Saturday, May 4, 2024
Homeព័ត៌មានជាតិអន្ទិតកើត សារ៉ាយ  ត្រូវចាប់ឃុំខ្លួន បំផុសពលរដ្ឋកាប់ទន្ទ្រានដី រត់ចូលព្រៃ

អន្ទិតកើត សារ៉ាយ  ត្រូវចាប់ឃុំខ្លួន បំផុសពលរដ្ឋកាប់ទន្ទ្រានដី រត់ចូលព្រៃ

ភ្នំពេញ ៖ អន្ទិតកើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន  បន្ទាប់ពីបានទៅជួបប្រជាពលរដ្ឋដែលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ហើយរត់ទៅពួនក្នុងព្រៃ ដោយតុលាការបានសម្រេចចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងដល់សន្តិសុខសង្គម ដោយបំផុសឲ្យពលរដ្ឋកាប់ ទន្ទា្រនដីរដ្ឋ រត់ចូលព្រៃ និងបញ្ឆេះកំហឹងប្រជាពលរដ្ឋឲ្យស្អប់រាជរដ្ឋាភិបាល ។ ប៉ុន្តែអ្នកឃ្លាំមើល បានចោទប្រកាន់អាជ្ញាធររាជរដ្ឋាភិបាល និងតុលាការថា ការចាប់ខ្លួនលោកកើត សារ៉ាយ នេះ ខុសនឹងរដ្ឋធម្មនុញ្ញ ហើយជាការបង្ក្រាបស្មារតីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទៅវិញ។

គួរបញ្ជាក់ថា លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ដើម្បីសាកសួរពាក់ព័ន្ធករណី «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។ ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ បង្គាប់មកកម្លាំងមានសមត្ថកិច្ច ឲ្យនាំខ្លួនបុគ្គលឈ្មោះ កើត សារ៉ាយ ភេទប្រុស កើតថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៩២ ជនជាតិខ្មែរ កើតនៅភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀបរាម សាសនាព្រះពុទ្ធ អាសយដ្ឋានបច្ចុប្បន្ន ស្នាក់នៅវត្ដដំរី ភូមិកម្មករ ឃុំស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឪពុកឈ្មោះ ស្រី វ័ល្ល “ស្លាប់” ម្ដាយឈ្មោះចាប់ យ៉ែម “រស់” ជានីតិជន (ធ្លាប់ជាប់ពន្ធនាគារ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម) មកបង្ហាញខ្លួននៅការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដើម្បីសាកសួរពីដំណើររឿងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។

លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការចាប់ខ្លួនលោកកើត សារ៉ាយ ពិតជាអនុវត្ដតាមបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដូចខាងលើ ដែលករណីនេះ គឺជាការអនុវត្ដតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងការផ្ដល់ព័ត៌មានមួយចំនួននៃវិវាទដីធ្លីនៅខេត្ដព្រះវិហារ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃអាទិត្យ ១៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ស្ដីពីការចោទប្រកាន់លើឈ្មោះកើត សារ៉ាយ ក្នុងបទល្មើសញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងករណីមិនរាងចាល បានបញ្ជាក់ថា កាលពីអំឡុងខែមីនា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ កើត សារ៉ាយ ភេទប្រុស អាយុ៣២ឆ្នាំ និងគូកន បានរៀបចំផែនការអូសទាញប្រជាពលរដ្ឋ ឱ្យប្រព្រឹត្តអំពើកាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់ និងចេញតតាំងប្រឆាំងដោយហិង្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច ហើយបំផុសឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច រត់ភៀសខ្លួនចូលព្រៃ និងរៀបចំរូបភាពជាការភ័យខ្លាចមកលើអាជ្ញាធរមានសមត្ថកិច្ច និងទុក្ខលំបាកវេទនា បើទោះបីជាអាជ្ញាធរខេត្តព្រះវិហារ សុំឱ្យមកសហការ ដើម្បីជួយប្រជាពលរដ្ឋក៏ដោយ ក៏ក្រុមជនសង្ស័យទាំងនោះ បដិសេធ មិនព្រមទទួលយកជំនួយពីអាជ្ញាធរខេត្តដែរ។ មិនតែប៉ុណ្ណោះ ក្រុមជនសង្ស័យ បានបញ្ជូនរូបភាពទាំងនេះឱ្យបណ្តាញផ្សព្វផ្សាយក្រៅប្រទេស ដើម្បីឱ្យសាធារណជនក្នុងនិងក្រៅប្រទេស មានការភ័ន្តច្រឡំចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមប្រឆាំងរាជរដ្ឋាភិបាល។ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ កើត សារ៉ាយ បានធ្វើការផ្សព្វផ្សាយនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបញ្ជាក់ថា ខ្លួនបានដឹកនាំយុវជនសិទ្ធិមនុស្ស ចំនួន០៤រូប ចូលទៅជួបប្រជាពលរដ្ឋដែលរត់ចូលក្នុងព្រៃ និងបានធ្វើបទសម្ភាសន៍ប្រជាពលរដ្ឋនៅទីនោះ ថែមទាំងថតពីសកម្មភាពការរស់នៅ ហើយបានធ្វើការអះអាងផ្សព្វផ្សាយជាសាធារណៈ ដោយបំភ្លៃព័ត៌មានមិនពិត ក្នុងចេតនាបញ្ឆេះកំហឹងប្រជាពលរដ្ឋ ឱ្យមានការថ្នាំងថ្នាក់ជាមួយរាជរដ្ឋាភិបាល។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរំលឹកជូនសាធារណជនជ្រាបថា ជនសង្ស័យឈ្មោះ កើត សារ៉ាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់រយៈពេល ២០ខែ និងពិន័យជាប្រាក់ ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល តែទោសនេះ ត្រូវអនុវត្តដាក់ពន្ធនាគារ ចំនួន១៤ខែ ទោសសល់ពីនេះ ត្រូវព្យួរសាកល្បង រយៈពេល២ឆ្នាំ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈសាលក្រមព្រហ្មទណ្ឌលេខ៣៥១៥ “ន” ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ម្តងរួចមកហើយ។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ កើត សារ៉ាយ និងគូកន ពីបទ «មិនរាងចាលក្នុងបទមជ្ឈិម» បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

ជុំវិញការចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនលោកកើត សារ៉ាយ ខាងលើនេះ លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានលើកឡើងថា ទាំងតុលាការ អាជ្ញាធរ និងស្ថាប័នរាជរដ្ឋាភិបាល សុទ្ធតែនាំគ្នាបំពានរដ្ឋធម្មនុញ្ញ មានចេតនាបង្ក្រាបស្មារតីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ យ៉ាងណា លោកសូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាល និងតុលាការ ទម្លាក់ចោលបទចោទលើលោកកើត សារ៉ាយ និងអ្នកឯទៀត ព្រមទាំងដោះលែងពួកគេដោយគ្មានលក្ខខណ្ឌ ។

លោកម៉ែន ណាត បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ថា “ពិនិត្យមើលការចោទប្រកាន់លោកកើត សារ៉ាយ ពិតជាឈានដល់កម្រិតមិនចេះអៀនខ្មាស និងទាំងបំពានទៅសិទ្ធិរបស់គាត់ ដែលគាត់បានប្រើប្រាស់សិទ្ធិនេះ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ។ នេះបានន័យថា ទាំងតុលាការ ទាំងអាជ្ញាធរ និងទាំងស្ថាប័នរបស់លោកហ៊ុន ម៉ាណែត សុទ្ធតែនាំគ្នាបំពានរដ្ឋធម្មនុញ្ញ ដូចដែលលោកហ៊ុន សែន តែងតែធ្វើហូរហែដែរ។ ការចាប់ខ្លួន និងចោទលោកកើត សារ៉ាយ គឺពិតណាស់ ជាទម្រង់ក្នុងហេតុផលនយោបាយ និងមានចេតនាបង្ក្រាបស្មារតីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក្តី យើងខ្ញុំបន្តជំរុញការអនុវត្តស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិនានាដែលកម្ពុជា ទទួលស្គាល់ សូមលើកទឹកចិត្តដល់រដ្ឋាភិបាល លោកហ៊ុន ម៉ាណែត និងតុលាការ ទម្លាក់ចោលបទចោទលោកកើត សារ៉ាយ និងអ្នកឯទៀត ព្រមទាំងដោះលែងពួកគាត់ដោយគ្មានលក្ខខណ្ឌ“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកម៉ែន ណាត មានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ថា  “ដូចបានបញ្ជាក់នៅក្នុងសំណេររបស់ខ្ញុំ ពីម្សិលមិញហ្នឹង និយាយពីការចាប់លោកកើត សារ៉ាយ ហ្នឹង បង្ហាញពីការស្មារតីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះ មានតឹកតាងច្រើនជ្រុងណាស់ ។ តាំងពីលោកហ៊ុន ម៉ាណែត គាត់ឡើងធ្វើជានាយករដ្ឋមន្រ្តីមក យើងមិនដែលឃើញកន្លែងបង្ហាញអំពីស្មារតីផ្សះផ្សាជាតិ ស្របតាមកិច្ចព្រមព្រៀងក្រុងប៉ារីស និងស្របទៅតាមស្មារតីរដ្ឋធម្មនុញ្ញទេ ឃើញតែនិយាយវ៉ៃប្រហារទិតៀនទៅបក្សប្រឆាំង ទៅសកម្មជនសង្គម ទៅសកម្មជនសិទ្ធិមនុស្ស អីជាដើមហ្នឹង ។ អាហ្នឹងលោកហ៊ុន ម៉ាណែត គាត់តែងតែឆ្លើយតបអ៊ីចឹង ហើយជាមួយហ្នឹង តាំងពីគាត់ឡើងកាន់អំណាច មកដល់បច្ចុប្បន្នហ្នឹង ឃើញថាចាប់មនុស្សច្រើនហើយ ចាប់ដាក់ឃុំឃាំងច្រើនហើយ ។ ជាពិសេសចាប់ពួកសកម្មជនបរិស្ថាន សកម្មជនដីធ្លី និងសកម្មជនបក្សនយោបាយ ដោយចោទប្រកាន់អំពីរឿងបង្កអសន្តិសុខធ្ងន់ធ្ងរដល់សង្គម ចូលរួមគំនិតក្បត់ជាមួយនឹងអតីតមេបក្សប្រឆាំង សម រង្ស៊ី អីជាដើមហ្នឹង ឃើញចោទអ៊ីចឹងរហូត ។ ប៉ុន្តែក៏មិនដែលឃើញដោះស្រាយបញ្ហាឲ្យយុត្តិធម៌ ទៅលើរឿងពួកឧកញ៉ា ពួកអ្នកមានអំណាចដែលឆបោកជាប្រព័ន្ធទេ បើកក្រុមហ៊ុនឆបោកជាប្រព័ន្ធ អត់ដោះស្រាយឲ្យមានយុត្តិធម៌ទេ អត់មានទេ ព្រោះអ្នកអស់ហ្នឹង ជាពួកអ្នកមានអំណាចនៅពីក្រោយខ្នង ដូចពួកអ្នកឆបោក ពួកឧកញ៉ាឆបោក ពួកអ្នកមានអំណាចឆបោក មានការស៊ុមគ្រលុំជាមួយគ្នា ។ ចំណែកឯសកម្មជនសង្គម សកម្មជនបរិស្ថាន សកម្មជនដីធ្លី អីជាដើមហ្នឹង បែរជាត្រូវបានរងគ្រោះដោយសារការបញ្ចេញមតិ ។ វាអត់យុត្តិធម៌សម្រាប់ពួកគាត់ទេ ហើយតាមច្បាប់រដ្ឋធម្មនុញ្ញហ្នឹង អ្នកដែលបញ្ចេញមតិ ដើម្បីជួយកិច្ចការសង្គមហ្នឹង វាអត់មានរឿងបង្កការញុះញង់ទេ អាហ្នឹងមួយទៅ ។ ទី២ ចំពោះករណីលោកកើត សារ៉ាយ ឃើញនៅក្នុងឯកសាររបស់តុលាការ បង្ហាញពីការចាប់ខ្លួនហ្នឹង ថាគាត់ពាក់ព័ន្ធទៅនឹងការញុះញង់ឲ្យប្រជាពលរដ្ឋរត់ចូលព្រៃនៅខេត្តព្រះវិហារ ។ ម៉េចទៅជាអ៊ីចឹង? ពាក្យថា ញុះញង់បាន វាទាល់តែអ្នកហ្នឹងទៅបង្កចាក់រុកអូសទាញប្រជាពលរដ្ឋហ្នឹង ឲ្យធ្វើការបះបោរអីមួយ អាហ្នឹងបានហៅញុះញង់ ប៉ុន្តែយើងមើលសកម្មភាពកើត សារ៉ាយ គាត់ធ្វើ វាអត់មានពាក់ព័ន្ធទៅនឹងសកម្មភាពអស់ហ្នឹងទេ គាត់គ្រាន់តែបង្ហាញអំពីស្មារតី ក្នុងនាមគាត់ជាអង្គការសង្គមស៊ីវិល ទៅជួបអ្នកស្រុកដែលរត់គេចខ្លួនរួចទៅហើយនោះ ដែលគេបង្រ្កាបរួចទៅហើយនោះ» ។

លោកម៉ែន ណាត បន្តថា «យើងមើលមើល! គេបង្រ្កាបតាំងពីថ្ងៃទី០៦ ខែមីនា ប៉ុន្តែដល់កើត សារ៉ាយ គាត់ទៅសួរសុខទុក្ខ ទៅជួបពួកគាត់ហ្នឹង រហូតទៅដល់ចុងខែមីនា ទៅហើយហ្នឹង ហើយកន្លែងហ្នឹងមានភស្តុតាងឯណា បញ្ជាក់ថា គាត់ញុះញង់ បង្កអសន្តិសុខអត់? ពីព្រោះអាជ្ញាធរខេត្តព្រះវិហារ ហ្នឹងគប់គិតជាមួយក្រុមហ៊ុនហ្នឹង ធ្វើបាបប្រជាពលរដ្ឋ តាំងពី២-៣អាទិត្យមុនម៉្លេះ មុនដែលកើត សារ៉ាយ ទៅជួប ។ ដូច្នេះវាអត់មានកន្លែងណាដែលបញ្ជាក់អំពីថា លោកសារ៉ាយ បង្កដូចការចោទប្រកាន់ហ្នឹងទេ អត់មានទេ ។ អាហ្នឹងបើនិយាយពីអង្គហេតុ និងអង្គច្បាប់ វាអ៊ីចឹង វាអត់មាន ។ ក៏ប៉ុន្តែចោទប្រកាន់នេះ គឺចោទប្រកាន់ប្រើច្បាប់អាជ្ញាទំនើងចិត្តចោទប្រកាន់គាត់ ហើយអាចតែពួកគាត់មានអំណាច គាត់ចោទយកតែម្ដង ។ ដល់អ៊ីចឹងមានការគប់គិត ហើយរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត អត់និយាយ អត់ស្ដី មេដឹកនាំហ្នឹង អត់និយាយ អត់ស្ដី អំពីករណីការធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋនៅខេត្តព្រះវិហារ នោះទេ ហើយទីបំផុតបណ្ដោយឲ្យពួកអាជ្ញាធរខេត្តហ្នឹង ហើយនិងពួកតុលាការហ្នឹង គប់គិតគ្នាសរសេរចាប់មនុស្សអ៊ីចឹង ហើយចោទប្រកាន់យក។ ដូច្នេះអាចំណុចហ្នឹងហើយ ដែលបញ្ជាក់អំពីការបង្រ្កាបសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ហើយនៅជុំវិញពីខែ០១ មកដល់ខែបច្ចុប្បន្នហ្នឹង ឆ្នាំ២០២៤ ហ្នឹង យើងគិតតែពីរឿងក្នុងឆ្នាំ២០២៤ ទៅចុះ មនុស្សច្រើនននាក់ហើយ ដែលចាប់ខ្លួន ឃុំឃាំងហ្នឹង ។ ករណីពួកសកម្មជនដីធ្លីនៅខេត្តព្រះវិហារហ្នឹង ចាប់គ្នាដាក់គុក ដុតផ្ទះគ្នាចោល ដូចខ្ញុំបញ្ជាក់មិញហ្នឹង តាំងពីថ្ងៃ០៦ ខែ៣ ម៉្លេះ គ្នាបាត់បង់ដីធ្លី គ្មានអ្នកណាដោះស្រាយរកយុត្តិធម៌ឲ្យគ្នាទេ ដល់ពេលមានអ្នកទៅសួរសុខទុក្ខ ទៅអីហ្នឹង ទៅបង្រ្កាបអ្នកសួរសុខទុក្ខទៀត ហើយចោទប្រកាន់អ្នកសួរសុខទុក្ខហ្នឹងថាញុះញង់ ។ ម៉េចទៅជាអ៊ីចឹងទៅ? ម៉េចក៏វាហួសហេតុម្ល៉េះ?»។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តទៀតថា “ហើយមួយទៀត ករណីសកម្មជនបក្សនយោបាយ បក្សក្រៅរដ្ឋាភិបាល ដូចគ្នា ឃើញតែចាប់ ប៉ុន្មានថ្ងៃនេះ ចាប់បីបួននាក់ទៀតហើយ ចាប់ហើយសុទ្ធតែចោទប្រកាន់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ គប់គិតពាក់ព័ន្ធអំពើក្បត់ជាមួយនឹងអ្នកនេះ អ្នកនោះអ៊ីចឹងទៅ តាមតែគេចោទ ។ ចំណុចអស់ហ្នឹងហើយ បញ្ជាក់ពីការបង្រ្កាបសិទ្ធិមនុស្ស បង្រ្កាបលទ្ធិប្រជាធិបតេយ្យ ដែលការបង្រ្កាបនេះ វាដើរផ្ទុយអំពីគោលការណ៍រដ្ឋធម្មនុញ្ញ វាដើរផ្ទុយអំពីគោលការណ៍កិច្ចព្រមព្រៀងក្រុងប៉ារីស និងផ្ទុយអំពីស្មារតីច្បាប់អន្តរជាតិនានា ដែលកម្ពុជា បានទទួលស្គាល់ ។ ដូច្នេះទេ ខ្ញុំយល់ឃើញថា រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ជាពិសេសហ្នឹង ត្រូវមានស្មារតីមួយ គឺការពារច្បាប់កំពូលរបស់ជាតិហ្នឹង អនុវត្តឲ្យបានម៉ឺងម៉ាត់ ហើយត្រូវចាត់វិធានការលើមន្រ្តីដែលពាក់ព័ន្ធគប់គិតជាមួយក្រុមហ៊ុនផ្ដេសផ្ដាស ធ្វើបាបប្រជាពលរដ្ឋ វាល្អជាជាងទៅចាប់ពួកមន្រ្តីសង្គមស៊ីវិល ដែលគ្រាន់តែប្រើសិទ្ធិរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ បញ្ចេញមតិការពារផលប្រយោជន៍រួម ការពារផលប្រយោជន៍ជាតិ ។ បើគាត់មានស្មារតីធ្វើតែប៉ុណ្ណឹង វាអាចដោះស្រាយបញ្ហាអ្វីៗក៏បានដែរ បញ្ហាជាតិនោះ សំខាន់ណាស់ ស្មារតីរួបរួមជាតិ សំខាន់ជាងគេ មិនមែនបង្រ្កាបគេ បង្ហាញពីការរួបរួមជាតិទេ មិនមែនទេ ។ កាលណាបង្រ្កាបគេ បង្ហាញពីការបែកបាក់ហើយ បង្រ្កាបគេ បង្ហាញអំពីអំណាចផ្ដាច់ការហើយ បង្រ្កាបគេបង្ហាញពីអំពើយង់ឃ្នងសម្រាប់ពួកមេដឹកនាំហើយ បង្រ្កាបខុសទំនងបែបហ្នឹង ជារឿងមួយដែលគួរឲ្យអាម៉ាស់ ជារឿងដែលមិនគួរធ្វើ ។ អាម៉ាស់នេះ ខ្ញុំចង់និយាយថា អាម៉ាស់មុខមាត់កម្ពុជា លើឆាកអន្តរជាតិ ពីព្រោះការបង្រ្កាបបែបអ៊ីចឹងៗ គឺវាមានសារថ្កោលទោស សេចក្ដីថ្លែងការណ៍ថ្កោលទោសពីបណ្ដាអង្គការអន្តរជាតិ នាំំឲ្យមានការរិះគន់ពីបណ្ដាពួកប្រទេសផ្ដល់ជំនួយ នាំឲ្យមានការរិះគន់ពីបណ្ដាពួកអ្នកការទូតនានា ។ អ៊ីចឹងវាធ្វើឲ្យមុខមាត់កម្ពុជា កាន់តែអាប់ឱនទៅវិញទេ“ ៕

ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកម៉ែន ណាត ខាងលើនេះ លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ថា ក្នុងនាមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស លោកក៏មានការព្រួយបារម្ភពីបញ្ហានេះដែរ ព្រោះកន្លងមក មិនទាន់រកឃើញថា លោកកើត សារ៉ាយ បានទៅបំផុសបំផុលចលនាប្រជាពលរដ្ឋ ឲ្យទៅកាប់ព្រៃនោះទេ ។

លោករស់ សុដ្ឋា បានមានប្រសាសន៍ថា “ឥឡូវនេះ យើងខ្ញុំកំពុងមានការព្រួយបារម្ភពីបញ្ហាហ្នឹង ដោយសារកន្លងមក មិនទាន់រកឃើញថា កើត សារ៉ាយ បានទៅបំផុសបំផុលចលនាប្រជាពលរដ្ឋឲ្យទៅកាប់ព្រៃនោះទេ ។ អ្វីដែលខ្ញុំដឹង មកដល់សព្វថ្ងៃនេះ លោកកើត សារ៉ាយ ទៅសង្កេតមើលពលរដ្ឋដែលទៅលាក់ខ្លួនក្នុងព្រៃ តែដល់ពេលសាលក្រមតុលាការចេញមក ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងនាមអង្គការសង្គមស៊ីវិល ដែលមានតួនាទីចាំបាច់ក្នុងការបំពេញការខ្វះខាតរបស់រដ្ឋាភិបាល សន្តិសុខរបស់ប្រជាពលរដ្ឋ…” ។

ទោះបីជាយ៉ាងណា លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ថា ការអនុវត្តនូវនីតិវិធីច្បាប់ គឺមិនមែនជាការរំលោភទៅលើសិទ្ធមនុស្សនោះទេ ។

លោក ប៉ា ប៉ុណ្ណារ៉ាដា បានមានប្រសាសន៍ថា “បាទ! ពាក់ព័ន្ធជាមួយការចាប់ខ្លួនកើត សារ៉ាយ នេះ គឺជាការអនុវត្តច្បាប់ ។ អ៊ីចឹងវាអត់មានអីប៉ះពាល់ទៅដល់រឿងសិទ្ធិទេ ដោយសារតែខាងនគរបាល គាត់អនុវត្តទៅនីតិវិធីរបស់ច្បាប់ តែប៉ុណ្ណោះ តាមការចោទប្រកាន់ពីបទញុះញង់ បង្កឲ្យមានភាពវឹកវរដល់សង្គម និងមិនរាងចាល នេះអ្វីដែលយើងងដឹង ។ អ៊ីចឹងការអនុវត្តនូវនីតិវិធីច្បាប់ គឺអត់មានជាការរំលោភទៅលើសិទ្ធមនុស្សនោះទេ“ ។

គួររំលឹកថា នៅឆ្នាំ២០២៣ តុលាការកំពូល បានតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសលោក កើត សារ៉ាយ និងសកម្មជន ៩រូបផ្សេងទៀត ពាក់ព័ន្ធនឹងប្រមូលផ្តុំគ្នាដោយអហិង្សា ស្នើសុំឱ្យដោះលែងមេដឹកនាំសហជីព លោករ៉ុង ឈុន ។ សាលាដំបូងរាជធានីភ្នំពេញ កាលពីខែតុលា ឆ្នាំ ២០២១ បានផ្តន្ទាទោសលោកើត សារ៉ាយ ដាក់ពន្ធនាគារ កំណត់ចំនួន ២០ខែ ដោយអនុវត្តទោសចំនួន ១៤ខែ ទោសសល់ ត្រូវបានព្យួរសាកល្បង រយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ២ លានរៀល (ប្រហែល ៥០០ដុល្លារអាមេរិក) ៕  កុលបុត្រ

RELATED ARTICLES