Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរៀបចំសូត្រមន្តលើករាសី មុនចូលឆ្នាំថ្មី ស្លា...ប់២...នា...ក់...ឪកូន

រៀបចំសូត្រមន្តលើករាសី មុនចូលឆ្នាំថ្មី ស្លា…ប់២…នា…ក់…ឪកូន

ខេត្តកំពង់ធំ ៖ ក្រុមគ្រួសារមួយ បាននិមន្តព្រះសង្ឃ មករៀបចំពិធីសូត្រមន្តលើករាសី និងបង្សុកូលជូនសាច់ ញាតិ មុនចូលឆ្នាំថ្មី លុះពេលបុរសជាម្ចាស់ផ្ទះ ២នាក់ ឪពុកនិងកូន បាននាំគ្នាលើកបង្គោលមេក្រូ (បង្គោលដែក) បញ្ឈរឡើង ប៉ះចំខ្សែភ្លើង បណ្តាលឱ្យឆ្លងចរន្ត ឆក់បុរស២នាក់ឪពុកកូន ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិអូរកន្ធរជើង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន។

ជនរងគ្រោះទាំង២នាក់ឪពុកកូន ដែលត្រូវខ្សែភ្លើងឆក់ស្លាប់ បុរសជាឪពុក មានឈ្មោះយុន យាត អាយុ៧៥ឆ្នាំ មុខរបរកសិករ។ ចំណែកកូនប្រុស មានឈ្មោះយាត យ៉ន អាយុ៤១ឆ្នាំ មុខរបរកសិករ។ ឪពុកកូនអ្នកទាំងពីរ មានលំនៅក្នុង ភូមិអូរកន្ធរជើង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន។

លោកចីវ គឹមអុន មេឃុំអូរកន្ធរ បានបញ្ជាក់ឱ្យដឹងថា កន្លងមក ជនរងគ្រោះឈ្មោះយុន យាត និងកូនប្រុស ឈ្មោះយាត យ៉ន ព្រមទាំងក្រុមគ្រួសារ តែងរៀបចំពិធីសូត្រមន្ត លើករាសី និងបង្សុកូល មុនពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីឧទ្ទិសកុសលដល់សាច់ញាតិដែលបានចែកឋានទៅ ជារៀងរាល់ឆ្នាំ ពុំដែលខាននោះឡើយ។

លោកមេឃុំអូរកន្ធរ បន្តថា ជាក់ស្តែង នៅឆ្នាំនេះ ក្រុមគ្រួសារជនរងគ្រោះ ក៏បានរៀបចំពិធីសូត្រមន្តផងដែរ ដោយបាននិមន្តព្រះសង្ឃ មកឆាន់ចង្ហាន់ព្រឹកទៀតផង។ លុះមកដល់វេលាម៉ោង ៧ព្រឹក ថ្ងៃកើតហេតុ  ជន រងគ្រោះទាំង២នាក់ឪពុកនិងកូន បាននាំគ្នាទៅលើកបង្គោលដែក ដើម្បីចងមេក្រូ លុះដោយសារខ្វះការប្រុងប្រយ័ត្ន ពេលលើកដែកទីប ចងមេក្រូ ប៉ះជាមួយនឹងខ្សែភ្លើង ទើបបណ្តាលឱ្យឆ្លងចរន្ត ឆក់ស្លាប់ទាំង២នាក់ឪពុកនិងកូន ភ្លាមៗនៅកន្លែងតែម្តង ធ្វើឱ្យកើតមានការផ្អើលឆោឡោពេញភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញចុះមកពិនិត្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ឪពុកកូន ពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន។

សពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES