Wednesday, May 1, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទម្លាក់សំណ បោកយកមាស ជាប់ខ្នោះ៤នាក់

ទម្លាក់សំណ បោកយកមាស ជាប់ខ្នោះ៤នាក់

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ ១ក្រុម បានចូលទៅធ្វើសកម្មភាពទម្លាក់យោង (ទម្លាក់មាសក្លែងក្លាយ) នៅក្នុងផ្សារ ហើយបបួលជនរងគ្រោះទៅចែកចំណែក ក្នុងគោលបំណងឆបោកយកគ្រឿងអលង្ការពិតរបស់ជនរង គ្រោះ តែត្រូវជនរងគ្រោះដឹងខ្លួនទាន់ ស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ច ដេញចាប់ក្របួចជាប់ចំនួន៤នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចក្នុងផ្សារសាមគ្គីក្រគរ ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ។

ជនសង្ស័យទាំង៤នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះផុន ផាន ហៅសី ភេទស្រី អាយុ៣៨ឆ្នាំ មានលំនៅ ខេត្តកំពត។ ទី២-ឈ្មោះអំ ប៊ុនធា ភេទស្រី អាយុ៣៦ឆ្នាំ មានលំនៅ ភូមិព្រៃកប៉ាស់ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។ ទី៣-ឈ្មោះអៃ លីហួរ ហៅម៉េង ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅ ស្រុកត្រាំកក់ ខេត្តតាកែវ និងទី៤-ឈ្មោះនី វណ្ណា ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចក្នុងផ្សារសាមគ្គីក្រគរ មានជនសង្ស័យចំនួន៤នាក់ បានធ្វើសកម្មភាពឆបោកយកគ្រឿងអលង្ការពីប្រជាពលរដ្ឋ ធ្វើជាជ្រុះកាបូប រួចបបួលជនរងគ្រោះ ចែកគ្រឿងអលង្ការក្លែងក្លាយ និងបន្លំយកគ្រឿងអលង្ការពិតរបស់ជនរងគ្រោះ នៅចំណុចភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ។

ប្រភពដដែលបន្តថា ក្រោយទទួលបានព័ត៌មាន កម្លាំងអន្តរាគមន៍ ចេញដេញចាប់ ទើបឃាត់ខ្លួនជនសង្ស័យ បានចំនួន ៤នាក់ ព្រមទាំងដកហូតវត្ថុតាង រួមមាន លោហធាតុពណ៌លឿង ខ្សែក ចំនួន៥ខ្សែ។ លោហធាតុពណ៌លឿង ចិញ្ចៀន ចំនួន១១វង់។ លោហធាតុពណ៌លឿង ក្រវិល ២គូ។ លោហធាតុពណ៌លឿង ខ្សែដៃ ១ខ្សែ។ លោហៈធាតុពណ៌លឿង កងដៃ ៩កង។ ទូរស័ព្ទដៃ ៤គ្រឿង។ កាបូបស្ពាយ ចំនួន២។ កាបូបដៃ ចំនួន១។ កាត ABA ចំនួន២សន្លឹក។ ម៉ូតូ ចំនួន២គ្រឿង។ មួកសុវត្ថិភាព ចំនួន៤។ លុយដុល្លារ ចំនួន១០០ដុល្លារ និងលុយខ្មែរ ចំនួន៥ម៉ឺនរៀល។

ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES