Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្ចីម៉ូតូមិត្តភក្តិ យកទៅបញ្ចាំ ដោះបំណុលគេ ជាប់ខ្នោះ

ខ្ចីម៉ូតូមិត្តភក្តិ យកទៅបញ្ចាំ ដោះបំណុលគេ ជាប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ បានខ្ចីម៉ូតូ ១គ្រឿង ពីមិត្តភក្តិរបស់ខ្លួន រួចយកទៅបញ្ចាំ បានលុយសង បំណុលគេ និងដើរស៊ីចាយអស់ ទីបំផុតត្រូវម្ចាស់ម៉ូតូដាក់ពាក្យបណ្តឹង ក៏ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកង រាជអាវុធហត្ថ ចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ រហូតមកដល់ វេលាម៉ោង៦និង១២នាទីព្រលប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ទើបកម្លាំងជំនាញអាវុធហត្ថ ស្រាវជ្រាវឃាត់ខ្លួនជសង្ស័យបាន នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះណាត តូរ៉េន ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ចំណែកម៉ូតូដែលជនសង្ស័យខ្ចី យកទៅបញ្ចាំ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AG-3781ជាកម្មសិទ្ធិរបស់ឈ្មោះយុទ្ធ វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ មានលំនៅ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង ៦និង១២នាទីព្រលប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជា ការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះណាត តូរ៉េន ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិគីឡូ ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ថាជនសង្ស័យឈ្មោះណាត តូរ៉េន បានខ្ចីម៉ូតូរបស់ខ្លួន ម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AG-3781 ហើយយកទៅបញ្ចាំ យកប្រាក់ចាយវាយ និងសងបំណុលគេ។

 ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសាកសួរ។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកម៉ូតូរបស់ដើមបណ្តឹង ទៅដាក់បញ្ចាំ យកប្រាក់ប្រាកដមែន។ ដោយផ្អែកលើលើបណ្តឹង និងចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តផងដែរ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES