៣ មាត្រានៃកាតព្វនិងសិទ្ធិដែលទទួលបានរបស់ពលរដ្ឋ ក្នុងមាត្រាទី៣១ ទៅដល់៥០ គឺថា វាត្រូវជាការនិយាយ ត្រូវជាចោទជាបទបរិហារកេរ្តិ៍ ញុះញង់ ធ្វើឲ្យវិទ្ធង្សនា វឹកវរ មានស្ថានទម្ងន់ទោសអី រហូតដល់ជាប់គុក ១ឆ្នាំកន្លះ ទៅ៣ឆ្នាំ ៥ឆ្នាំ ៧ឆ្នាំ ថែមព្រហ្មទណ្ឌអីជាដើមហ្នឹង ខ្ញុំថាវាមិនមែនជាសមានចិត្តដែលធានាការពារដោយរដ្ឋធម្មនុញ្ញ ឲ្យប្រជាពលរដ្ឋហ្នឹងមានសិទ្ធិនិយាយតាមរយៈគាត់ហ្នឹងមានសិទ្ធិជាម្ចាស់ប្រទេស ម្ចាស់សន្លឹកឆ្នោត ដែលគាត់បោះឆ្នោតជាអ្នកបម្រើគាត់ ។ ពលរដ្ឋជាម្ចាស់ប្រទេស អ្នកដឹកនាំជាអ្នកបម្រើ គឺវាផ្ទុយ វាបែរជាប្រើនូវអ្វីជាហិង្សាពាក្យសម្ដី ហិង្សាគំរាមកំហែង ហិង្សាផ្ទាល់ដោយការប្រើកម្លាំងប្រដាប់អាវុធមកគាបសង្កត់ មកគំរាមកំហែងប្រជាពលរដ្ឋ រំលោភបំពានផ្សេងៗ គឺយើងមិនចោទថា អ្នកណាខុស អ្នកណាត្រូវ ប៉ុន្តែឲ្យវាជារបៀបសេរីភាពមួយ ដែលអាចទទួលយកបានរិះគន់ដើម្បីស្ថាបនា សេរីភាពមួយដែលមិនអាចមកគំរាមកំហែងឲ្យគាត់ភ័យខ្លាច សេរីភាពមួយដែលមិនអាចធ្វើឲ្យគាត់អត់ឃ្លាននៅក្នុងភាពទុរ្ភិក្ស ឬក៏ភាពមិនដោះស្រាយណាមួយ ដែលមិនបានធានានិងការពារដោយរដ្ឋធម្មនុញ្ញ ហើយនិងជំនឿនៃសាសានា អីជាដើមហ្នឹង គឺត្រូវមានសេរីភាពពេញលេញ សេរីភាពតាមលំហូរលទ្ធិប្រជាធិបតេយ្យ ការអនុវត្តប្រជាធិបតេយ្យ សិទ្ធិមនុស្ស អាហ្នឹងគឺថា វាអត់អាចទៅសន្តិភាពបានទេ ហើយសន្តិភាពទៅម៉េច យើងមើលអំពីប្រព័ន្ធតុលាការ ។ តុលាការ បម្រើនិន្នាការបក្ស តុលាការចេញមុខចំហការពារអ្នកដឹកនាំនៅក្នុងអំណាចនីតិប្រតិបត្តិ ក្នុងនាមខ្លួនជានីតិតុលាការ ហើយតុលាការ បង្ហាញនូវអំពើពុករលួយ បង្ហាញនូវការកាន់ជើងទៅលើឧកញ៉ាទុច្ចរិត ដើរបោកប្រាស់ តុលាការ ហាក់បីដូចឃើញលុយជាធំ អំពើពុករលួយ គ្រួសារនិយម ហើយរងសម្ពាធ ឥទ្ធិពលនយោបាយ »។

លោកមាជ សុវណ្ណារ៉ា បន្ថែមទៀតថា «នេះមិនមែនខ្ញុំចោទប្រកាន់ទេ គឺការមើលឃើញតាមរបាយការណ៍ ការសិក្សាស្រាវជ្រាវពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ពិសេសសហគមន៍អន្តរជាតិ គេមើលឃើញតុលាការនៅកម្ពុជា គឺជាតុលាការមួយ ដែលមិនមានឯករាជ្យភាព មិនមានធ្វើអ្វីប្រកបទៅដោយក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ឆន្ទានុសិទ្ធិរបស់ចៅក្រម ។ អ៊ីចឹងហើយធ្វើឲ្យមានការចោទប្រកាន់ ចង់បាននូវកំណែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អ តែវារងនូវឥទ្ធិពល ឬក៏សម្ពាធនយោបាយ ជាពិសេសបក្សកាន់អំណាច ដែលប្រើឥទ្ធិពលអំណាចហួសព្រំដែន ហើយចៅក្រម ប្រធានតុលាការ ព្រះរាជអាជ្ញា ឬមេធាវីរដ្ឋាភិបាល វាសុទ្ធតែជាសមាជិកនៃគណបក្សប្រជាជនកម្ពុជា បក្សកាន់អំណាច វាផ្ទុយទៅនឹងច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការ គឺថា វាដើរបញ្ច្រាសទិសគ្នា វាដើរខ្លាចគ្នា ដោយអត់មានប៉ូលនៃការរែកជញ្ជីងយុត្តិធម៌ វាត្រូវផ្អៀងទៅលើបក្សកាន់អំណាច ទៅលើអ្នកដឹកនាំ ដែលប្រើឥទ្ធិពលនយោបាយ អំណាចហួសព្រំដែន ។ អ៊ីចឹងខ្ញុំថា សន្តិភាពទៅបាន វាទាល់តែសន្តិភាពនៃការឯកភាពគ្នា សាមគ្គីគ្នា និន្នាការបក្សនយោបាយ ប្រកួតប្រជែងដោយគោលនយោបាយ ហើយចេះគោរព ឲ្យសិទ្ធិ ឲ្យតម្លៃគ្នា ទោះបក្សធំ បក្សតូច គឺយើងបញ្ចេញនូវបញ្ញា នូវចំណេះដឹង ជាហេតុ ជាផល ខ្ញុំថាបានវាមានសន្តិភាព ។ សនិ្តភាពទៅបាន គឺសន្តិភាពមានសេរីភាព យុត្តិធម៌នៅក្នុងផ្លូវកាយ ផ្លូវចិត្ត ផ្លូវវាចា សន្តិភាព មិនមែនមានន័យថា បាត់អាវុធ ឈប់សង្រ្គាមរាំងជល ច្បាំងគ្នា បាញ់សម្លាប់មនុស្ស ថាជាសន្តិភាពទេ គឺសន្តិភាពទៅបាន គឺសន្តិភាពមួយ ដែលអាចទទួលយកបានទាំងអស់គ្នា មិនមែនជាសន្តិភាពសម្រាប់តែបក្សនយោបាយម្ខាង ហើយម្ខាងទៀតរងការឈឺចាប់ ភាពអយុត្តិធម៌ ការគំរាមកំហែង បាញ់សម្លាប់ ចាប់មនុស្សដាក់គុកតាមតែអំពើចិត្ត ហើយយកហេតុផលច្បាប់ដែលប្រើឥទ្ធិពលរំលោភនៃនីតិរដ្ឋហ្នឹង ខ្ញុំថាមិនមែនជាសន្តិភាពដែលទទួលបានពេញលេញ ហើយទទួលបានសម្រាប់ខ្មែរ ១៧លាននាក់នោះទេ“ ៕ កុលបុត្រ

RELATED ARTICLES