Wednesday, May 1, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆបោក ១ម៉ឺន៥ពាន់ដុល្លារ ជាប់ខ្នោះ

ឆបោក ១ម៉ឺន៥ពាន់ដុល្លារ ជាប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពទិញគណនីធនាគារ ដើម្បីឆបោកប្រាក់ ដោយលួងលោមឱ្យជនរងគ្រោះ វេរលុយឱ្យខ្លួន ចំនួន១០លើក គិតជាប្រាក់ សរុបជិត ១ម៉ឺន៥ពាន់ដុល្លារ ក្រោមរូបភាពកម្ចីអនឡាញ លុះក្រោយមក ជនរងគ្រោះដឹងខ្លួនថា ត្រូវគេបោក ក៏ប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច ចុះស្រាវជ្រាវ ចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឈឿង ឆិត្រា ហៅត្រា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិផ្សារកណ្តាល សង្កាត់សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ចំណែកជនរងគ្រោះ មានឈ្មោះ ត.ដ ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅក្នុងក្រុងសិរីសោភ័ណ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យឈ្មោះឈឿង ឆិត្រា ហៅត្រា ដែលបានធ្វើសកម្មភាពទិញគណនីធនគារ ដើម្បីឆបោកប្រាក់ ដោយលួងលោមឱ្យជនរងគ្រោះវេរលុយឱ្យខ្លួន ចំនួន១០លើក អស់លុយប្រមាណជិត ១ម៉ឺន៥ពាន់ដុល្លារ ក្រោមរូបភាពកម្ចីអនឡាញ ។

លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ដោយអនុវត្តន៍បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី គង់ វិនឌី ស្នងការរង ផែនការងារសន្តិសុខ និងការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងយោងបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ត.ដ កម្លាំងការិយាល័យជំនាញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះឈឿង ឆិត្រា ហៅត្រា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

យោងតាមបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា ខ្លួនបានឃើញផេកហ្វេសប៊ុក កម្ចីអនឡាញ ឈ្មោះហិរ ញ្ញវត្ថុឆ្លាតវៃ (Smart Finance) និងបានឆាតសួរនាំរឿងកម្ចីប្រាក់។ បន្ទាប់មក គេបានសុំគណនីតេឡេក្រាមរបស់ជនរងគ្រោះ ដើម្បីទំនាក់ទំនង។ ជនរងគ្រោះ បានឱ្យទៅគេ និងបានឆាតទំនាក់ទំនងគ្នាតាមគណនីតេ ឡេក្រាមរបស់ខ្លួន និងតេឡេក្រាមជនសង្ស័យឈ្មោះ ហិរញ្ញវត្ថុឆ្លាតវៃ Smart Finance និងបានសួរនាំពីកម្ចីប្រាក់ ហើយខាងក្រុមហ៊ុនបានសួរនាំពីចំណូលរបស់ជនរងគ្រោះ និងបានឱ្យថតរូបអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបានឱ្យថតរូបងាកឆ្វេង ងាកស្តាំ និងបានប្រាប់ជនរងគ្រោះថា អាចខ្ចីបាន ១៣០០០ដុល្លារ តែគេសុំ៣១០ដុល្លារ មុន ជាថ្លៃរៀបចំឯកសារ។ ជនរងគ្រោះ យល់ព្រម និងបានវេរប្រាក់តាមរយៈ QR code។ ក្រោយមកខាងជនសង្ស័យបានប្រាប់មកជនរងគ្រោះថា ខុសនេះ ខុសនោះ និងលួងលោមឱ្យជនរងគ្រោះវេរលុយទៅឱ្យគេ រហូតដល់១០លើក សរុបទឹកប្រាក់ ១៤ ៦៥២ដុល្លារ ក្រោយវេររួច ទើបដឹងថា ត្រូវចាញ់បោកគេ ក៏ប្រញាប់ដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ  ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES